អ្នកភូមិក្នុងសង្កាត់សាមគ្គីខេត្តស្ទឹងត្រែងត្អូញត្អែរខ្វះកន្លែងធ្វើបុណ្យទាន
2015.10.12
ពលរដ្ឋរស់នៅភូមិគីឡូម៉ែត្រលេខ១៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ភាគច្រើនពុំបានចូលរួមពិធីកាន់វេនភ្ជុំបិណ្ឌ និងពិធីឆ្លងភ្ជុំនោះទេ។ ពួកគាត់ត្អូញត្អែរថា ចម្ងាយផ្លូវពីផ្ទះអ្នកភូមិរស់នៅដល់វត្តសាមគ្គី សង្កាត់សាមគ្គី មានចម្ងាយជាង ២០គីឡូម៉ែត្រ។
តំណាងអ្នកភូមិ លោក មាន់ ចាន់ថៃ យល់ថា ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិ ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ ជាដើម មានសារសំខាន់ណាស់សម្រាប់ព្រះពុទ្ធសាសនា និងក៏ជាជំនឿដែលមានន័យខ្លឹមសារជ្រាលជ្រៅ ដែលដូនតាខ្មែរច្រើនជំនាន់តែងអប់រំកូនចៅឲ្យរៀបចំចង្ហាន់ទៅវត្តអារាមកុំបីខាន។
លោកបារម្ភថា អ្នកភូមិគីឡូម៉ែត្រលេខ១៨ កំពុងខ្វះខាតសាលាឆទាននៅក្នុងមូលដ្ឋាន ដែលជាឧបសគ្គចម្បងធ្វើឲ្យអ្នកភូមិភាគច្រើន ពុំមានលទ្ធភាពធ្វើដំណើរចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌនៅវត្តរស្មីសាមគ្គី។ ម៉្យាង ពលរដ្ឋភាគច្រើនមានជីវភាពខ្វះខាត។ លោកអំពាវនាវឲ្យក្រសួងធម្មការ និងសាសនា កសាងសាលាឆទាននៅតំបន់នោះ ព្រោះចំនួនពលរដ្ឋរស់នៅទីនោះក៏កាន់តែកើនឡើងដែរ៖ «កន្លែងហ្នឹងមិនទាន់មានសាលាឆទានទេ ហើយបងប្អូនពុទ្ធបរិស័ទ គឺពិបាកធ្វើបុណ្យទានណាស់។ អត់សូវបានធ្វើបុណ្យទេ ហើយមិនទាន់មានដីកសាងទៀត ដូច្នេះត្រូវការសុំដីរដ្ឋាភិបាល»។
ភូមិគីឡូម៉ែត្រលេខ១៨ មានចម្ងាយពីទីរួមខេត្តស្ទឹងត្រែង ជាង ៣០គីឡូម៉ែត្រ និងឆ្ងាយពីវត្តសាមគ្គី ជាង ២០គីឡូម៉ែត្រ ហើយពលរដ្ឋរស់នៅទីនោះមានចំនួនជាង ១០០គ្រួសារ។
ចៅសង្កាត់សាមគ្គី អ្នកស្រី វ៉ន ប៊ុនលី ទទួលស្គាល់ថា ភូមិគីឡូម៉ែត្រលេខ១៨ ឬហៅផ្លូវចូលឃុំអូរស្វាយ ពិតជាខ្វះសាលាឆទានពិតមែន ហើយអាជ្ញាធរគ្រោងរៀបចំឯកសារស្នើទៅមន្ទីរជំនាញ ដើម្បីសិក្សាវាយតម្លៃពីតម្រូវការពលរដ្ឋនៅតំបន់នោះ៕