ពលរដ្ឋ​ម្នាក់​នៅ​ត្បូងឃ្មុំ​គ្រោង​ប្ដឹង​មេ​ប៉ុស្តិ៍​ឃុំ​មួយ​រូប​ចោទ​ពី​បទ​គំរាម​កំហែង

0:00 / 0:00

ពលរដ្ឋ​នៅ​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ថា​នឹង​ដាក់​ពាក្យ​ប្ដឹង​មេ​ប៉ុស្តិ៍​ឃុំ​ទន្លូង ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ករណី​មេ​ប៉ុស្តិ៍​រូប​នេះ​គំរាម​កំហែង និង​ប្រើ​សម្ដី​មិន​សមរម្យ​មក​កាន់​ពួក​គាត់។

ចំណែក​មេ​ប៉ុស្តិ៍​ឃុំ​ទន្លូង ថា​មិន​បាន​គំរាម​កំហែង​នោះ​ទេ។ លោក​គ្រាន់​ហៅ​គាត់​មក​បកស្រាយ​នៅ​ប៉ុស្តិ៍​នគរបាល ជុំវិញ​រឿង​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ទន្លូង លោក ឈុន វុត្ថា ចោទ​មេ​ប៉ុស្តិ៍​ថា​បាន​ប្រើ​ទង្វើ​គំរាម​កំហែង និង​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​មក​លើ​ខ្លួន នៅ​ថ្ងៃ​ទី​១៦ តុលា នៅ​ពេល​លោក​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​ស្រុក និង​ខាង​អគ្គិសនី​ឯកជន​មួយ​ចំពោះ​តម្លៃ​អគ្គិសនី​កាល​ពី​ពេល​កន្លង​ទៅ។

លោក​បន្ត​ថា នៅ​ពេល​លោក​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ មាន​មនុស្ស​ហៅ​ទូរស័ព្ទ​មក​កាន់​លោក ដោយ​ប្រាប់​ថា មេ​ប៉ុស្តិ៍​ឃុំ​ទន្លូង ប្រាប់​ឱ្យ​លោក​បញ្ឈប់​សកម្មភាព​នោះ​ជា​បន្ទាន់។ ប្រភព​ដដែល​បន្ថែម​ថា ឮ​ដូច​នេះ លោក​ក៏​ចូល​ទៅ​សាកសួរ​រឿង​នេះ​ពី​នាយ​ប៉ុស្តិ៍ គឺ​លោក ទា ពៅ ប៉ុន្តែ​បែរ​ជា​ត្រូវ​មេ​ប៉ុស្តិ៍​នោះ​ក្របួច​ក​អាវ​បញ្ចូល​ដាក់​ក្នុង​រថយន្ត ប៉ុន្តែ​លោក​មិន​ព្រម​ចូល និង​មិន​ឱ្យ​លោក​ហៅ​ទូរស័ព្ទ​ទៅ​នរណា​ឡើយ។

លោក ឈុន វុត្ថា៖ «ខ្ញុំ​គិត​ថា គាត់​ធ្វើ​ហ្នឹង​ធ្វើ​រំលោភ​បំពាន​លើ​ប្រជាពលរដ្ឋ​ហើយ។ ធ្វើ​នេះ​ដូចជា​គំរាម​ប្រជាពលរដ្ឋ​ហ៊ាន​ធ្វើ​អី​ដោយសារ​ខ្លាច​អំណាច​ខ្លួន​ជា​មេ​ប៉ុស្តិ៍។ ក៏ប៉ុន្តែ ខ្ញុំ​អត់​មាន​ខ្លាច​ទេ​អំណាច​ជា​មេ​ប៉ុស្តិ៍ ព្រោះ​ខ្ញុំ​ដឹង​អំពី​ច្បាប់ មេ​ប៉ុស្តិ៍​ហ្នឹង​របៀប​ម៉េច​ដែរ។ គាត់​ត្រូវ​តែ​មាន​កាតព្វកិច្ច​បម្រើ​ប្រជាពលរដ្ឋ ហើយ​និង​មាន​ភាព​ខន្តី​ចំពោះ​ប្រជាពលរដ្ឋ មិន​មែន​គាត់​មក​ដល់ គាត់​អត់​មាន​ខន្តី គាត់​ក្របួច​ក អាច​ប្រជាពលរដ្ឋ​ទៅ​សួរ​នាំ។ សីលធម៌​គេ​មិន​ដែល​ធ្វើ​ដូច​មេ​ប៉ុស្តិ៍​ហ្នឹង​ទេ»

លោក​បន្ថែម​ទៀត​ថា ទង្វើ​នេះ គឺ​ជា​រឿង​មិន​សមរម្យ និង​ជា​ការ​គំរាម​កំហែង​ពី​សំណាក់​មន្ត្រី​នគរបាល​យុត្តិធម៌​ទៅ​កាន់​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា នឹង​ប្ដឹង​មេ​ប៉ុស្តិ៍​នោះ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឱ្យ​មន្ត្រី​នគរបាល​ទាំងអស់​ប្រកាន់​ក្រម​សីលធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ប្រជាពលរដ្ឋ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​ឃុំ​ទន្លូង លោក ទា ពៅ មាន​ប្រសាសន៍​ថា លោក​មិន​បាន​គំរាម​កំហែង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល លោក ឈុន វុត្ថា ទៅ​សួរ​នាំ​លោក​រឿង​ថា​លោក​ឱ្យ​បញ្ឈប់​សកម្មភាព​ដើរ​ផ្ដិត​ស្នា​មេដៃ​នៅ​ហាង​កាហ្វេ​នោះ លោក​គ្រាន់​តែ​អូស​គាត់​ចេញ ដើម្បី​ទៅ​សួរ​នាំ​នៅ​នគរបាល​ប៉ុស្តិ៍​តែ​ប៉ុណ្ណោះ ពីព្រោះ​លោក​មិន​អាច​ឆ្លើយ ឬ​សួរ​នៅ​ហាង​កាហ្វេ​បាន​ឡើយ៖ «អត់​មាន​ក្របួច​អី​ទេ គ្រាន់​តែ​អូស​គាត់​មក គាត់​មិន​មក ទៅ​សួរ​នាំ​ទៅ។ មាន​រឿង​អី? បាន​ជា​មក​សួរ​ខ្ញុំ​ហ្នឹង ខ្ញុំ​មិន​ដឹង​រឿង​អី​ផង»

លោក​បន្ថែម​ចំពោះ​រឿង​ថា លោក ឈុន វុត្ថា គ្រោង​នឹង​ប្ដឹង​លោក​ជុំវិញ​បញ្ហា​នេះ លោក​ថា​ជា​សិទ្ធិ​របស់​គេ។

ចំណែក​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ចំពោះ​ការ​ហៅ​ពលរដ្ឋ​ទៅ​ឆ្លើយ ឬ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​នោះ វា​ជា​រឿង​ផ្លូវ​ការ ប៉ុន្តែ​លោក​ថា ករណី​ក្របួច​ក​អាវ​ពលរដ្ឋ​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ និង​ខុស​ពី​វិន័យ​របស់​មន្ត្រី​នគរបាល ដែល​អាច​ប្រឈម​នឹង​ការ​ពិន័យ​រដ្ឋបាល ដូចជា​ការ​ដក​ប្រាក់​ខែ ឬ​បញ្ឈរ​ជើង ឬ​ដក​តំណែង​តែ​ម្តង ប្រសិន​បើ​ធ្ងន់ធ្ងរ។

លោក នាង សុវ៉ាត៖ «ប៉ុន្តែ​អា​រឿង​ក្របួច​ក​អាវ​នេះ គឺ​ជា​រឿង​ព្រហ្មទណ្ឌ ដែល​ជា​រឿង​ប្រើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ហើយ ហើយ​យើង​សមត្ថកិច្ច តែ​យើង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​វា​ជាប់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា ហើយ​ដោយ​សមត្ថកិច្ច​ទៀត។ អា​ហ្នឹង​បើ​និយាយ​អំពី​កំហុស​វិញ គឺ​ជា​កំហុស​ធ្ងន់ធ្ងរ ពីព្រោះ​អី​យើង​ជា​អ្នក​ផ្តល់​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ យើង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​វិញ ហើយ​យើង​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ។ អា​ហ្នឹង​បើ​និយាយ​ពី​កំហុស​វា​ធ្ងន់​ជាង​ប្រជាពលរដ្ឋ»

លោក​បន្ថែម​ថា កន្លង​មក​ធ្លាប់​មាន​មន្ត្រី​ប៉ូលិស​មួយ​ចំនួន តែង​តែ​បញ្ចេញ​សកម្មភាព​ជា​ការ​គំរាម​កំហែង​ខុស​ពី​វិន័យ​របស់​ខ្លួន ហើយ​សកម្មភាព​ទាំង​នោះ ធ្វើ​ឱ្យ​បាត់​បង់​ទំនុក​ចិត្ត​ពី​ពលរដ្ឋ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​សហការ​ជាមួយ​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។