ប្រជាពលរដ្ឋជិត ៥០គ្រួសារ រស់នៅសហគមន៍អូរកម្ពុជា ស្ថិតក្នុងមូលដ្ឋានឃុំរាម ខេត្តព្រះសីហនុ ត្អូញត្អែរថា គ្មានផ្លូវធ្វើដំណើរ បន្ទាប់ពីអាជ្ញាធរបានជម្លៀសពួកគាត់ពីទីតាំងចាស់ ទៅកាន់តំបន់ផ្សេង ដែលផ្លូវធ្វើដំណើរត្រូវឆ្លងកាត់អូរ និងចង្កេះភ្នំមានទឹកហូរ និងថ្មភ្នំ។
កង្វល់នេះ ប្រជាសហគមន៍អូរកម្ពុជា បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ជួយអន្តរាគមន៍ឲ្យពួកគាត់អាចធ្វើដំណើរតាមផ្លូវ ដែលក្រុមហ៊ុនវិនិយោគចិន ឈ្មោះ យិះចៀ (Yee Jia) បានស្ថាបនានៅក្នុងតំបន់នោះឡើងវិញ។
ប្រជាសហគមន៍អូរកម្ពុជា នាឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា ចម្ងាយផ្លូវធ្វើដំណើរចេញពីលំនៅឋានរបស់ពួកគាត់តាមផ្លូវចាស់ មានចម្ងាយជិត ២០គីឡូម៉ែត្រ។ ប៉ុន្តែ បើធ្វើដំណើរតាមផ្លូវកៅស៊ូដែលក្រុមហ៊ុនយិះចៀ របស់ចិន ដែលបានស្ថាបនា និងវិនិយោគនៅក្នុងតំបន់នេះទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ គឺមានចម្ងាយផ្លូវប្រមាណជិត ៩គីឡូម៉ែត្រប៉ុណ្ណោះ។
ផ្ដើមពីបញ្ហានេះ ពលរដ្ឋសហគមន៍អូរកម្ពុជា ស្នើដល់អាជ្ញាធរមូលដ្ឋាន និងលោកអភិបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍ចំពោះកង្វល់ពួកគាត់ឲ្យបានឆាប់ ព្រោះកន្លងមក ពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ ហើយទើបតែនៅខែមីនា ឆ្នាំ២០១៤ ទេ ដែលក្រុមហ៊ុនបានចាក់សោរបង និងបិទផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់៖ «ខ្ញុំឈ្មោះ ជុំ សាធ អាយុ ៨០ឆ្នាំហើយ ហើយរស់នៅកន្លែងអូរកម្ពុជានេះ ខ្វះខាតអារឿងផ្លូវដើរ គឺពិបាកចុះពិបាកឡើងណាស់។ សព្វថ្ងៃចេះតែដេកព្រួយនៅក្នុងអារម្មណ៍ ខ្លាចបើមានជួបគ្រោះថ្នាក់អី គឺអត់មានផ្លូវចេញ មិនដឹងជាចេញទៅពេលតាមផ្លូវកន្លែងណា? ផ្លូវនៅក្រុមហ៊ុនចិន នេះ គឺអត់ឲ្យចេញទៅទេ ហើយបើយប់ព្រលប់អីមានការអាសន្នអីទៅ ទម្រាំដើរវាងទៅផ្លូវផ្សេងមានចម្ងាយឆ្ងាយ»។
តំណាងសហគមន៍អូរកម្ពុជា លោក ណាំ ថេន ក៏បានឲ្យដឹងដែរថា សំណើសុំឆ្លងកាត់ផ្លូវកៅស៊ូស្ថាបនាដោយក្រុមហ៊ុនយិះចៀ គឺខាងសហគមន៍បានស្នើកិច្ចអន្តរាគមន៍ទៅអភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានរួចហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបទេ។ លោកសំណូមពរលោកអភិបាលខេត្តព្រះសីហនុ ឲ្យជួយពន្លឿន ឬសម្របសម្រួលជាមួយក្រុមហ៊ុន ឲ្យបើកផ្លូវជូនពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ឲ្យបានឆាប់ឡើងវិញ៖ «ក្រុមហ៊ុនចិន នោះគេបានធ្វើរបងបិទចាក់សោ ហើយមានសន្តិសុខយាម ក៏ប៉ុន្តែកាលពីម្សិលមិញនេះ គេបានយកខាងកម្លាំងទាហានមូលដ្ឋានរាម ដាក់ចូលវិញហើយៗ ហើយមិនអាចចេញទៅតាមក្រុមហ៊ុនចិន ហ្នឹងបានទៀតទេ។ ហើយនៅតាមផ្លូវខាងឆ្នេររាម នេះ ក៏យើងពិបាកធ្វើដំណើរដែរ»។
លោក លិន សារិន មេឃុំរាម ស្រុកព្រៃនប់ ឲ្យដឹងថា រូបលោកបានទទួលសំណូមពររបស់ប្រជាសហគមន៍អូរកម្ពុជា ដែលស្នើសុំឆ្លងកាត់តាមផ្លូវកៅស៊ូរបស់ក្រុមហ៊ុនយិះចៀ រួចហើយ ហើយបានបញ្ជូនសំណើនេះជូនអភិបាលខេត្តព្រះសីហនុ ពិនិត្យ និងមានកិច្ចអន្តរាគមន៍។
ចំណែក លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រូបលោកក៏កំពុងរង់ចាំចម្លើយពីភាគីក្រុមហ៊ុនយិះចៀ ចំពោះសំណើបើកផ្លូវឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុននេះដែរ។ លោកថា ករណីនេះលោកបានជួបជាមួយខាងភាគីក្រុមហ៊ុនរួចម្តងហើយ ហើយកំពុងរង់ចាំចម្លើយពីខាងភាគីក្រុមហ៊ុនជុំវិញសំណូមពរនេះ។ លោកបន្តថា ទោះបីផ្លូវនេះត្រូវស្ថាបនាដោយក្រុមហ៊ុនក្តី ក៏ប៉ុន្តែត្រូវដាក់ឲ្យពលរដ្ឋប្រើប្រាស់ជាទូទៅ។ លោកថា នឹងពិនិត្យបញ្ហានេះជាបន្តទៀត៖ «វិធីដោះស្រាយរបស់ខ្ញុំ ខ្ញុំបានជួបជាមួយខាងភាគីក្រុមហ៊ុនម្តងរួចមកហើយ ហើយបានជម្រាបទៅក្រុមហ៊ុនថា បើអ្នកឯងខ្លាចមានបញ្ហា ខ្ញុំសុំឲ្យអ្នកឯងធ្វើប័ណ្ណជូនប្រជាពលរដ្ឋ ៤០គ្រួសារហ្នឹងទៅ។ បើកាលណាគាត់ចូលតាមផ្លូវអ្នកឯងចឹង គាត់មានប័ណ្ណមួយ ចឹងអ្នកឯងគ្រប់គ្រងបានហើយ គឺមិនមានប៉ះពាល់អីទេ។ ប៉ះពាល់ទៅយកឥវ៉ាន់អីគាត់ ឬបាត់បង់ឥវ៉ាន់អីជាដើម ព្រោះអីផ្លូវដើរកាត់ហ្នឹងវាឆ្ងាយ»។
យ៉ាងណាក៏ដោយ លោកស្រី ចៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) ប្រចាំខេត្តព្រះសីហនុ ដែលបានចុះអង្កេត និងឃ្លាំមើលកង្វល់ពលរដ្ឋសហគមន៍អូរកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឲ្យដឹងថា ស្ថានភាពផ្លូវធ្វើដំណើរចេញពីសហគមន៍មួយនេះ ពិតជាមានការលំបាក និងមានចម្ងាយផ្លូវឆ្ងាយពិតមែន។ លោកស្រីបន្តថា ក្នុងនាមអង្គការសង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខេត្តព្រះសីហនុ ត្រូវជួយសម្របសម្រួលជាមួយក្រុមហ៊ុនយិះចៀ ដើម្បីឲ្យពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវក្រុមហ៊ុនយិះចៀ នេះដូចពេលមុនវិញ៖ «ផ្លូវសាធារណៈ ព្រោះក្រុមហ៊ុនយិះចៀ ធ្វើនេះ ក៏មិនមែនដីក្រុមហ៊ុនផ្ទាល់របស់យិះចៀ ដែរ។ យិះចៀ បានទទួលដីសម្បទានពីឧទ្យានជាតិ ហើយរដ្ឋាភិបាលបានប្រគល់ឲ្យគាត់។ ចឹងបើក្រុមហ៊ុនអាចមកទទួលនូវផលប្រយោជន៍ដែលគាត់ធ្លាប់រស់នៅតាំងពីមុនក្រុមហ៊ុនបានមកដល់ទៀតនេះ ចឹងគេថាការអភិវឌ្ឍ ដើម្បីទាំងអស់គ្នា។ ចឹងប្រជាពលរដ្ឋគ្រាន់តែធ្វើដំណើរឆ្លងកាត់ផ្លូវរបស់គាត់សោះ មិនបានធ្វើឲ្យខាតបង់ផលប្រយោជន៍របស់គាត់អីទេ? ហេតុអីបានជាគាត់មិនអនុញ្ញាតឲ្យពួកគាត់ធ្វើដំណើរឆ្លងកាត់»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីភាគីក្រុមហ៊ុនយិះចៀ របស់ចិន បានទេ ជុំវិញសំណូមពរបើកផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋសហគមន៍អូរកម្ពុជា។ ប៉ុន្តែកម្លាំងទាហានដែលស្លៀកពាក់ប៉ារ៉ាប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីការពារឲ្យក្រុមហ៊ុនយិះចៀ ឲ្យដឹងថា រូបគាត់បានទទួលបញ្ជាពីមេ និងក្រុមហ៊ុន មិនឲ្យមនុស្សមិនស្គាល់អត្តសញ្ញាណធ្វើដំណើរឆ្លងកាត់តាមផ្លូវក្រុមហ៊ុនបានទេ។ ប៉ុន្តែសម្រាប់ពលរដ្ឋដែលមានលំនៅឋាននៅក្នុងបរិវេណក្រុមហ៊ុនយិះចៀ គឺអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ជាធម្មតា។
ទោះជាបែបនេះក្តី កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា កម្លាំងប្រដាប់អាវុធដែលកាងការពារឲ្យក្រុមហ៊ុនយិះចៀ គឺមិនអនុញ្ញាតឲ្យមន្ត្រីសមាគមអាដហុក (adhoc) មន្ត្រីអង្គការលីកាដូ (Licadho) និងសមាជិកក្រុមប្រឹក្សាឃុំរាម ជាដើម អាចធ្វើដំណើរចូលទៅជួបពលរដ្ឋមានលំនៅឋានក្នុងបរិវេណក្រុមហ៊ុនទេ។
ក្រុមហ៊ុនយិះចៀ ធូរីហ្សឹម ឌឹវេឡុបមេន របស់ប្រទេសចិន បានទទួលសិទ្ធិសម្រាប់វិនិយោគអភិវឌ្ឍវិស័យទេសចរណ៍ក្នុងឧទ្យានជាតិព្រះសីហនុរាម ពីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨ មានទំហំផ្ទៃដីសរុបចំនួន ៣.៣០០ហិកតារក្នុងរយៈពេល ៩៩ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
