ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​អភិវឌ្ឍ​តំបន់​តាម​ព្រំដែន​កម្ពុជា-ថៃ

ដោយ ដែន អយុធ្យា
2013-03-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
១៩-កុម្ភៈ-២០១៣៖ ច្រក​ទ្វារ​ព្រំដែន​ជាំសាងុំា ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ថៃ។
១៩-កុម្ភៈ-២០១៣៖ ច្រក​ទ្វារ​ព្រំដែន​ជាំសាងុំា ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ថៃ។
RFA/Den Ayuthea

សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ពន្លឿន​ការ​អភិវឌ្ឍ​តាម​ព្រំដែន និង​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​ទៅ​សង់​លំនៅឋាន​ឲ្យ​បាន​ច្រើន ដើម្បី​ទប់ស្កាត់​ការ​លួច​រំកិល​បង្គោល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង។

សំណើ​នេះ បាន​កើត​មាន​បន្ទាប់​ពី​ពួក​គេ​សង្កេត​ឃើញ​ថា ប្រទេស​ថៃ នៅ​តែ​ប៉ុនប៉ង​លួច​រំកិល​បង្គោល​ព្រំដែន​រំលោភ​ចូល​ទឹកដី​កម្ពុជា តាម​តំបន់​គ្មាន​មនុស្ស​រស់នៅ។

អ្នក​វិភាគ​បញ្ហា​សង្គម និង​ប្រជាពលរដ្ឋ​មួយ​ចំនួន រស់នៅ​តាម​បន្ទាប់​ព្រំដែន​កម្ពុជា-ថៃ នា​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា របង​ការពារ​ព្រំដែន​ដែល​រឹងមាំ និង​មាន​ប្រសិទ្ធភាព គឺ​លំនៅឋាន​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ។

អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ដែល​បាន​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ នៅ​ខែ​មីនា ឆ្នាំ​២០១៣ មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ឲ្យ​មាន​ប្រព័ន្ធ​ទឹក ភ្លើង សាលា​រៀន ឬ​មន្ទីរពេទ្យ ពិសេស​ផ្លូវ​ថ្នល់​នៅ​តាម​បន្ទាត់​ព្រំដែន​មាន​ពលរដ្ឋ​រស់នៅ និង​មាន​សកម្មភាព​សេដ្ឋកិច្ច គឺ​ជា​រនាំង​ដ៏​រឹងមាំ ដើម្បី​ទប់ស្កាត់​ការ​លួច​រំកិល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង​មាន​ប្រសិទ្ធភាព​ជាង​ការ​បោះ​កំណត់​បង្គោល​ព្រំដែន​ថ្ម។

ជាង​នេះ​ទៀត លោក​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​គួរ​ចំណាយ​ពេល​វេលា​ចុះ​ស៊ើប​អង្កេត​ជា​សម្ងាត់ ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​មាន​ការ​រំកិល​ព្រំដែន​ពី​ភាគី​ថៃ ចូល​ក្នុង​ទឹកដី​ខ្មែរ​ពិត​ដូច​ពលរដ្ឋ​អះអាង​ដែរ​ទេ?

លោក កែម ឡី បន្ត​ថា សព្វថ្ងៃ​នេះ​មាន​បញ្ហា​ជាច្រើន​ដែល​មន្ត្រី​ដឹកនាំ​តាម​រាជធានី​ខេត្ត​ជាប់​តាម​ព្រំដែន​ថៃ មួយ​ចំនួន​មិន​បាន​ផ្តល់​ព័ត៌មាន​ពិត​ជូន​រដ្ឋាភិបាល ហើយ​ជានិច្ច​ជា​កាល ពួក​គេ​បាន​និយាយ​បំផ្លើស​ការ​ពិត ឬ​ភូត​កុហក​ថ្នាក់​ដឹកនាំ។

ចំណែក​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​តាម​ព្រំដែន​កម្ពុជា-ថៃ ក៏​បាន​អះអាង​ថា សព្វថ្ងៃ​នេះ​រដ្ឋាភិបាល​ហាក់​មិន​បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទៅ​សង់​ផ្ទះ ឬ​ជំរុញ​ការ​អភិវឌ្ឍ​តាម​ព្រំដែន​ឲ្យ​បាន​ច្រើន​ទេ។ លោក​ថា ការ​យឺតយ៉ាវ​នេះ ជា​ហេតុ​នាំ​ឲ្យ​ថៃ មាន​ឱកាស​លួច​រំកិល​ព្រំដែន ឬ​ពង្រាយ​ទ័ព​ចូល​ឈរ​ជើង​តាម​ព្រំដែន​ក្នុង​ទឹកដី​ខ្មែរ​នៅ​តាម​តំបន់​គ្មាន​ពលរដ្ឋ​រស់នៅ និង​សមត្ថកិច្ច​ប្រចាំ​ការ។

កសិករ​រស់នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​យល់​ឃើញ​ថា របង​ការពារ​ព្រំដែន​មិន​ឲ្យ​ថៃ លួច​រំកិល​ព្រំដែន​បាន​នោះ គឺ​លំនៅឋាន និង​ការ​អភិវឌ្ឍ​ឲ្យ​មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ព្រំដែន។ ប្រជាពលរដ្ឋ​បាន​ស្នើ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ជួយ​គិតគូរ​​បញ្ហា​នេះ។

ស្រដៀង​គ្នា​ដែរ​សម្រាប់​ពលរដ្ឋ​រស់នៅ​ស្រុក​អូរជ្រៅ និង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សព្វថ្ងៃ​នេះ​បើ​សិន​រដ្ឋាភិបាល​មិន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទៅ​សង់​ផ្ទះ​បាន​ច្រើន​តាម​បន្ទាត់​ព្រំដែន​ទេ ថៃ នឹង​បន្ត​លួច​រំកិល​ព្រំដែន​ចូល​ទឹកដី​ខ្មែរ​ជា​រហូត។

ពលរដ្ឋ​អះអាង​ថា សកម្មភាព​លួច​រំកិល​ព្រំដែន​ចូល​ទឹកដី​ខ្មែរ​របស់​ថៃ គឺ​ភាគ​ច្រើន​ថៃ បាន​រំកិល​ចូល​នៅ​តាម​តំបន់​ព្រៃ និង​គ្មាន​ផ្ទះ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប្រចាំ​ការ ហើយ​ភាគ​ច្រើន​ជា​តំបន់​ដែល​រដ្ឋាភិបាល​មិន​ទាន់​មាន​ការ​អភិវឌ្ឍ។

បញ្ហា​ថៃ រុល​ចូល​តាម​ព្រំដែន​នេះ ពលរដ្ឋ​បាន​បន្ទោស​ទៅ​លើ​អាជ្ញាធរ​ថា​មិន​មាន​សកម្មភាព​តបត ឬ​ប្រតិកម្ម​ទៅ​ភាគី​ថៃ ទេ។ ប៉ុន្តែ​សមត្ថកិច្ច​ខ្មែរ​មាន​ពេល​ខ្លះ បែរ​ជា​មក​ហាម​ពលរដ្ឋ​ខ្លួន​ឯង​មិន​ឲ្យ​សង់​លំនៅឋាន ឬ​ដាំ​ដំណាំ​នៅ​លើ​ទឹកដី​ចម្ការ​របស់​ខ្លួន ដែល​នៅ​ជិត​ព្រំដែន ដោយ​លើក​ហេតុផល​ថា ជា​តំបន់​ស​ទៅ​វិញ។ បញ្ហា​នេះ វា​ខុស​ប្លែក​ពី​ភាគី​ថៃ ដែល​សមត្ថកិច្ច​គេ​បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​គេ​ទៅ​សង់​ផ្ទះ​តាម​ព្រំដែន និង​អភិវឌ្ឍន៍​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ និង​គេ​មិន​ដែល​គិត​ថា​មាន​តំបន់​ស​តាម​ព្រំដែន​ទេ។

រឿង​នេះ ពលរដ្ឋ​ព្រួយ​បារម្ភ​ថា ទៅ​ថ្ងៃ​អនាគត​ទំនង​ជា​ទឹកដី​តាម​ព្រំដែន​ខ្មែរ​នឹង​ត្រូវ​បាត់​បង់​ច្រើន​ថែម​ទៀត​ទៅ​ឲ្យ​ថៃ បើ​អាជ្ញាធរ​នៅ​តែ​គាប​សង្កត់​ពលរដ្ឋ​របៀប​សព្វថ្ងៃ​នេះ។ ត្រង់​ចំណុច​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម យល់​ថា រាល់​ថ្ងៃ​នេះ មន្ត្រី​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ ខ្លះ មាន​ការ​លាក់លៀម​ព័ត៌មាន​ពិត​នៃ​សកម្មភាព​ថៃ រុល​រំលោភ​ទឹកដី​តាម​ព្រំដែន មិន​ឲ្យ​ប្រមុខ​ដឹកនាំ​បាន​ដឹង​ទេ។ លោក​ថា បញ្ហា​នេះ​ទាមទារ​ឲ្យ​ប្រមុខ​ដឹកនាំ​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់។

ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ពន្លឿន​ការ​អភិវឌ្ឍ​ឲ្យ​មាន​មន្ទីរពេទ្យ សាលា​រៀន ប្រព័ន្ធ​ទឹក​ភ្លើង ផ្លូវ​ថ្នល់ និង​លើក​ទឹកចិត្ត​ពលរដ្ឋ​សង់​លំនៅឋាន​រស់នៅ​តាម​ព្រំដែន​ឲ្យ​បាន​ច្រើន ទើប​ជា​រនាំង​ការពារ​ព្រំដែន​មាន​ប្រសិទ្ធភាព។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​តាម​ព្រំដែន​មាន​ដូច​ជា​នៅ​ខេត្ត​បន្ទាយមានជ័យ ជាដើម ដែល​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ ព្រោះ​ការ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​បែប​នេះ ជា​ដើម​ហេតុ​នាំ​ឲ្យ​ថៃ មាន​ឱកាស​រំលោភ​ចូល​​ដី​​ខ្មែរ​តាម​ព្រំដែន។

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន បាន​អះអាង​ថា ជិត ២០​ឆ្នាំ​មក​នេះ ភាគី​ថៃ បាន​លួច​រំកិល​ព្រំដែន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ ដែល​អតីត​កងទ័ព​ខ្មែរ​ក្រហម​ធ្លាប់​គ្រប់គ្រង​អំឡុង​ពេល​មាន​សង្គ្រាម​ចាប់​ពី ១​គីឡូម៉ែត្រ​ឡើង​ទៅ ហើយ​ថា សកម្មភាព​នេះ​សមត្ថកិច្ច​ថ្នាក់​មូលដ្ឋាន​មិន​ហ៊ាន​តវ៉ា ឬ​ប្រតិកម្ម​ជាមួយ​ថៃ ទេ។

សមត្ថកិច្ច​មិន​បញ្ចេញ​ឈ្មោះ​មួយ​ចំនួន​ប្រចាំ​ការ​តាម​ច្រក​ព្រំដែន​កម្ពុជា នា​ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​ស្គាល់​ថា ប្រទេស​ថៃ ពិត​ជា​បាន​រំលោភ និង​ពង្រាយ​កងទ័ព​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​ជា​បន្តបន្ទាប់​ពិត​មែន ប៉ុន្តែ​មិន​ហ៊ាន​ប្រតិកម្ម​ទេ ព្រោះ​យល់​ថា មិន​មែន​ជា​សមត្ថកិច្ច​ពួក​គេ​ត្រូវ​ដោះស្រាយ​ទេ វា​ជា​ភារកិច្ច​រដ្ឋាភិបាល។

បញ្ហា​នេះ មន្ត្រី​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ មាន​ខេត្ត​បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​បាត់ដំបង ជាដើម ក៏​បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ជុំវិញ​បញ្ហា​ថៃ រំកិល​ព្រំដែន​ចូល​ក្នុង​ដី​ខ្មែរ​នេះ។

យ៉ាង​ណា​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឆ្នាំ​២០១២ មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​តាម​ព្រំដែន​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​រក្សា​អធិបតីភាព បូរណភាព​ទឹកដី​កម្ពុជា មិន​ឲ្យ​បរទេស​លួច​រំកិល​ព្រំដែន។ លោក​សង្កត់​ធ្ងន់​ថា យុទ្ធសាស្ត្រ​សាងសង់​កាស៊ីណូ តាម​បន្ទាត់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ជិត​ខាង ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​លួច​រំកិល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង ចូល​ទឹក​ដី​កម្ពុជា ដែរ។ លោក​បន្ត​ថា ផែន​ការ​អភិវឌ្ឍន៍​តាម​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​លួច​រំកិល​បង្គោល​ព្រំដែន គឺ​រដ្ឋាភិបាល​បាន​គិតគូរ​យូរ​មក​ហើយ។ ជាង​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​ក្រោម​ឱវាទ សុទ្ធ​តែ​បាន​អះអាង​ថា នឹង​រក្សា​អធិបតីភាព​កម្ពុជា មិន​ឲ្យ​បរទេស ឬ​ថៃ ឈ្លាន​ពាន​សូម្បី​តែ​១​មិល្លីម៉ែត្រ​បាន​ទេ។ ប៉ុន្តែ ការ​អះអាង​នេះ ពលរដ្ឋ​រិះគន់​ថា ជា​ការ​អះអាង​ផ្ទុយ​ពី​ការ​ពិត។

យ៉ាង​នេះ​ក្តី ពលរដ្ឋ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​តាម​ព្រំដែន ឲ្យ​បាន​ច្រើន​ដូច​ដែល​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​នៅ​ទីក្រុង​ដែរ ព្រោះ​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​មិន​ទាន់​អភិវឌ្ឍន៍​តំបន់​ព្រំដែន​បាន​ច្រើន​ទេ។ ពលរដ្ឋ​ឲ្យ​ដឹង​ថា ប្រទេស​ថៃ ព្រំដែន​គេ​ដល់​ត្រឹម​ណា គេ​អភិវឌ្ឍ​ឲ្យ​មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ មាន​ប្រព័ន្ធ​ទឹក​ភ្លើង សាលា​រៀន និង​មន្ទីរពេទ្យ ពិសេស​ផ្លូវ​ថ្នល់​ដល់​ត្រឹម​នោះ។ ជាង​នេះ ថៃ បាន​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ខ្លួន ឲ្យ​ទៅ​សង់​លំនៅឋាន​តាម​ព្រំដែន​ច្រើន​កុះករ និង​មាន​សកម្មភាព​សេដ្ឋកិច្ច ដែល​សកម្មភាព​នេះ រដ្ឋាភិបាល​កម្ពុជា អនុវត្ត​មិន​ទាន់​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សូមជួយមើលប្រុំដែនផងបាត់ច្រើនណាស់ទាំងសង់ខាង(កើត+លិច)

Mar 29, 2013 06:56 PM

Ratha

ក្នងងដំណាក់កាលមុនបោះឆ្នោត សូមបងប្អូនឆាប់ស្នើចុះ
ក្រែងលោបានតាមបំណង តែជាធម្មតាទេមុនបោះឆ្នោត
មានតែពាក្យភូតភរទេ គ្រាន់តែទទួលយកពាក្យសន្យាប៉ុណ្ណោះ
មិនបានតាំងចិត្តអនុវត្តន៍តាមពាក្យសន្យាណាមួយនោះទេ 
ពិសេសបេក្ខជនគណបក្សកំពុងកាន់អំណាចសព្វថ្ងៃនេះ។

Mar 24, 2013 10:01 AM

អ្នក​អាន​អនាមិក

Is it people duty or govt duty to protect the country. It's strange because Hun Sen govt never encourage people to protect the country,instead he throws people in jail if people talk about border esp.w/VN.

Mar 24, 2013 12:26 AM

អ្នក​អាន​អនាមិក

ពី United States

រដ្ធាភិបាលគួរតែជួយជ្រោមជ្រែងពលរដ្ធខ្មែរ អោយទៅបង្កើតភូមិនិងដីស្រែចំការនៅជាប់ទល់ដែនទាំងពីរ
គឺទល់ដែនខ្មែរថៃនិងទល់ដែនខ្មែរយួន ដើម្បីពួកគាត់អាចជួយយាមជួយមើលថែរកស្សាដីខ្មែរ កុំអោយចោរលួច។

Mar 23, 2013 09:45 PM

គេហទំព័រ​ទាំងមូល