ប្រជាពលរដ្ឋប្រមាណ ២០០នាក់ នៅព្រឹកថ្ងៃទី១៦ មេសា បានប្រមូលផ្ដុំគ្នាទៅផ្ទះមេភូមិ ដោយនាំគ្នាផ្ដិតស្នាមមេដៃសុំដកប្រធាននគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចេញពីតំណែង ដោយពួកគាត់ចោទប្រកាន់ថា ប្រធានប៉ុស្តិ៍ប្រកាន់បក្ខពួកក្នុងការដោះស្រាយជម្លោះរបស់ប្រជាពលរដ្ឋ។
តំណាងអ្នកភូមិម្នាក់ គឺលោក គង់ ឆនពិសិដ្ឋ រស់នៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍ ថ្លែងនៅថ្ងៃទី១៦ មេសា ថា មូលហេតុដែលអ្នកភូមិប្រមូលគ្នាផ្ដិតស្នាមដៃទម្លាក់ប្រធានប៉ុស្តិ៍ពីតំណែង ដោយសារប្រធានប៉ុស្តិ៍អប់រំកូនចៅរបស់ខ្លួនមិនបាន គឺបណ្ដោយឲ្យកូនចៅដើរអុកឡុកប្រជាពលរដ្ឋពេលជួបជុំបងប្អូនផឹកស៊ីកម្សាន្តសប្បាយក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ កាលពីយប់ថ្ងៃទី១៥ មេសា ឆ្នាំ១០១៤។ លោកបន្តថា លោកប្រធានប៉ុស្តិ៍មិនត្រឹមតែអសមត្ថភាពក្នុងការអប់រំកូនចៅមិនបាននោះទេ គឺថែមទាំងដកកាំភ្លើងអាកាបាញ់បង្អើលនៅខាងមុខផ្ទះរបស់ប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលទៀតផង។
«សំឡេង»
ឆ្លើយតបនឹងបញ្ហានេះ ប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី លោក ម៉ា សាធួន មានប្រសាសន៍ថា លោកអនុវត្តការងារមិនបានប្រកាន់បក្ខពួកក្នុងការដោះស្រាយជម្លោះ ដូចការចោទប្រកាន់របស់អ្នកភូមិនោះទេ។ ចំណែកឯការបាញ់នៅខាងមុខផ្ទះរបស់ប្រជាពលរដ្ឋនោះ លោកបញ្ជាក់ថា ដោយសារតែមានទំនាស់ប្រើអំពើហិង្សាដាក់គ្នា ហើយដើម្បីបញ្ចៀសបញ្ហាទើបលោកបាញ់កាំភ្លើងការពារសុវត្ថិភាព មិនឲ្យមានរឿងរ៉ាវបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។
«សំឡេង»
តែទោះយ៉ាងណា ប្រជាពលរដ្ឋនៅតែតវ៉ាទាមទារដកមេប៉ុស្តិ៍នោះចេញពីតំណែងដដែល។ តាមគ្រោង អ្នកភូមិនាំគ្នាទៅតវ៉ានៅមុខសាលាឃុំសំឡី បន្តទៀត ប៉ុន្តែត្រូវអាជ្ញាធរឃុំសំណូមពរឲ្យបញ្ឈប់ការតវ៉ាមួយរយៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
