ពលរដ្ឋ​នៅ​កំពង់ធំ​ចោទ​មន្ត្រី​ជលផល​ថា​បំពេញ​បង្ក្រាប​បទល្មើស​មាន​ការ​រើសអើង

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ រិះគន់​មន្ត្រី​ជលផល ថា​ចុះ​បំពេញ​ការងារ​បង្ក្រាប​បទល្មើស​នេសាទ​មិន​បាន​ត្រឹមត្រូវ មាន​ការ​រើសអើង ដូច​ជា​ករណី​បង្ក្រាប​បាន​តែ​ប្រជាពលរដ្ឋ​ដែល​មិន​មាន​លុយ​កាក់​បង់​ឱ្យ ប៉ុន្តែ​ចំពោះ​អ្នក​មាន​លុយ​វិញ អាជ្ញាធរ​មិន​បាន​បង្ក្រាប​នោះ​ទេ។ ចំណែក​មន្ត្រី​ជលផល​វិញ​បដិសេធ​ថា ពួក​គាត់​អនុវត្ត​ច្បាប់​គ្មាន​ការ​រើសអើង​ឡើយ ហើយ​ក៏​មិន​បាន​ពាក់ព័ន្ធ​រឿង​លុយ​កាក់​នោះ​ដែរ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​សំបូរ ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ ថ្លែង​ថា នៅ​ក្នុង​ឃុំ​របស់​ពួក​គាត់​រស់នៅ បទល្មើស​នេសាទ​ស្បៃ​មុង​ក្រឡា​ញឹក​កើត​មាន​នៅ​តាម​បឹង ស្ទឹង ឬ​មាត់​ទឹក​ដែល​ហូរ​ចេញ​ពី​ស្ទឹងសែន រាល់​ថ្ងៃ។ ចំណែក​មន្ត្រី​ជំនាញ បាន​ចេញ​បង្ក្រាប ប៉ុន្តែ​ការ​បង្ក្រាប​នោះ គឺ​គ្រាន់​តែ​ធ្វើ​ឱ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ។

ពលរដ្ឋ​ម្នាក់​ថ្លែង​ឲ្យ​ដឹង​ក្នុង​លក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ថា ពេល​ខ្លះ​មន្ត្រី​ជលផល​ទាំង​នោះ​ប្រមូល​ស្បៃ​មុង​យក​ទៅ​ទុក ហើយ​នៅ​ពេល​ម្ចាស់​ស្បៃ​ខុស​ច្បាប់​ទាំង​នោះ​យក​លុយ​ទៅ​លស់ គឺ​អាច​យក​វិញ​ដដែល។ ចំណែក​ឯ​ស្បៃ​មុង​ដែល​ដុត​ចោល គឺ​ជា​ស្បៃ​មុង​ចាស់ៗ ឬ​ជា​របស់​អ្នក​ដែល​គ្មាន​លុយ​ទៅ​លស់​យក​មក​វិញ​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​លប​ដាក់​ត្រី​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ដាក់​យក​ត្រី​គ្រាន់​ចិញ្ចឹម​ឆ្នាំង​នោះ មន្ត្រី​ជំនាញ​បង្ក្រាប​គ្មាន​សល់​ទេ៖ «អា​ហ្នឹង​ប្រជាពលរដ្ឋ​គាត់​មាន​ការ​ព្រួយ​បារម្ភ គ្រាន់​តែ​ថា រដ្ឋាភិបាល​ប្រាប់​មក​ថា​ឱ្យ​មាន​ការ​ហាម​ឃាត់​បទល្មើស​ដូចជា​ស្បៃ​មុង​ហ្នឹង​ឯង ទៅ​ជា​បិទ​បាន​ធ្វើ​បាប​បាន​តែ​គ្នា​ទន់​ខ្សោយ​ហ្នឹង​ឯង​ហើយ អ្នក​ដែល​ចេះ​រស់​ចេះ​រក​អ៊ីចឹង ចង់​និយាយ​ថា អ្នក​ចេះ​ឱ្យ​លុយ​សមត្ថកិច្ច​អ៊ីចឹង​ទៅ បង់​ឱ្យ​គេៗ​នៅ​តែ​រក​បាន»

ប្រភព​ដដែល​ចង់​ឱ្យ​មន្ត្រី​ជំនាញ បំពេញ​ការងារ​ឱ្យ​ត្រឹមត្រូវ ជៀសវាង​ធ្វើ​បាប​តែ​អ្នក​ក្រីក្រ អ្នក​ទន់​ខ្សោយ រីឯ​អ្នក​មាន​ប្រាក់​វិញ នៅ​តែ​ប្រព្រឹត្ត​បទល្មើស​នេសាទ​បាន​ដោយ​គ្មាន​ញញើត​នឹង​ច្បាប់​នោះ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​ព្រៃគុក លោក លី វណ្ណអ៊ាន់ បាន​បដិសេធ ដោយ​លោក​អះអាង​ថា មន្ត្រី​ជលផល​មិន​បាន​យក​ប្រាក់ និង​មិន​បាន​រើសអើង​ក្នុង​ការ​អនុវត្ត​ច្បាប់​នោះ​ឡើយ៖ «បាទ! អត់​ពិត​ទេ​បាទ ព្រោះ​អី​ប្រជាជន​សព្វថ្ងៃ​វា​ពិបាក​ដែរ បើ​ខ្ញុំ​បង្ក្រាប គឺ​បង្ក្រាប​ហើយ អត់​មាន​ថា​អេហ! ប្លុក​ពីរ ប្លុក​អី​តូចតាច​អី ទៅ​យក​លុយ​ពី​គាត់​អី អត់​មាន​ទេ។ ប៉ុន្តែ​មាន​ប្រជាជន​មួយ​ចំនួន​តូច គាត់​ចេះ​តែ​ស្រែក ចេះ​និយាយ​ដោយ​មិន​មាន​ការ​ពិត​ណា៎!»

លោក​បន្ត​ថា បទល្មើស​នៅ​ក្នុង​សង្កាត់​លោក​គ្រប់គ្រង គឺ​មិន​មែន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ គឺ​មាន​ការ​ដាក់​ស្បៃ​មុង​ជា​លក្ខណៈ​តូចតាច​តែ​ប៉ុណ្ណោះ ពីព្រោះ​មិន​មាន​ទន្លេ ឬ​បឹង​អ្វី​ធំ​ដុំ​ឡើយ។ លោក​បញ្ជាក់​ថា បទល្មើស​អាច​មាន​កើត​ឡើង​ខ្លះ ហើយ​អាជ្ញាធរ​ក៏​បាន​បង្ក្រាប និង​កោះ​ហៅ​ម្ចាស់​ឡូ​ស្បៃ​មុង​ទាំង​នោះ​មក​ធ្វើ​កិច្ច​សន្យា​រួច​ហើយ​ដែរ។

ស្រដៀង​គ្នា​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម វិញ ក៏​មាន​បញ្ហា​ទាក់ទង​នឹង​បទល្មើស​នេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​ស្បៃ​មុង​ដែរ។ ប្រជាពលរដ្ឋ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ ឱ្យ​ដឹង​ថា នៅ​ឃុំ​របស់​លោក ភាគ​ច្រើន​នៃ​អ្នក​ប្រព្រឹត្តិ​ទាំង​នោះ គឺ​មក​ពី​ខេត្ត​កណ្ដាល ដើម្បី​ដាក់​បាន​កូន​ត្រី​តូចៗ​យក​ទៅ​លក់​បន្ត​ឱ្យ​អ្នក​ចិញ្ចឹម​ត្រីឆ្តោរ។ លោក​បន្ត​ថា ជា​រៀង​រាល់​ថ្ងៃ អ្នក​ដាក់​ស្បៃ​មុង​ទាំង​នោះ​អាច​ប្រមូល​បាន​កូន​ត្រី​ពី ៥០០​គីឡូ ទៅ ១​តោន ទៅ​តាម​ថ្ងៃ​បាន​ច្រើន ឬ​តិច ហើយ​សមត្ថកិច្ច​វិញ គឺ​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ​ទេ៖ «ដល់​ពេល​សមត្ថកិច្ច​មាន​តួនាទី បែរ​ជា​អត់​ធ្វើ ខ្ញុំ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​នឹក​ឃើញ​ថា​តូចចិត្ត ម្យ៉ាង​ថា​សមត្ថកិច្ច​មក​ប្រៀប​ដូចជា​បង្កើត​សមត្ថកិច្ច​មក​ឱ្យ​មក​រក​ស៊ី​វិញ មិន​មែន​ជា​ការ​បង្កើត​សមត្ថកិច្ច ដើម្បី​ទប់ស្កាត់​បទល្មើស​អី​ផង»

លោក​ព្រួយ​បារម្ភ​ថា ធនធាន​មច្ឆជាតិ​កាន់​តែ​ខ្សត់​ទៅៗ​មិន​ខាន​ឡើយ ប្រសិន​បើ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​នៅ​តែ​មិន​មាន​ប្រសិទ្ធភាព​ទៀត​នោះ។

អភិបាល​ស្រុក​បាធាយ លោក ឡោ ចាន់លី មាន​ប្រសាសន៍​ថា អត្រា​អ្នក​ប្រើប្រាស់​ស្បៃ​មុង​នេសាទ​ខុស​ច្បាប់​នៅ​ឆ្នាំ​នេះ តិច​ជាង​ឆ្នាំ​កន្លង​ទៅ ពីព្រោះ​អ្នក​ចិញ្ចឹម​ត្រីឆ្តោរ គឺ​មិន​សូវ​មាន​ទៀត​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​តែង​ចុះ​បង្ក្រាប​ជា​ញឹកញាប់ ហើយ​ថែម​ទាំង​បញ្ជូន​ជនល្មើស​ទាំង​នោះ​ទៅ​តុលាការ​ទៀត​ផង ដើម្បី​ឱ្យ​ពួក​គាត់​រាងចាល។ ក្រៅ​ពី​បង្ក្រាប អាជ្ញាធរ​ក៏​បាន​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ពី​ការ​នេសាទ​ស្រប​ច្បាប់​ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​បទល្មើស​នេសាទ​នៅ​មាន​កើត​ឡើង​នោះ គឺ​ដោយសារ​ដែន​នេសាទ​មាន​ទំហំ​ធំ រីឯ​ឧបករណ៍​ស្បៃ​មុង គឺ​ងាយ​ស្រួល​បង្កើត​ឡើង​វិញ។ លោក​យល់​ថា ជា​ការ​ប្រសើរ ប្រជាពលរដ្ឋ​ទាំងអស់​គប្បី​ចូលរួម​ថែរក្សា​ទិន្នផល​ត្រី​ទាំងអស់​គ្នា ដោយ​នេសាទ​ត្រូវ​ប្រើ​ឧបករណ៍​ណា​ដែល​ច្បាប់​អនុញ្ញាត ហើយ​ការ​នេសាទ​ខុស​ច្បាប់ គឺ​ប្រៀប​ដូច​ជា​កំពុង​បំផ្លាញ​ខ្លួន​ឯង​អ៊ីចឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។