ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​ចោទ​អាជ្ញាធរ​ថា​មិន​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ស្រុក

0:00 / 0:00

ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខក​ចិត្ត​នៅ​ពេល​អាជ្ញាធរ​ស្រុក​បដិសេធ​ជា​លើក​ទី​២ ចំពោះ​សំណើ​សុំ​ចូលរួម​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ស្រុក ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពួក​គាត់​ជួប​ប្រទះ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។

អាជ្ញាធរ​ស្រុក​សំអាង​ហេតុផល​ថា មិន​ទាន់​បាន​សិក្សា​លើ​បញ្ហា​របស់​ពលរដ្ឋ​ឲ្យ​បាន​ស៊ី​ជម្រៅ។ យ៉ាង​ណា ហេតុផល​នេះ ពលរដ្ឋ​ចាត់​ទុក​ថា​គ្រាន់​តែ​លេស​មិន​ចង់​ឲ្យ​ពួក​គាត់​ចូលរួម​តែ​ប៉ុណ្ណោះ។

ពលរដ្ឋ​ដែល​មាន​បញ្ហា​ផ្សេងៗ​នៅ​ស្រុក​មេមត់ រួម​មាន​បញ្ហា​ដីធ្លី បញ្ហា​តម្លៃ​ភ្លើង​អគ្គិសនី បាន​ខក​ខាន​ម្តង​ជា​ពីរ​ដង មិន​អាច​ចូលរួម​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ស្រុក​មេមត់ បើ​ទោះ​បី​ជា​ពួក​គាត់​បាន​សរសេរ​សំណើ​សុំ​ចូលរួម​ជា​ផ្លូវ​ការ​យ៉ាង​ណា​ក៏ដោយ។

ពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ទន្លូង លោក ឈុន វុត្ថា ឲ្យ​ដឹង​ថា លោក និង​ពលរដ្ឋ​ដែល​មាន​បញ្ហា​ផ្សេង​ទៀត នាំ​គ្នា​ទៅ​រង់ចាំ​ចូលរួម​ប្រជុំ​នៅ​សាលា​ស្រុក​មេមត់ តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ក៏ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​មិន​អនុញ្ញាត​ឲ្យ​ពួក​លោក​ចូល​ឡើយ។ លោក​បន្ត​ថា មូលហេតុ​មិន​ឲ្យ​ចូល ដោយសារ​តែ​ខាង​នាយក​រដ្ឋបាល​សាលា​ស្រុក មិន​បាន​បញ្ជូន​សំណើ​លោក​ទៅ​ប្រធាន​ក្រុមប្រឹក្សា និង​មិន​បាន​ដាក់​បញ្ចូល​ពី​បញ្ហា​របស់​ពួក​គាត់​ទៅ​ក្នុង​របៀបវារៈ។ ប៉ុន្តែ លោក​យល់​ថា នេះ​គ្រាន់​តែ​ជា​ហេតុផល​មួយ​មិន​ចង់​ឲ្យ​ពលរដ្ឋ​អាច​មាន​ឱកាស​លើក​ឡើង​ពី​បញ្ហា​របស់​ខ្លួន​តែ​ម្តង៖ «បាទ! ខ្ញុំ​គិត​ថា ប្រាកដ​ជា​ចេតនា​ហើយ មិន​មែន​អចេតនា​ទេ ព្រោះ​ក្រដាស​ស្នាម​នេះ​គេ​បាន​សួរ​លម្អិត​បញ្ជាក់​ណាស់។ រួច​ខាង​នាយក​រដ្ឋបាល​ហ្នឹង កាល​ពី​ដាក់​ទៅ​ដំបូង​ដូចជា​ដី​សាលា​រៀន គេ​សួរ​ច្បាស់​លាស់​ណាស់ ដើម្បី​ដាក់​ជា​របៀបវារៈ»

លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក បើក​ទូលាយ​ក្នុង​ការងារ​នេះ ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​ចូលរួម​ស្តាប់ ចូលរួម​ផ្តល់​យោបល់​ទៅ​ដល់​អាជ្ញាធរ​តាម​មូលដ្ឋាន​ទាំង​នោះ អំពី​ទុក្ខ​លំបាក​របស់​ពួក​គាត់។

ទាក់ទង​បញ្ហា​នេះ នាយក​រដ្ឋបាល​សាលា​ស្រុក​មេមត់ លោក ប៉ោ អៀត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា មិន​មែន​ខាង​រដ្ឋបាល​មិន​ចង់​បញ្ចូល​របៀបវារៈ ឬ​មាន​ចេតនា​គេចវេស​មិន​ចង់​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​អង្គ​ប្រជុំ​ក្រុមប្រឹក្សា​ស្រុក​នោះ​ទេ។ លោក​បន្ត​ថា លោក​បាន​បញ្ជូន​សំណើ​នោះ​ទៅ​ប្រធាន​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ស្រុក​រួច​ហើយ ក៏ប៉ុន្តែ​សំណើ​របស់​ពលរដ្ឋ​ស្ដីពី​បញ្ហា​មួយ​ចំនួន​នោះ ខាង​ប្រធាន​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ស្រុក មិន​ទាន់​បាន​ចុះ​សិក្សា​លម្អិត​ទេ។ ដូច​នេះ ខាង​អាជ្ញាធរ​ត្រូវ​ការ​ពេលវេលា​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​ប្រជាពលរដ្ឋ​វិញ៖ «មិន​មែន​ទេ យើង​ចង់​បាន​ណាស់​ចង់​បាន​ប្រជាពលរដ្ឋ​គាត់​ចូលរួម​បំពេញ​នូវ​កង្វះ​ខាត​ដែល​គណៈ​អភិបាល​ពិនិត្យ​មិន​បាន​ដិត​ដល់ ឲ្យ​គាត់​ជួយ។ ប៉ុន្តែ​កន្លង​មក យើង​វា​រវល់​ដូច​ខ្ញុំ​ជម្រាប​ពី​ដើម​អ៊ីចឹង។ ឥឡូវ​ហ្នឹង​សៅរ៍​អាទិត្យ​អត់​បាន​សម្រាក​ផង មិន​មែន​យើង​មាន​ចេតនា​ទុក​របៀបវារៈ​អត់​បញ្ចូល​ទេ»

លោក​បន្ថែម​ថា យ៉ាង​ណា ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ស្រុក​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៧ នៅ​ខែ​ធ្នូ ខាង​មុខ​ទៀត។ លោក​ថា អាជ្ញាធរ​រីករាយ​នឹង​ដោះស្រាយ​នូវ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។

យ៉ាង​ណា​ក៏ដោយ សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន យល់​ថា ហេតុផល​នេះ​ពិបាក​ទទួល​យក​ណាស់ ពីព្រោះ​លោក​បាន​បញ្ជូន​សំណើ​ពលរដ្ឋ​ចូល​ទៅ​នាយក​រដ្ឋបាល​សាលា​ស្រុក​រហូត​ដល់ ១០​ថ្ងៃ​ទៅ​ហើយ គឺ​តាំង​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ហេតុ​អ្វី​បាន​ជា​មិន​មាន​ការ​សិក្សា​លើ​សំណើ​មួយ​នេះ?៖ «បញ្ហា​មួយ​ដែល​ដាក់​ចូល​ទៅ យើង​ត្រូវ​តែ​និយាយ​គ្នា​នៅ​ក្នុង​ក្រុមប្រឹក្សា​ទៅ។ គាត់​ចង់​សុំ​លើក​ពេល​ថា​សុំ​ការ​សិក្សា​ស្រាវជ្រាវ​អី ក៏​គួរ​គាត់​សម្រេច​ក្នុង​ក្រុមប្រឹក្សា​ហ្នឹង ឬ​ក៏​ឲ្យ​ខាង​គណៈ​អភិបាល ឬ​ប្រតិបត្តិ​ធ្វើ​ទៅ យើង​កុំ​ទាន់​អាល​សម្រេច។ គាត់​គួរ​ប្រាប់ គាត់​មិន​គួរ​បិទ​រឿង​ហ្នឹង​ចោល​ទេ»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាល​ពី​ឆ្នាំ​២០០៨ ផ្នែក​ទី​៤ ស្ដីពី​អង្គ​ប្រជុំ និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុមប្រឹក្សា​មាត្រា​៦៨ ចែង​ថា អង្គ​ប្រជុំ​របស់​ក្រុមប្រឹក្សា ត្រូវ​ធ្វើ​ឡើង​ជា​សាធារណៈ។ ក្រុមប្រឹក្សា​អាច​ប្រជុំ​ជា​សម្ងាត់​បាន ក៏ប៉ុន្តែ​ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​នោះ ត្រូវ​កំណត់​ឡើង​ដោយ​សេចក្តី​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។