ពលរដ្ឋ​នៅ​សៀមរាប​បិទ​កំណាត់​ផ្លូវ​លំ​១​ខ្សែ​មិន​ឲ្យ​ឡាន​ដឹក​ដី​និង​ខ្សាច់​ឆ្លង​កាត់

0:00 / 0:00

ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​ឯកជន​ខ្លះ​ដែល​ប្រកប​អាជីវកម្ម​ដឹក​ដី ដឹក​ខ្សាច់ និង​ថ្ម​លក់ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន កំពុង​បំផ្លាញ​ផ្លូវ​លំ​មួយ​ចំនួន​នៅ​តាម​ទី​ជនបទ​ឱ្យ​ខូចខាត។ នៅ​ខេត្ត​សៀមរាប ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ការ​ប្រឆាំង​នឹង​រថយន្ត​ដឹក​ដី​ធំៗ​ទាំង​នោះ ដោយ​បិទ​ផ្លូវ​មិន​ឱ្យ​ចេញ​ចូល​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ នៅ​ភូមិ​តានី ឃុំ​រុនតាឯក ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​នាំ​គ្នា​បិទ​កំណាត់​ផ្លូវ​លំ​១​ខ្សែ តាំង​តែ​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ទី​១ ខែ​សីហា។

ការ​ប្រមូល​ផ្ដុំ​គ្នា ដោយ​យក​កំណាត់​លូ​ចំនួន ៣​កង់ ទៅ​ដាក់​បញ្ឈរ​កាត់​ទ្រូង​ផ្លូវ​នោះ បំណង​រារាំង​រថយន្ត​ដឹក​ក្រួស​ក្រហម និង​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ជាច្រើន មិន​ឱ្យ​ឆ្លង​កាត់​តំបន់​ពួក​គេ​រស់នៅ​ទៀត​ទេ ដោយសារ​តែ​រថយន្ត​ទាំង​នោះ​ដឹក​ធ្ងន់ ហើយ​បំផ្លាញ​ផ្លូវ​ក្រួស​ក្រហម​ឱ្យ​ខូចខាត ក៏ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ទទួល​ខុស​ត្រូវ​លើ​ការ​ខូចខាត​ទេ។

តំណាង​អ្នក​ភូមិ​តានី គឺ​លោក ព្រំ ដាម៉ូ។ លោក​មាន​ប្រសាសន៍​ថា លោក និង​អ្នក​ភូមិ​ជាច្រើន​ទៀត បាន​ស្រុះស្រួល​គ្នា​តវ៉ា​ប្រឆាំង​នឹង​រថយន្ត​ជាច្រើន​គ្រឿង​របស់​ក្រុមហ៊ុន លី អ៊ុំ អេង និង​ក្រុមហ៊ុន ២​ទៀត ដែល​តែង​ចេញ​ចូល​ដឹក​ដី​ក្រហម និង​ខ្សាច់​ជា​រៀង​រាល់​ថ្ងៃ បណ្ដាល​ឱ្យ​ខូចខាត​ផ្លូវ​លំ​១​ខ្សែ​យ៉ាង​ធ្ងន់ធ្ងរ។ បុរស​ដដែល​អះអាង​ថា បច្ចុប្បន្ន ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​ប្រវែង ៣​គីឡូម៉ែត្រ កំពុង​ខូចខាត​មាន​គ្រលុក​ជ្រៅៗ​ពិបាក​ធ្វើ​ដំណើរ។

លោក ព្រំ ដាម៉ូ៖ «ផ្លូវ​វេទនា​ណាស់! ជួន​កាល កូន​សិស្ស​គ្នា​រៀន​អ៊ីចឹង​ទៅ មិន​ទាន់​ដល់​សាលា​ផង ឡាន​ដឹក​ខ្សាច់​ជាន់​សាច​ប្រឡាក់​ខោអាវ​គ្នា​ពេញ គ្រលុក​សឹង​តែ​ទាំងអស់ បើក​កាត់​មិន​បាន។ ជ្រៅ​ណាស់​ការ​ធ្វើ​ដំណើរ គឺ​អត់​កើត​តែ​ម្ដង ជួន​កាល​គ្នា​ពោះធំ ឆ្លង​ទន្លេ​ឆ្លង​អី​អ៊ីចឹង ទម្រាំ​ដឹក​ដល់​ពេទ្យ កើត​តាម​ផ្លូវ​បាត់ ជាពិសេស​ក្មួយ​ខ្ញុំ​ហ្នឹង​បណ្ដោយ»

ប្រធាន​គណៈកម្មការ​ទ្រទ្រង់​សាលា​បឋម​សិក្សា​តានី និង​ជា​អ្នក​ជំនាញ​ផ្សព្វផ្សាយ​សហគមន៍ អ្នកស្រី យី ស៊ឹង មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា ឡាន​ដឹក​ដី និង​ខ្សាច់​ធំៗ​របស់​ក្រុមហ៊ុន​ជាច្រើន តែង​ឆ្លង​កាត់​ភូមិ​របស់​គាត់​រៀង​រាល់​ថ្ងៃ។ ឡាន​ទាំង​នោះ បាន​ធ្វើ​ឱ្យ​ដី​ហ៊ុយ​ខ្លាំង​នៅ​រដូវ​ប្រាំង និង​រដូវ​វស្សា ធ្វើ​ឱ្យ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ក្នុង​ភូមិ​១​ខ្សែ បាក់​ស្រុត​គ្រប់​កន្លែង។ អ្នកស្រី យី ស៊ឹង បញ្ជាក់​ថា បច្ចុប្បន្ន ឡាន​ដឹក​ដី និង​ខ្សាច់​របស់​ក្រុមហ៊ុន កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ សិស្ស​សាលា និង​ព្រះសង្ឃ។

អ្នកស្រី យី ស៊ឹង៖ «សម័យ​នេះ​ទៅ​ហើយ ដើរ​ចុះ​ភក់​ដូច​ក្របី! ព្រះសង្ឃ ក៏​អត់​មាន​មក​បិណ្ឌបាត សូម្បី​តែ​ថ្ងៃ​សីល​ថ្ងៃ​អី ចាស់ៗ​ភូមិ​នេះ​គាត់​អត់​ទៅ​វត្ត​ទេ ជិះ​ម៉ូតូ​គាត់​ខ្លាច​ដួល ផ្លូវ​អាក្រក់​ម្ល៉េះ ដើរ​ទៅ​ក៏​រអិល​ដួល ដោះ​ទ្រនាប់​ជើង។ សាលា​អត់​មាន​សិស្ស​បង្រៀន ខ្ញុំ​សួរ​ម៉ែៗ​ហើយ​ថា កូន​អត់​មក​រៀន​ទេ ដោយសារ​ប្រឡាក់​ដី ប្រឡាក់​ខោអាវ។ ថ្នាក់​មត្តេយ្យ​នោះ​បាត់​អស់​រលីង​តាំង​ពី​ចុង​ខែ​មិថុនា ថ្នាក់​ទី​១ ក៏​បាត់​អស់ ថ្នាក់​ទី​២ ក៏​បាត់​អស់។ ផ្លូវ​ប្រជាពលរដ្ឋ គឺ​ប្រជាពលរដ្ឋ​បិទ សូម្បី​តែ​ក្រុមហ៊ុន លី ហាំង សេង និង លី អ៊ុំ អេង នេះ មិន​ជួសជុល ភូមិ​ខ្ញុំ​ក៏​មិន​ភ័យ​ដែរ សុខ​ចិត្ត​រៃ​លុយ​គ្នា​ធ្វើ​សាថ្មី​ទៀត ព្រោះ​ផ្លូវ​នេះ​អត់​មាន​ក្រុមហ៊ុន​ណា​មក​ធ្វើ​ឱ្យ ឬ​ក៏​ឃុំ​ណា​មក​ធ្វើ​ឱ្យ​ទេ គឺ​អង្គការ ខុនសឺន (CONCERN) ទេ»

ក្រុម​អ្នក​ភូមិ បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ភូមិ​តានី និង​ឃុំ​រុនតាឯក ថា​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ក្រុមហ៊ុន​ដឹក​ដី និង​ខ្សាច់ បំផ្លាញ​ផ្លូវ​លំ​មួយ​ខ្សែ​នោះ​ទេ មាន​តែ​ហាម​ឃាត់​ប្រជាពលរដ្ឋ កុំ​ឱ្យ​តវ៉ា​បិទ​ផ្លូវ។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែ​សីហា បន្ទាប់​ពី​អ្នក​ភូមិ​លើក​គ្នា​បិទ​ផ្លូវ​បាន​បន្តិច មាន​តំណាង​ក្រុមហ៊ុន​មួយ​បាន​បើក​ឡាន​ទៅ​ពិនិត្យ​មើល​ស្ថានភាព​នោះ។

តំណាង​ក្រុមហ៊ុន​ដែល​មិន​ព្រម​ចុះ​ពី​លើ​រថយន្ត ហើយ​ថែម​ទាំង​បដិសេធ​ការ​ធ្វើ​អធិប្បាយ​ផង​នោះ ឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាជីវកម្ម​ដឹក​ដី និង​បូម​ខ្សាច់​ចំនួន​៣ កំពុង​ប្រើប្រាស់​ផ្លូវ​លំ​ក្រួស​ក្រហម ដែល​ឆ្លង​កាត់​ភូមិ​តានី ដូចជា​ក្រុមហ៊ុន​បូម​ខ្សាច់ លី អ៊ុំ អេង ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ឈ្មោះ ណេង និង​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត ដែល​គេ​មិន​ស្គាល់​ឈ្មោះ​ច្បាស់។ បុរស​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ទាំង​បី​ដែល​មាន​ឡាន​ធំ​បើក​លើ​ផ្លូវ​លំ​នោះ តែង​តែ​មាន​បំណង​ចង់​ជួយ​ជួសជុល​ផ្លូវ​ខូចខាត​ឡើង​វិញ ក៏ប៉ុន្តែ​ការ​មិន​អាច​ជួសជុល​បាន​មួយ​រយៈ​មក​នេះ ដោយសារ​តែ​គេ​ដឹង​ថា អាជ្ញាធរ​ឃុំ​រុនតាឯក មិន​ឱ្យ​ពួក​គេ​ធ្វើ៖ «ផ្លូវ​នេះ​ឆ្នាំ​មុនៗ គេ​ចាក់​ដី​ទេ​តើ គេ​មាន​ឱ្យ​ខូច​ឯណា? និយាយ​រួម​ទៅ គេ​ធ្វើ​ឡើង​ប៉ុន្មាន​ឆ្នាំ​ហើយ​នោះ យើង​មាន​ឡាន យាយ ហ្កេច មាន​លីវ៉ាល័រ។ យាយ ហ្កេច មាន​ដី​ក្រហម ឡាន​យើង​ចាំ​តែ​ដឹក​ធ្វើ​ទេ។ សព្វដង​គេ​ជួសជុល​ណា តែ​គេ​អត់​ឱ្យ​យើង​ធ្វើ គេ​ទុក​ធ្វើ​ផ្លូវ​នេះ ហើយ​បិទ​មិន​ឱ្យ​ឡាន​រត់​បណ្ដោយ តែ​ក្រុមហ៊ុន​គេ​ថា បើ​បិទ​ផ្លូវ​ហ្នឹង អត់​ឱ្យ​គេ​ធ្វើ គេ​នឹង​ទិញ​ដី​មួយ​កន្លែង​សម្រាប់​ធ្វើ​មក​ស្ពាន​មួយ​ទៀត»

ទោះ​យ៉ាង​ណា មេ​ឃុំ​រុនតាឯក លោក គុយ វៃ បាន​បដិសេធ​ថា លោក​មិន​ធ្លាប់​រារាំង​ក្រុមហ៊ុន​ណា​មួយ ថា​មិន​ឱ្យ​ធ្វើ​ផ្លូវ​ដែល​កំពុង​ខូចខាត​នោះ​ទេ។ លោក គុយ វៃ ប្រតិកម្ម​ថា ក្រុមហ៊ុន​ដែល​និយាយ​ថា លោក​ជា​អ្នក​ហាម​ឃាត់​មិន​ឱ្យ​ជួសជុល​ផ្លូវ​នោះ គឺ​ជា​រឿង​មួលបង្កាច់​ទាំង​ស្រុង។ លោក​មេ​ឃុំ​រុនតាឯក បញ្ជាក់​ថា ពេញ​១​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា លោក​ព្យាយាម​សម្រប​ស្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យ​បើក​ផ្លូវ​ធម្មតា​ឡើង​វិញ ដោយ​លោក​នឹង​កោះ​ហៅ​ក្រុមហ៊ុន​ឡាន​ដឹក​ដី និង​ខ្សាច់​ទាំងអស់ មក​ធ្វើ​កិច្ច​សន្យា​ម្ដង​ទៀត ឱ្យ​ធានា​ជួសជុល​ផ្លូវ​ខូចខាត​នេះ។

ចំណែក​អភិបាល​ស្រុក​បន្ទាយស្រី លោក សូរ សុន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​ក៏​កំពុង​ប្រឹងប្រែង​សម្រប​សម្រួល​បញ្ហា​នេះ​ដែរ។ អភិបាល​ស្រុក​ដដែល​បញ្ជាក់​ថា លោក​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ឃុំ​រុនតាឯក ឱ្យ​សម្រប​សម្រួល​ប្រជាពលរដ្ឋ បាន​បើក​ផ្លូវ​ជា​ធម្មតា​ឡើង​វិញ​នេះ​ម្យ៉ាង ឯ​រឿង​ម្យ៉ាង​ទៀត ផ្លូវ​លំ​ភូមិ​តានី នោះ គឺ​លោក​កំពុង​ទាក់ទង​សុំ​ក្រុម​វិស្វកម្ម​របស់​រដ្ឋាភិបាល ឱ្យ​ជួយ​ធ្វើ និង​ចាក់​កៅស៊ូ​តែ​ម្ដង៖ «ខ្ញុំ​តែង​តែ​បាន​ជម្រាប​ជូន​ឱ្យ​ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​វិញ ព្រោះ​ផ្លូវ​នោះ វា​ភូមិ​ធម្មជាតិ ផង ភូមិ​ស្នាសង្គ្រាម ផង និង​ភូមិ​តានី ផង។ ខ្ញុំ​កំពុង​តែ​សម្រួល​សម្បើម​ហើយ​នេះ ហើយ​មួយ​ទៀត ខ្ញុំ​បាន​ដាក់​សំណើ​សុំ​ទៅ​ខាង​កង​វិស្វកម្ម​របស់​រដ្ឋាភិបាល​ខាង​៣១៧ សំណើ​សុំ​ចាក់​កៅស៊ូ​ហើយ។ ប៉ុន្តែ​ដល់​ពេល​រាំង​បន្តិច គេ​ចាក់​កៅស៊ូ​ឱ្យ»

ទោះ​យ៉ាង​ណា ក្រុម​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ជឿជាក់​ទៅ​លើ​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ឃុំ​រុនតាឯក និង​ស្រុក​បន្ទាយស្រី នោះ​ទេ ពីព្រោះ​ថា ចាប់​តាំង​ពី​មាន​ឡាន​ដឹក​ដី និង​ខ្សាច់​ឆ្លង​កាត់ បណ្ដាល​ឱ្យ​ផ្លូវ​ខូច​រយៈពេល ៣​ឆ្នាំ​មក​ហើយ គឺ​អាជ្ញាធរ និង​ក្រុមហ៊ុន​ធ្លាប់​ធ្វើ​កិច្ច​សន្យា ថា​នឹង​ជួយ​ជួសជុល​ចំនួន ៣​លើក​មក​ហើយ​ដែរ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ណា​មួយ មក​ជួសជុល​ផ្លូវ​តាម​ការ​សន្យា​ឡើយ។

ក្រុម​ប្រជាពលរដ្ឋ​ភូមិ​តានី នៅ​តែ​បន្ត​បិទ​កំណាត់​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​នោះ​ត​ទៅ​ទៀត កាល​ពី​ម៉ោង ៥​ល្ងាច ថ្ងៃ​ទី​១ ខែ​សីហា ហើយ​ពួក​គេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ជួយ​ធ្វើ​ផ្លូវ​ថ្នល់​ឱ្យ​បាន​ស្អាត ពីព្រោះ​គេ​យល់​ថា ផ្លូវ​ថ្នល់​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច ដែល​ចេញ​ពី​សហគមន៍​ជនបទ​ទៅ​កាន់​ទីក្រុង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។