ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ក្នុងចំណោម ៣០០គ្រួសារនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង នាំគ្នាផ្ដិតមេដៃ ដើម្បីដាក់ទៅអភិបាលស្រុកស្នើដកមេឃុំចេញពីតំណែង ដោយចោទប្រកាន់ថា មេឃុំទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃសហគមន៍ប្រកាន់បក្ខពួកនិយម និងគ្មានសមត្ថភាពក្នុងការដោះស្រាយ។ មេឃុំបដិសេធចំពោះការចោទប្រកាន់នេះ។
ប្រជាពលរដ្ឋនៅស្រុករុក្ខគិរី សម្ដែងការមិនពេញចិត្តទៅនឹងការដឹកនាំរបស់មេឃុំស្តុកប្រវឹក ថាជាសកម្មភាពមួយអនុវត្តការងារគិតតែពីផលប្រយោជន៍បក្ខពួករបស់ខ្លួន ដោយមិនខ្វល់ពីទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រនោះទេ។
តំណាងប្រជាពលរដ្ឋម្នាក់ គឺលោក ជ្រុន ពុធ រស់នៅឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី២២ វិច្ឆិកា ថា មេឃុំស្តុកប្រវឹក ទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍ព្រៃត្រឡាច ប្រកាន់បក្ខពួកនិយម។ លោកអះអាងថា កន្លងទៅមេឃុំចាត់វិធានការមានប្រសិទ្ធភាពតែលើប្រជាពលរដ្ឋក្រីក្រ ហើយគ្មានអំណាចទេ ចំណែកឯពលរដ្ឋ និងមន្ត្រីមានអំណាចមួយចំនួន រួមមានមន្ត្រីទាហាន ប៉ូលិស និងក្រុមប្រឹក្សាស្រុករុក្ខគិរី ជាដើម បណ្ដោយឲ្យធ្វើសកម្មភាពរានព្រៃសហគមន៍យកដីធ្វើជាកម្មសិទ្ធិបានដោយសេរី៖ «បាទ! កន្លងមកមេឃុំមិនឲ្យប្រជាពលរដ្ឋកាប់ព្រៃយកដីទេ តែគាត់ទុកដីព្រៃនោះឲ្យប្រជាពលរដ្ឋបក្ខពួកគាត់កាប់យកដីជំនួសវិញ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេឃុំស្តុកប្រវឹក លោក អ៊ូ អៀង ទទួលស្គាល់ថា ដីព្រៃសហគមន៍ព្រៃត្រឡាច ពិតជាមានប្រជាពលរដ្ឋលួចទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិខ្លះមែន ប៉ុន្តែលោកអះអាងថា ការកាប់រុករាននោះ ធ្វើឡើងដោយលួចលាក់ទេ។ លោកថា ពុំបានប្រកាន់បក្ខពួកនិយមក្នុងការដោះស្រាយដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋឡើយ៖ «កន្លងមកខ្ញុំជាមេឃុំមិនដែលទៅរវីរវល់រឿងដីព្រៃសហគមន៍នោះទេ។ យើងមានតែពន្យល់ឲ្យប្រជាពលរដ្ឋនាំគ្នាជួយការពារព្រៃសហគមន៍នោះជាបន្តបន្ទាប់រហូតមក»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ប្រជាពលរដ្ឋផ្ដិតមេដៃស្នើដកមេឃុំចេញពីតំណែងនេះ គឺជាទុក្ខលំបាករបស់ពួកគាត់ ដែលប្រជាពលរដ្ឋយល់ឃើញថា មេឃុំបំពេញភារកិច្ចជូនប្រជាពលរដ្ឋមានភាពលម្អៀង។ លោកថា អភិបាលស្រុករុក្ខគិរី និងអាជ្ញាធរខេត្តបាត់ដំបង គួរបើកការស៊ើបអង្កេត ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស៖ «បញ្ហានេះ ប្រសិនបើអាជ្ញាធរស៊ើបអង្កេតហើយរកឃើញថា មេឃុំពិតជាបានប្រព្រឹត្តខុសដូចការលើកឡើងរបស់ប្រជាពលរដ្ឋមែន អាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់»។
សហគមន៍ព្រៃត្រឡាច ស្រុករុក្ខគិរី មានផ្ទៃដី ១.៣៣២ហិកតារ។ ប្រជាពលរដ្ឋអះអាងថា ផ្ទៃដីប្រមាណ ៥០០ហិកតារ ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីមានអំណាចមួយចំនួននៅស្រុករុក្ខគិរី ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់។ កន្លងមក ប្រជាពលរដ្ឋបានតវ៉ាឲ្យអាជ្ញាធរខេត្តបាត់ដំបង បញ្ឈប់ការរុករានព្រៃសហគមន៍នោះយកដីធ្វើជាកម្មសិទ្ធិទៀត និងស្នើឲ្យអាជ្ញាធរខេត្ត បែងចែកដីមួយចំនួនទៅឲ្យប្រជាពលរដ្ឋក្រីក្រយកដាំដុះដោះស្រាយជីវភាពគ្រួសារ ប៉ុន្តែការស្នើនេះពុំទាន់ទទួលបានលទ្ធផលនៅឡើយ។ ទោះយ៉ាងណា ប្រជាពលរដ្ឋនៅតែបន្តទាមទារទៀត ហើយធ្លាប់ស្នើឲ្យដកនាយសង្កាត់រដ្ឋបាលព្រៃឈើឃុំព្រៃស្វាយ ចេញពីតំណែងម្ដងមកហើយ។ នៅចុងក្រោយនេះ ប្រជាពលរដ្ឋប្រមូលស្នាមមេដៃបានប្រមាណ ៣០០នាក់ ត្រៀមដាក់ទៅអាជ្ញាធរស្រុកស្នើដកមេឃុំស្តុកប្រវឹក ចេញពីតំណែងក្នុងពេលឆាប់ៗខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
