ពលរដ្ឋរស់នៅឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្អូញត្អែរពីការលំបាកធ្វើដំណើរ បន្ទាប់ពីផ្លូវលំចូលភូមិមួយខ្សែប្រវែងជាង ២០គីឡូម៉ែត្រ ខូចខាតធ្ងន់ធ្ងរជាច្រើនឆ្នាំកន្លងមក។ ចំណែកអាជ្ញាធរឃុំទទួលស្គាល់ពីការលំបាកធ្វើដំណើរនេះ ដោយអះអាងថា គម្រោងកសាងផ្លូវនេះត្រូវចំណាយទឹកប្រាក់ច្រើន ដែលហួសពីសមត្ថភាពអាជ្ញាធរឃុំ។
ឃុំស្ដៅ នៃស្រុកសេសាន ឋិតនៅទិសខាងកើតឆៀងខាងជើងនៃទីរួមខេត្តស្ទឹងត្រែង ចម្ងាយជាង ៥០គីឡូម៉ែត្រ។ ពលរដ្ឋរស់នៅទីនោះ ភាគច្រើនជាពលរដ្ឋជនជាតិដើមភាគតិច ដូចជា ព្នង ទំពួន ស្ទៀង សំរែ និងជនជាតិភាគតិចឡាវ។ អ្នកភូមិអះអាងថា ជាច្រើនឆ្នាំកន្លងមក ពលរដ្ឋរស់នៅទីនោះភាគច្រើនធ្វើដំណើរតាមផ្លូវទឹកនៃទន្លេសេសាន ខណៈលំនៅឋានពលរដ្ឋភាគច្រើនអមសងខាងទន្លេ។ អ្នកភូមិបារម្ភពីការធ្វើដំណើរតាមផ្លូវ ដែលប្រឈមហានិភ័យខ្ពស់ និងត្រូវចំណាយថវិកាច្រើន។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើន គឺលោក ផាន់ យ៉ត ត្អូញត្អែរថា ផ្លូវលំមួយខ្សែភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅប្រទេសឡាវ ប្រវែងជាង ២០គីឡូម៉ែត្រ ខូចខាតស្ទើរទាំងស្រុង ខណៈមានស្ពាន និងលូជាង ១០កន្លែងមានសភាពទ្រុឌទ្រោមស្ទើរតែកាត់ផ្តាច់ផ្លូវ និងមានរណ្ដៅជ្រៅទាំងរដូវវស្សា និងរដូវប្រាំង។ លោកកត់សម្គាល់ថា ពលរដ្ឋលំបាកធ្វើដំណើរជិត ២០ឆ្នាំមកហើយ ដែលអាជ្ញាធរពាក់ព័ន្ធហាក់មិនយកចិត្តទុកដាក់កសាងផ្លូវនេះជាដុំកំភួនឡើយ ក្រៅពីជួសជុលបន្តិចបន្តួច៖ «លំបាកតាំងពីឆ្នាំ៩០ ជាង។ ខែភ្លៀងដូចយើងធ្វើដំណើរកាត់ដីអាចម៍បំណះ ដែលអាដីដែលភ្ជួរស្រែ។ ទៅដល់ទីរួមខេត្ត ឬមណ្ឌលសុខភាពហ្នឹង ត្រូវចំណាយពេលវេលាអស់ច្រើនម៉ោងណាស់។ អាល័យតែរុញម៉ូតូផង អូសម៉ូតូផង ដូច្នេះយើងត្រូវចំណាយពេលវេលាយូរ»។
លោក ផាន់ យ៉ត បន្ថែមទៀតថា បើអាជ្ញាធរខេត្ត ឬស្ថាប័នពាក់ព័ន្ធ នៅតែពន្យារពេលកសាងផ្លូវនេះ នឹងរាំងស្ទះដល់ពលរដ្ឋធ្វើដំណើរដឹកជញ្ជូនសម្ភារៈ និងកសិផល ដែលជាដើមចមធ្វើឲ្យប៉ះពាល់ដល់ការស្វែងរកប្រាក់ចំណូល។ លោកបារម្ភថា ស្ត្រីមានផ្ទៃពោះ និងជនចាស់ជរា ក៏ប្រឈមហានិភ័យ ស្របពេលការធ្វើដំណើរត្រូវចំណាយពេល ៤ ទៅ ៥ម៉ោង ទើបដល់ទីរួមខេត្តស្ទឹងត្រែង។
ករណីនេះដែរ មេឃុំស្ដៅ លោក នួយ ប៊ុនធួយ ទទួលស្គាល់ចំពោះការលំបាកធ្វើដំណើរតាមផ្លូវលំមួយខ្សែនោះ តែកញ្ចប់ថវិកាឃុំប្រចាំឆ្នាំមានជាង ៦០លានរៀល មិនអាចមានលទ្ធភាពអភិវឌ្ឍផ្លូវនេះជាដុំកំភួនទេ គឺត្រឹមតែអាចជួសជុលប្រើប្រាស់បណ្ដោះអាសន្ន។ លោកថា អាជ្ញាធរឃុំក៏ធ្លាប់ស្នើឲ្យអាជ្ញាធរស្រុក និងខេត្ត ចុះពិនិត្យលទ្ធភាពកសាងផ្លូវនេះដែរ ខណៈអ្នកភូមិត្រូវការផ្លូវនេះធ្វើដំណើរចាំបាច់៖ «តាំងពីអើយមក ប្រជាពលរដ្ឋហ្នឹងផ្លូវដើរទេ។ ក្រោយមកក៏យើងបានឈូសឆាយជាផ្លូវលំមួយ។ តាំងនោះមកជាង ១០ឆ្នាំ វាទ្រុឌទ្រោមវាខូចទាំងស្រុង»។
កាលពីឆ្នាំ២០១២ ពលរដ្ឋប្រមាណ ៤០០គ្រួសារ បានផ្ដិតមេដៃស្នើសុំកសាងផ្លូវមួយខ្សែនេះ ស្របពេលដែលអ្នកភូមិធ្វើដំណើរតាមផ្លូវទឹកប្រឈមគ្រោះថ្នាក់ និងត្រូវចំណាយប្រាក់ច្រើន។
ឃុំស្ដៅ ស្រុកសេសាន មានភូមិចំនួនពីរ គឺភូមិញើន និងភូមិប៊ុ។ ភូមិទាំងនេះ នៅអមសងខាងទន្លេសេសាន និងមានប្រជាពលរដ្ឋរស់នៅប្រមាណ ៤០០គ្រួសារ ក្នុងចំណោមពលរដ្ឋជាង ៣.០០០នាក់។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ចាត់ទុកផ្លូវលំនេះជាបេះដូងសំខាន់នៃជីវិតរស់នៅពលរដ្ឋ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនគួរពន្យារពេលអភិវឌ្ឍនោះទេ។ លោកថា ការពន្យារពេលកសាងផ្លូវលំនេះ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់អ្នកភូមិ ហើយយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ក៏ហាក់ឋិតនៅភាពផុយស្រួយដែរ។ លោកអំពាវនាវឲ្យអាជ្ញាធរស្រុក និងខេត្ត ពន្លឿនអភិវឌ្ឍផ្លូវនេះឲ្យបានឆាប់៖ «សម្ដេច ហ៊ុន សែន គាត់តែងលើកពីផ្លូវថ្នល់ ព្រោះអីវាជាសរសៃឈាមទីមួយ។ ដូច្នេះ អាជ្ញាធរត្រូវតែផ្ដោត»។
កាលពីថ្ងៃទី២៦ វិច្ឆិកា អាជ្ញាធរស្រុក និងឃុំ បានចុះសិក្សាពិនិត្យលទ្ធភាពកសាងផ្លូវលំភ្ជាប់ផ្លូវជាតិលេខ៧។ អាជ្ញាធរឃុំព្យាករថា គម្រោងកសាងផ្លូវនេះទទឹង ៨ម៉ែត្រ និងបណ្តោយជាង ២០គីឡូម៉ែត្រ មានស្ពាន និងលូ ១៥កន្លែង ដែលត្រូវចំណាយថវិកាជិត ១០ម៉ឺនដុល្លារ។ អ្នកភូមិឲ្យដឹងទៀតថា កាលពីដើមខែវិច្ឆិកា អាជ្ញាធរខេត្តគ្រោងដាក់គ្រឿងចក្រឈូសឆាយធ្វើផ្លូវនោះ តែត្រូវបានអាជ្ញាធរស្រុកសេសាន ឃាត់ ដោយចាត់ទុកថា ធ្វើផ្លូវពុំមានការជូនដំណឹងមកអាជ្ញាធរស្រុកជាមុន និងសង្ស័យថា គម្រោងធ្វើផ្លូវនេះដើម្បីងាយស្រួលដឹកជញ្ជូនឈើប្រណិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
