ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងព្រួយបារម្ភខ្លាចខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ដោយសារក្រុមហ៊ុនផលិតទឹកស្អាតអានកូ (Anco) របស់លោកឧកញ៉ា កុក អាន ជូនដំណឹងផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយ។ ប៉ុន្តែចៅសង្កាត់ប៉ោយប៉ែត បញ្ជាក់ថា ខាងសមត្ថកិច្ចក្រុងកំពុងរិះរកវិធានការសម្រួលដល់ប្រជាពលរដ្ឋមិនឲ្យខ្វះទឹកប្រើប្រាស់ឡើយ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត អះអាងថា អ្នកភូមិមួយចំនួនខ្វះខាតទឹកស្អាតប្រើប្រាស់បណ្ដើរៗជិតមួយសប្ដាហ៍មកហើយ ពុំទាន់មានវិធានការណាមួយពីសំណាក់អាជ្ញាធរក្រុងប៉ោយប៉ែត ជួយដល់ប្រជាពលរដ្ឋនៅឡើយទេ។
ក្រុមប្រជាពលរដ្ឋនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្លែងនៅថ្ងៃទី១០ មិថុនា ថា ប្រមាណមួយសប្ដាហ៍មកនេះ ក្រុមហ៊ុនអានកូ ផលិតទឹកស្អាតនៅក្រុងប៉ោយប៉ែត ផ្គត់ផ្គង់ទឹករអាក់រអួល ហើយទឹកគ្មានគុណភាពនោះទេ។ អ្នកភូមិបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ជាច្រើនគ្រួសារ ប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ ហើយថ្មីៗនេះខាងក្រុមហ៊ុនបានជូនដំណឹងថា នឹងផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយ។ ពួកគាត់បន្តទៀតថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយទេ នោះចាប់ពីសប្ដាហ៍ក្រោយទៅ ប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែត និងខ្វះខាតទឹកប្រើប្រាស់ជាពុំខាន៖ «ប្រជាពលរដ្ឋភាគច្រើនយើងនៅមិនទាន់ដឹងថា គេផ្ដាច់ទឹកចំនួនប៉ុន្មានថ្ងៃនោះទេ។ ប៉ុន្តែប្រជាពលរដ្ឋស្ទើរគ្រប់គ្នាទៅហើយដែលរស់នៅក្រុងប៉ោយប៉ែត គឺម្នាក់ៗខ្វល់ខ្វាយខ្លាចមិនមានទឹកប្រើប្រាស់នៅពេលខាងមុខ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត គឺលោក ង៉ោ ម៉េងជ្រួន ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១០ មិថុនា។
ប៉ុន្តែចៅសង្កាត់ប៉ោយប៉ែត លោក នុត លី មានប្រសាសន៍ថា ខាងក្រុមហ៊ុនផលិតទឹកស្អាតផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីទេ ដើម្បីធ្វើការសាងសង់អាងផលិតទឹកបន្ថែមឲ្យគ្រប់ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា អំឡុងពេលក្រុមហ៊ុនផ្អាកផ្គត់ផ្គង់ទឹកនេះ ខាងសមត្ថកិច្ចកំពុងរិះរកវិធានការជួយដល់ប្រជាពលរដ្ឋមិនឲ្យខ្វះខាតទឹកប្រើប្រាស់នោះទេ៖ «ក្នុងរឿងនេះ ខាងសមត្ថកិច្ចកំពុងរកឡានទឹកពីឯកជន ដើម្បីទប់ទល់ស្ថានការណ៍ចំពោះមុខជួយដល់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកអភិបាលក្រុងបានទៅជួបពិភាក្សាជាមួយលោកឧកញ៉ា កុក អាន រួចហើយ ទទួលដំណឹងថាខាងក្រុមហ៊ុនប្រហែលជាមិនផ្អាកការផ្គត់ផ្គង់នោះទេ»។
អាជ្ញាធរឲ្យដឹងថា សព្វថ្ងៃប្រជាពលរដ្ឋរស់នៅសង្កាត់ប៉ោយប៉ែត ប្រមាណជាង ៤ម៉ឺននាក់ ពួកគាត់ទាំងនោះភាគច្រើនប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ។ ប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធ ជួយរកប្រភពទឹកផ្គត់ផ្គង់ដល់ពួកគាត់នៅពេលក្រុមហ៊ុនផ្អាកការផលិតទឹកស្អាត ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ថ្មីៗនេះ ក្រុមហ៊ុនផលិតទឹកស្អាតអានកូ នៅក្រុងប៉ោយប៉ែត បានចេញសេចក្ដីជូនដំណឹងមួយផ្អាកផលិតទឹកស្អាតបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយ។ នៅក្នុងលិខិតនោះ សរសេរទៀតថា មូលហេតុដែលផ្អាកការផ្គត់ផ្គង់ទឹកនោះ ដោយសារនៅក្រុងប៉ោយប៉ែត ជួបគ្រោះរាំងស្ងួតប្រមាណពីរខែមកហើយ ធ្វើឲ្យខ្វះខាតទឹកមិនអាចផលិតផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
