ប្រជាពលរដ្ឋមួយចំនួននៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រិះគន់ក្រុមហ៊ុនធ្វើអាជីវកម្មដឹកដីលក់ ថាបើកបរដឹកធ្ងន់ ធ្វើឲ្យខូចផ្លូវ និងបើកលឿន បង្កការលំបាកដល់ការធ្វើដំណើររបស់អ្នកស្រុក ជាពិសេស ក្មេងៗទៅសាលារៀន ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ ទាក់ទិននឹងបញ្ហានេះ មេឃុំអន្លង់វិល បញ្ជាក់ថា អាជ្ញាធរឃុំ នឹងចាត់វិធានការលើការងារនេះ ប្រសិនបើរថយន្តដឹកដីនោះពិតជាប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
នៅវាលស្រែក្បែរផ្ទះអ្នកស្រុក ចម្ងាយប្រមាណ ៣០០ម៉ែត្រ នៃភូមិស្ពង់ ឃុំអន្លង់វិល មានអេស្កវាទ័រចំនួន ២គ្រឿង ចូកដីក្នុងស្រះតែមួយដាក់រថយន្តយ៉ាងមមាញឹក។ នៅក្នុងស្រះនោះ កន្លែងខ្លះមានជម្រៅ ១០ម៉ែត្រ និងទំហំទទឹងប្រមាណ ១០០ម៉ែត្រ និងបណ្ដោយ ២៥០ម៉ែត្រ។
នៅទីវាលនោះ ប្រមាណជា ១០នាទី មានរថយន្តធំចំណុះប្រហែល ២០តោន ចូលដឹកដីបន្តកន្ទុយគ្នារដឹក យកទៅលក់ឲ្យពលរដ្ឋនៅក្រុងបាត់ដំបង និងនៅឃុំអន្លង់វិល។
ពលរដ្ឋមួយចំនួនរស់នៅភូមិស្ពង់ ក្បែរអាជីវកម្មលក់អាចម៍ដីនោះ លើកឡើងស្រដៀងគ្នាថា រថយន្តដឹកដីនេះ បានបង្កការលំបាកដល់ការរស់នៅរបស់ពួកគាត់ជាខ្លាំង ប៉ុន្តែពុំដឹងធ្វើយ៉ាងណា ដើម្បីបញ្ឈប់ការធ្វើអាជីវកម្មដឹកដីប៉ះពាល់លើប្រជាពលរដ្ឋបាននោះឡើយ។ អ្នកភូមិបញ្ជាក់ថា ទុក្ខលំបាកប្រចាំថ្ងៃរបស់ពួកគាត់ គឺរថយន្តដឹកដីធ្ងន់ ធ្វើឲ្យខូចផ្លូវពិបាកធ្វើដំណើរ ដោយសារផ្លូវតូចចង្អៀត រថយន្តបើកលឿន និងដីហុយ ជាដើម៖ «ឡានដឹកដីធំៗនោះ បើកបរលឿន ហើយអត់មានស៊ីផ្លេទេ។ នៅពេលបើកមកដល់ម្ដងដីហុយ ហើយគេចាក់ទឹកទៅរអិលដួល ពិបាកធ្វើដំណើរណាស់»។
ក្រៅអំពីបញ្ហានេះហើយ នៅមានបញ្ហាប្រឈមមួយទៀតរបស់អ្នកភូមិ គឺដោយសារស្រះខ្លះជីកជម្រៅ ១០ម៉ែត្រ និងមានទំហំធំ ធ្វើស្រូវពុំបានផលល្អដូចពេលមិនទាន់ជីកស្រះ ពីព្រោះបាក់ដីស្រែចូលស្រះ និងដីស្រែគ្មានទឹកគ្រប់គ្រាន់ ដោយសារទឹកហូរចូលទៅក្នុងស្រះអស់។ ជាងនេះទៀត ការធ្វើដំណើររបស់សិស្សសាលា ក៏ជាបញ្ហាសំខាន់ដែរ។ ពួកគេភាគច្រើនលើកឡើងថា នៅពេលធ្វើដំណើរទៅសាលារៀនម្ដងៗ ត្រូវមានការប្រុងប្រយ័តខ្ពស់ បើមិនដូច្នោះទេ នឹងត្រូវរថយន្តកៀរទម្លាក់អូរជាពុំខាន ព្រោះផ្លូវតូចចង្អៀត។ ម្យ៉ាង រថយន្តបើកលឿនដោយមិនគិតដល់អ្នកធ្វើដំណើរឡើយ។ អ្នកភូមិព្រួយបារម្ភពីការធ្វើដំណើរឆ្លងកាត់របស់សិស្សសាលាជារៀងរាល់ថ្ងៃ៖ «បើគាត់ក្រាលក្រួសក្រហមឲ្យ មិនសូវជាបញ្ហាប៉ុន្មានទេ។ តែនេះគាត់ចាក់ដីស្រែធ្វើឲ្យរអិល និងស្អិតជាប់កង់ម៉ូតូរាល់ថ្ងៃ»។
ឆ្លើយតបនឹងបញ្ហានេះ ម្ចាស់អាជីវកម្មរថយន្តដឹកដី លោក វង់ រស្មី មានប្រសាសន៍ថា ដីស្រះនោះលោកទិញពីប្រជាពលរដ្ឋ ដើម្បីជីកយកអាចម៍ដីលក់ឲ្យអតិថិជននៅជិតៗ ដូចជាឃុំអន្លង់វិល និងនៅក្រុងបាត់ដំបង ជាដើម។ លោកបញ្ជាក់ថា តម្លៃដីដឹកលក់រាល់ថ្ងៃ បើដឹកដល់ក្រុងបាត់ដំបង ពី ២០ដុល្លារទៅ ២៥ដុល្លារអាមេរិកក្នុងមួយឡាន។ ចំណែកឯនៅជិតៗ ពី ៧ដុល្លារទៅ ១០ដុល្លារអាមេរិកក្នុងមួយឡាន។ លោកអះអាងថា អាជីវកម្មរបស់លោក ដំណើរការជាង ១ឆ្នាំហើយ គឺលោកតែងតែទទួលខុសត្រូវនូវផលប៉ះពាល់ទាំងអស់របស់ប្រជាពលរដ្ឋ ទាំងការជួសជុលផ្លូវ និងការប៉ះពាល់ដីស្រែ ជាដើម៖ «នៅពេលមានបញ្ហាអី ខ្ញុំបានដោះស្រាយឲ្យពួកគាត់ដែរតើ។ បើខ្ញុំអត់ដោះស្រាយឲ្យពួកគាត់ទេ ខ្ញុំក៏មិនអាចរត់តាមផ្លូវនេះបានដែរ»។
យ៉ាងណាក៏ដោយ រថយន្តដឹកដីនោះពុំមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មត្រឹមត្រូវនោះទេ។ ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មបញ្ជាក់ថា កំពុងដំណើរការសុំច្បាប់ប្រកបអាជីវកម្មរបស់ខ្លួនហើយ។ លោកអះអាងថា ហេតុដែលមិនបានសុំច្បាប់ ដោយសារកន្លងមកធ្វើអាជីវកម្មមិនបានទៀងទាត់។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ដើម្បីអត្ថាធិប្បាយជុំបញ្ហានេះបានទេនៅថ្ងៃទី២៧ មករា។
មេឃុំអន្លង់វិល លោក ទូច ស្វាង មានប្រសាសន៍ថា អាជីវកម្មនេះទទួលជួសជុលផ្លូវ ប្រសិនបើផ្លូវខូច។ ទោះយ៉ាងនេះក្ដី លោកថា ប្រសិនបើក្រុមហ៊ុននេះដឹកលើសចំណុះ និងបើកលឿន ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លោកនឹងបញ្ឈប់អាជីវកម្មនេះតែម្ដង៖ «ខ្ញុំធ្វើអ្វីទាំងអស់ គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋហើយ។ ខ្ញុំបានធ្វើកិច្ចសន្យាឲ្យម្ចាស់អាជីវកម្ម កក់លុយទុកសម្រាប់ធ្វើផ្លូវ ហើយមិនឲ្យបើកលឿននោះទេ»។
ទោះយ៉ាងណា មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី ពន្យល់ថា បើទោះជាអាជីវកម្មនេះមានកិច្ចសន្យាជួសជុលផ្លូវឡើងវិញក៏ដោយ ក៏ពុំមែនជាការសំខាន់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបាននោះឡើយ។ លោកបញ្ជាក់ថា បញ្ហាសំខាន់ គឺត្រូវណែនាំទៅអ្នកបើកបររថយន្តដឹកដី ឲ្យប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរជាការប្រសើរ៖ «អ៊ីចឹង បញ្ហាសំខាន់យើងត្រូវមានវិធានការ គឺអាជ្ញាធរមិនគប្បីចាំតែប្រជាពលរដ្ឋគាត់ប្ដឹង បានចាត់វិធានការនោះទេ»។
កន្លងទៅ ប្រជាពលរដ្ឋនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ធ្លាប់តវ៉ាបិទផ្លូវរឿងរថយន្តដឹកដី ធ្វើឲ្យខូចផ្លូវពិបាកធ្វើដំណើរក្នុងមូលដ្ឋានរបស់គាត់ម្ដងរួចមកហើយ។ ក្រោយពីការតវ៉ា បញ្ហានេះបានស្ងប់ស្ងាត់មួយរយៈ តែក្រោយមក អាជីវកម្មដឹកដីបានដំណើរឡើងវិញជាធម្មតា។ អាជីវកម្មដឹកអាចម៍ដីលក់នៅក្រុងបាត់ដំបង មានចំនួន ៥កន្លែង គឺនៅសង្កាត់វត្តគរ សង្កាត់អូរចារ សង្កាត់ឪម៉ាល់ និងនៅឃុំអន្លង់វិល ស្រុកសង្កែ ចំនួន ២កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
