ពលរដ្ឋ​ស្រុក​ស្រីស្នំ​បារម្ភ​ពី​សុវត្ថិភាព​ដោយសារ​ក្នុង​ភូមិ​មាន​ល្បែង​ស៊ី​សង

0:00 / 0:00

ការ​លុប​បំបាត់​ល្បែង​ស៊ី​សង គឺ​ជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ជាង ១០ ផ្សេង​ទៀត ដែល​ក្រសួង​មហាផ្ទៃ បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ធានា​បាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។ ក៏ប៉ុន្តែ បើ​ទោះ​បី​ជា​ក្រសួង​មហាផ្ទៃ ដាក់​ចេញ​នូវ​វិធានការ​លុប​បំបាត់​ករណី​នេះ​យ៉ាង​ណា​ក្តី ក៏​បច្ចុប្បន្ន ស្ទើរ​តែ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា នៅ​តែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​នាំ​គ្នា​លេង​ល្បែង​ស៊ី​សង​ដដែល។ ជាក់ស្តែង បញ្ហា​នេះ​កំពុង​កើត​មាន​នៅ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ដែល​ជាប់​ព្រំប្រទល់​គ្នា​នឹង​ខេត្ត​ឧត្តរមានជ័យ គឺ​ប្រជាពលរដ្ឋ​ខ្លះ​កំពុង​នាំ​គ្នា​លេង​បៀ និង​ចាក់​កន្ទុយ​លេខ ជាដើម។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ស្រីស្នំ ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​នៅ​ក្នុង​សហគមន៍ ដែល​ពួក​គេ​រស់នៅ ព្រម​ទាំង​គ្រួសារ​ក្រីក្រ​ខ្លះ​អាច​ក្លាយ​ទៅ​ជា​អ្នក​វ័ណ្ឌ​ក​ដោយសារ​តែ​ជំពាក់​បំណុល។

ក្តី​ព្រួយ​បារម្ភ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​គេ​មើល​ឃើញ​ថា ពេល​បច្ចុប្បន្ន​នៅ​ជុំវិញ​កន្លែង​រស់នៅ គឺ​មាន​កើត​ល្បែង​ស៊ី​សង​ខ្លះ ដូចជា​លេង​បៀ និង​ល្បែង​ចាក់​កន្ទុយ​លេខ​ជាដើម ហើយ​សមត្ថកិច្ច​មូលដ្ឋាន​មាន​ការ​បង្ក្រាប​តិចតួច។

បុរស​ម្នាក់​រស់នៅ​ក្នុង​ទី​រួម​ស្រុក​ស្រីស្នំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១៥ ខែ​កក្កដា ថា ជា​រៀង​រាល់​ថ្ងៃ ល្បែង​ចាក់​កន្ទុយ​លេខ គឺ​កំពុង​កើត​មាន​ជាច្រើន​កន្លែង។ ការ​កើន​ឡើង​នៃ​ល្បែង​នេះ បាន​ធ្វើ​ឲ្យ​គ្រួសារ​ក្រីក្រ​ខ្លះ​ដែល​ខ្ចី​បុល​ប្រាក់​គេ ហើយ​ងប់ងុល​នឹង​ល្បែង​ផង បាន​រត់​ចោល​ផ្ទះ​សម្បែង​ក៏​មាន។ បុរស​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​មេ​លក់​កន្ទុយ​លេខ​ជាច្រើន​នៅ​ស្រុក​ស្រីស្នំ ប៉ុន្តែ​លោក​មិន​ដឹង​ថា អាជ្ញាធរ និង​សមត្ថកិច្ច ដឹង​រឿង​នេះ​ដែរ​ឬ​ក៏​អត់?៖ «ឆ្នោត​គេ​លេង​រាល់​ថ្ងៃ​ហ្នឹង ១​ថ្ងៃ​បី​ពេល ឆ្នោត​យួន។ អ្នក​លក់​មាន​ច្រើន​កន្លែង ប៉ុន្តែ​ដោយសារ​សមត្ថកិច្ច​ពង្រឹង​ទៅ គឺ​មាន​អ្នក​លួច​លក់​តាម​ទូរស័ព្ទ​ក៏​មាន»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​បាន​អះអាង​ថា នៅ​ក្នុង​ទី​រួម​ស្រុក​ស្រីស្នំ បច្ចុប្បន្ន គឺ​ពិត​ជា​មាន​អ្នក​ចាក់​កន្ទុយ​លេខ​ជាច្រើន ហើយ​លោក​ព្រួយ​បារម្ភ​អំពី​រឿង​អសន្តិសុខ ព្រម​ទាំង​អាណិត​គ្រួសារ​ក្រីក្រ​ខ្លះ ដែល​ងប់​នឹង​ល្បែង ហើយ​ក្លាយ​ទៅ​ជា​អ្នក​ជំពាក់​បំណុល។

កាល​ពី ៣-៤​ថ្ងៃ​មុន ប្រជាពលរដ្ឋ​ម្នាក់​នៅ​ស្រុក​ស្រីស្នំ បាន​ផ្ញើ​សារ​អេឡិចត្រូនិក​ចូល​មក​វិទ្យុ​អាស៊ីសេរី ដោយ​ប្រាប់​ថា នៅ​ក្នុង​ភូមិ​គោកថ្កូវ ឃុំ​ក្លាំងហាយ គឺ​មាន​ផ្ទះ​មួយ​កន្លែង​បាន​បើក​ល្បែង​ចាក់​កន្ទុយ​លេខ​ជា​យូរ​មក​ហើយ ក៏ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ណា​អើពើ និង​ទៅ​បង្ក្រាប​នៅ​ឡើយ។

អាជ្ញាធរ​បាន​បដិសេធ​ថា នៅ​ក្នុង​មូលដ្ឋាន​របស់​គេ​បច្ចុប្បន្ន មិន​មាន​ការ​បើក​លេង​បៀ​ទេ ក៏ប៉ុន្តែ​រឿង​ល្បែង​ចាក់​កន្ទុយ​លេខ គឺ​វា​អាច​មាន​ខ្លះ​មែន។

ជំទប់​ទី​១ ឃុំ​ក្លាំងហាយ លោក ស្មុគ្រ ម៉ាច មាន​ប្រសាសន៍​ថា ការ​លេង​ល្បែង​ស៊ី​សង​នៅ​តាម​ភូមិ​នៃ​ឃុំ​របស់​លោក ដូចជា​បៀ​ជាដើម គឺ​មិន​មាន​ទេ។ ទោះ​យ៉ាង​ណា លោក​ជំទប់​ទី​១ ទទួល​ស្គាល់​ថា ល្បែង​ចាក់​កន្ទុយ​លេខ គឺ​អាច​មាន ក៏ប៉ុន្តែ​មិន​មាន​រូបភាព​ធំ​ដុំ​ឡើយ៖ «ឆ្នោត​អាច​ឃើញ​មាន​លេង ប៉ុន្តែ​មិន​ដែល​លេង​ដល់​អស់​ទ្រព្យ​សម្បត្តិ​រហូត​ដល់​ប្ដឹង​ផ្ដល់​គ្នា​នៅ​សាលា​ឃុំ គឺ​មិន​ដែល​មាន​ទេ»

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ លោក ហូរ ឈិន មាន​ប្រសាសន៍​ថា នៅ​តាម​ភូមិ​ខ្លះ គឺ​ពិត​ជា​មាន​ការ​លេង​បៀ និង​ល្បែង​ចាក់​កន្ទុយ​លេខ​មែន ប៉ុន្តែ​មិន​ញឹកញាប់​ទេ។ លោក​បញ្ជាក់​ថា ក្រុម​អ្នក​លេង​ល្បែង​ស៊ី​សង​ទាំង​នោះ មិន​មែន​នៅ​មួយ​កន្លែង​ទេ គឺ​តែង​ចល័ត ម្ដង​លេង​នៅ​ក្នុង​ស្រុក​ស្រីស្នំ និង​ម្ដង​ឆ្លង​ទៅ​លេង​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ហើយ​ពេល​ខ្លះ គេ​ទៅ​លេង​នៅ​ស្រុក​ផ្សេង​ទៀត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មិន​អាច​តាម​បង្ក្រាប​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។