ប្រជាពលរដ្ឋនៅឃុំព្រែកចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចោទប្រកាន់មន្ត្រីជលផលថា បានបំពេញការងារមិនត្រឹមត្រូវទៅតាមផ្លូវច្បាប់ឡើយ។ ពួកគាត់លើកឡើងថា មន្ត្រីជលផលចុះបំពេញបេសកកម្មមិនត្រឹមតែយកវត្ថុតាងខុសច្បាប់នោះទេ ប៉ុន្តែថែមទាំងយកទ្រព្យសម្បត្តិរបស់ពួកគាត់ទៀត។ ចំណែកមន្ត្រីជលផលវិញបញ្ជាក់ថា ទ្រព្យសម្បត្តិទាំងនោះ គឺជាវត្ថុតាងដើម្បីយកទៅធ្វើរបាយការណ៍តែប៉ុណ្ណោះ។
ក្រុមអ្នកនេសាទបានឲ្យដឹងថា មន្ត្រីជលផលបានចុះទៅបង្ក្រាបបទល្មើសនេសាទនៅឃុំព្រែកចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅម៉ោង ៣កន្លះទៀបភ្លឺថ្ងៃទី៩ មេសា ប៉ុន្តែពួកគាត់អះអាងថា សកម្មភាពនោះបានធ្វើហួសពីដែនសមត្ថកិច្ចរបស់ខ្លួន។
ប្រធានសហគមន៍នេសាទដីក្រហមនៅឃុំព្រែកចារ ដែលនៅនឹងកន្លែងកើតហេតុដែរនោះ លោក ព្រំ គំនិត បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា ៣ទៀបភ្លឺ ក្រុមការងារមន្ត្រីខណ្ឌជលផលខេត្តកំពង់ចាម បានចុះទៅបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងដីក្រហម។ លោកបន្តថា ក្នុងការបង្ក្រាបនោះ មន្ត្រីទាំងនោះរឹបអូសបានវត្ថុតាងមួយចំនួន ប៉ុន្តែទ្រព្យសម្បត្តិរបស់អ្នកប្រព្រឹត្តិរួមមាន ខ្សែកកាឡៃមួយខ្សែ ផ្លាកដៃ ៧ជីមួយខ្សែ និងថវិកា ៧ម៉ឺនរៀល ត្រូវបានមន្ត្រីជលផលរឹបអូសយកតែម្តង។
លោកបន្ថែមថា ក្រោយមកអ្នកប្រព្រឹត្តិបទល្មើសនេសាទក៏បានទៅមើលទ្រព្យសម្បត្តិឃើញបាត់ពីកាបូប ហើយទុកតែកាបូបទទេ ក៏ទៅសម្រួលសុំពីមន្ត្រីជលផលវិញ ប៉ុន្តែត្រូវបានមន្ត្រីជលផលបដិសេធថាមិនបានយក រហូតដល់មានការតវ៉ាខ្លាំង និងមានការផ្ទុះអាវុធជាច្រើនគ្រាប់ដែលធ្វើឱ្យប្រជាពលរដ្ឋជិត ២០០នាក់ផ្អើលទៅមើលទៀតផង៖ «វាអត់ត្រឹមត្រូវ! បើចាប់ត្រឹមត្រូវមានច្បាប់ផាកពិន័យមានអី ហៅប្រជាពលរដ្ឋទល់មុខគ្នាទៅ។ ឥឡូវអ្នកឯងរកខុសច្បាប់អ៊ីចឹង ត្រូវបង់ជាប្រាក់ឱ្យខ្ញុំប៉ុណ្ណេះ ម៉ារកហ្នឹងដល់ទៅចាប់ចងគ្នាវ៉ៃគ្នាបាក់ដៃបាក់ជើង ដូចជាការផ្ទុះអាវុធល្ងាចមិញអ៊ីចឹង បើគ្រោះថ្នាក់ទៅចំណេញតែងាប់អត់ប្រយោជន៍»។
លោកចង់ឱ្យអាជ្ញាធរយកច្បាប់មកអនុវត្ត មិនមែនធ្វើសកម្មភាពអ្វីមួយហាក់ដូចជាមានការលួចលាក់នោះទេ។
ទាក់ទងការចោទប្រកាន់នេះ នាយប៉ុស្តិ៍ឃុំព្រែកចារ ដែលសាកសួរមន្ត្រីជលផល និងប្រជាពលរដ្ឋដែលមានបញ្ហានោះ លោក ផុន សុខុម មានប្រសាសន៍ថា រឿងដែលកើតឡើងនៅព្រឹកថ្ងៃទី៩ មេសា នោះ គឺមន្ត្រីជំនាញជលផលខេត្តកំពង់ចាម បានចុះទៅបង្ក្រាបបទល្មើសនេសាទនៅបឹងដីក្រហម ដែលមានគ្នាចំនួន ៤នាក់ អមនឹងកម្មករ ៤នាក់ផ្សេងទៀត ក្រោមការដឹកនាំរបស់នាយរងខណ្ឌជលផល គឺលោក ហ៊ីង សុផាន់ណារិទ្ធិ។ លោកបន្តថា នៅពេលចុះបង្ក្រាបនោះ មន្ត្រីជលផលរឹបអូសបានឧបករណ៍នេសាទខុសច្បាប់មួយចំនួន ប៉ុន្តែអ្នកប្រព្រឹត្តិបទល្មើសទាំងនោះមិនត្រូវបានចាប់ខ្លួននោះទេ។
លោកបន្តថា មន្ត្រីទាំងនោះមិនត្រឹមតែរឹបអូសយកវត្ថុតាងនោះទេ ប៉ុន្តែថែមទាំងយកទ្រព្យសម្បត្តិរបស់អ្នកនេសាទខុសច្បាប់ទាំងនោះទៀតផង ក៏ធ្វើឱ្យម្ចាស់ទ្រព្យមកសុំយកវិញ ប៉ុន្តែមន្ត្រីជលផលបដិសេធថាមិនបានយក រហូតធ្វើឱ្យមានផ្ទុះអាវុធចំនួនពីរគ្រាប់ឡើង៖ «មិនទទួលស្គាល់ថាគាត់បានយកទេ ដល់អត់ទទួលស្គាល់ ខាងប្រជាពលរដ្ឋដែលទៅដំបូងមានប្រមាណជា ២០ ទៅ ៣០នាក់ទេ ដែលរកស៊ីនៅបឹងហ្នឹង ក៏តាមមកសុំវិញ ទទួលខាងជលផលអត់ទទួលស្គាល់ខាងប្រជាជនហ្នឹង ចាប់កអាវកម្មករដែលគាត់ជួលពីខាងរកាកោង ហ្នឹង ស្រុកមុខកំពូល ដល់អានោះភ័យក៏ឆ្លើយថាខ្សែផ្លាកដៃខាងជលផលបានយកមែន»។
លោកបន្ថែមទៀតថា ទន្ទឹមមានការផ្អើលឆោឡោនោះ ម៉ូតូរបស់មន្ត្រីជលផល ១គ្រឿងក្នុងចំណោម ៣គ្រឿង ត្រូវជនមិនស្គាល់មុខបានដុតកម្ទេចចោល។ ហើយករណីនេះ ក៏បានសម្របសម្រួលគ្នាចប់សព្វគ្រប់រួចហើយដែរនៅព្រឹកថ្ងៃទី៩ មេសា។
នាយរងខណ្ឌជលផលខេត្តកំពង់ចាម លោក ហ៊ីង សុផាន់ណារិទ្ធិ មានប្រសាសន៍យ៉ាងខ្លីថា ចំពោះរឿងយកទ្រព្យសម្បត្តិជនល្មើសនោះ គឺលោកមិនបានដឹងនោះទេ ក៏ប៉ុន្តែសម្ភារៈខុសច្បាប់ និងទ្រព្យសម្បត្តិផ្សេងៗ គឺរក្សាទុកជាវត្ថុតាងតែប៉ុណ្ណោះ៖ «ហ្អេល! មិនមែនយកទេ អាហ្នឹង គឺជាវត្ថុតាងដែលរឹបអូស។ បាទ! អត់មានពាក់ព័ន្ធយកអីទេ ពីព្រោះវត្ថុតាងវានៅលើទោសហ្នឹងណា៎»។
យ៉ាងណាក៏ដោយ មេប៉ុស្តិ៍ឃុំព្រែកចារ បញ្ជាក់ថា រឿងនេះបានដោះស្រាយបញ្ចប់ទៅហើយ ហើយការរឹបអូសវត្ថុតាងណាមួយ គឺជាសមត្ថកិច្ចស្របច្បាប់របស់មន្ត្រីជលផល ក៏ប៉ុន្តែចំណុចខុសឆ្គងរបស់មន្ត្រីជលផលក្នុងរឿងនេះ គឺការដកហូតយកទ្រព្យសម្បត្តិរបស់អ្នកប្រព្រឹត្តិ ដោយមិនបានបង្ហាញច្បាស់លាស់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
