តំណាងពលរដ្ឋចំនួន ៤នាក់ នៅឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាន់លិខិតភ្ជាប់ស្នាមមេដៃជាង ១០០ស្នាមមេដៃ ដើម្បីដាក់ជូនអាជ្ញាធរខេត្ត និងអង្គការក្រៅរដ្ឋាភិបាល សុំអន្តរាគមន៍ដកប្រធានសហគមន៍នេសាទម្នាក់ឈ្មោះ ផាន់ ផល្លា និងសុំឲ្យវែកមុខរកជនល្មើសដាក់សម្រាស់ក្នុងដែនអភិរក្សនៅក្នុងមូលដ្ឋានរបស់ពួកគេ កាលពីថ្ងៃទី១១ ខែវិច្ឆិកា។
តំណាងពលរដ្ឋអះអាងថា ប្រធានសហគមន៍នេសាទឃុំកំពង់ព្រះគគីរ លោក ផាន់ ផល្លា បានប្រព្រឹត្តអំពើពុករលួយ និងដើរជំរិតទារប្រាក់ពីពលរដ្ឋភូមិព្រែកស្ពាន និងភូមិកោះតាម៉ូវ ដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារ។
តំណាងពលរដ្ឋបញ្ជាក់បន្ថែមទៀតនៅថ្ងៃទី១២ ខែវិច្ឆិកា ថា តួនាទីជាប្រធានសហគមន៍នេសាទឃុំកំពង់ព្រះគគីរ របស់ លោក ផាន់ ផល្លា គឺលោកមេឃុំកំពង់ព្រះគគីរ លោក គង់ គឹមហាក់ ជាអ្នកលើកបន្តុបឲ្យធ្វើ តែពលរដ្ឋមួយចំនួនមិនពេញចិត្តឡើយ។
នៅក្នុងរដូវទឹកសម្រកឆ្នាំ២០១៤ នេះ ប្រធានសហគមន៍បានតម្រូវឲ្យពលរដ្ឋបង់ប្រាក់ទៅឲ្យខ្លួនពី ២លាន ទៅ ២លាន ៥សែនរៀលក្នុង១របាំង។ ចំណែកពលរដ្ឋដែលដាក់សម្រាស់វិញ គឺក្នុងមួយសម្រាស់តម្លៃ ៥០ម៉ឺនរៀល ហើយពួកគេយល់ថា អំពើពុករលួយនេះអាចជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជលផលខ្លះទៀត។
តំណាងពលរដ្ឋម្នាក់ លោក ឈឿន សុភាស់ មានប្រសាសន៍ថា កាលពីឆ្នាំទៅ លោក ផាន់ ផល្លា បានទារប្រាក់ពីលោកចំនួន ៣០ម៉ឺនរៀល ជាថ្នូរនឹងការដាក់សម្រាស់មួយកន្លែង ប៉ុន្តែឆ្នាំនេះបានដំឡើងរហូតដល់ ៥០ម៉ឺនរៀលក្នុង១សម្រាស់។ លោកបន្តថា គ្រប់របាំងសាច់អួន និងសម្រាស់ទាំងអស់ ត្រូវដំឡើងថ្លៃនៅឆ្នាំនេះ ដែលធ្វើឲ្យទាំងពលរដ្ឋប្រកបមុខរបរជាលក្ខណៈគ្រួសារផង បានខឹងសម្បា និងស្នើសុំឲ្យដកប្រធានសហគមន៍នេះចេញជាបន្ទាន់៖ «សំណូមពរឲ្យលោកអភិបាលខេត្តជួយអន្តរាគមន៍រំសាយប្រធានសហគមន៍ហ្នឹង ហើយជ្រើសរើសសហគមន៍ថ្មីដោយបោះឆ្នោត ដោយមតិប្រជាជនផ្ទាល់ ព្រោះកន្លងមកប្រធានសហគមន៍ឈ្មោះ ផាន់ ផល្លា គឺមេឃុំជាអ្នកលើកដាក់ឲ្យធ្វើ អត់មានស្នាមមេដៃប្រជាជនបោះឆ្នោតអី ឬលើកឲ្យធ្វើទេ ប្រជាជន គឺអត់ដឹង។ អ៊ីចឹងអាចមានអីពាក់ព័ន្ធជាមួយលោកមេឃុំហ្នឹងទេ? ប្រហែលជាអាចមាន ព្រោះថាជាបក្ខពួករបស់គាត់ ព្រោះកន្លងមកមេឃុំក៏ដឹងដែរ សំណូមពរជាច្រើនថាឲ្យជួយរំសាយ គឺគាត់អត់មានអើពើទេ»។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងប្រធានសហគមន៍នេសាទឃុំកំពង់ព្រះគគីរ លោក ផាន់ ផល្លា និងមេឃុំ លោក គង់ គឹមហាក់ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋរហូតមកដល់ព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ប៉ុន្តែមិនអាចទាក់ទងបាន ដោយទូរស័ព្ទចូល ហើយពុំមានអ្នកទទួល។
ចំណែកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីជ្រៅទៅលើរឿងនេះឡើយ ដោយលោកប្រាប់ថា ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ កំពុងធ្វើការស៊ើបអង្កេត។ លោកបង្ហើបយ៉ាងខ្លីថា កន្លងទៅមិនដែលលេចចេញនូវរឿងរ៉ាវពុករលួយនេះទេ តែពេលនេះ ហាក់បីដូចជាកំពុងជះទឹកដាក់គ្នាទៅវិញទៅមក៖ «សុំសូមអធ្យាស្រ័យ ហើយករណីនេះកំពុងធ្វើការ ហើយខ្ញុំអត់បកស្រាយទេករណីនេះ បងអាចសួរទៅអាជ្ញាធរដែនដីទៅ ព្រោះខ្ញុំកំពុងធ្វើការ ព្រោះថា វាមានបញ្ហាដកដាវទៅវាកើតជារឿងជារ៉ាវអ៊ីចឹង ហើយខាងខ្ញុំនេះនឹងចុះទៅធ្វើការនៅថ្ងៃសុក្រ នេះនៅតំបន់ហ្នឹង»។
កាលពីពេលថ្មីៗ សកម្មភាពផ្ដិតមេដៃស្រដៀងគ្នានេះ ដោយមានពលរដ្ឋមួយក្រុមទៀតរស់នៅក្នុងភូមិឃុំដូចគ្នា ផ្ដិតមេដៃសុំផ្លាស់ប្ដូរទីតាំងការងាររបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ព្រះគគីរ ម្នាក់ឈ្មោះ ប៉ាង ពុំសែន ដោយចោទលោកថាបានគាបសង្កត់ និងជំរិតទារប្រាក់ពីប្រជាពលរដ្ឋដែលមានមុខរបរនេសាទ។ កាលណោះមានការចេញមុខ និងគាំទ្រដោយមេឃុំកំពង់ព្រះគគីរ លោក គង់ គឹមហាក់ និងប្រធានសហគមន៍នេសាទ លោក ផាន់ ផល្លា ហើយក្រោយមក លោក ប៉ាង ពុំសែន ត្រូវបានផ្លាស់ប្ដូរតាមការស្នើសុំនោះ។ យ៉ាងណា ពលរដ្ឋខ្លះថ្លែងរិះគន់ថា រឿងរ៉ាវផ្ដិតមេដៃជំទាស់នេះ គឺអាចបណ្ដាលមកពីសមត្ថកិច្ចអាជ្ញាធរឃុំ និងប្រធានសហគមន៍នេសាទ សុទ្ធតែជាអ្នកបានទទួល និងស្វែងរកលាភសក្ការៈពីបទល្មើសនេសាទក្នុងមូលដ្ឋានដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
