ប្រជាពលរដ្ឋប្រុសស្រីចាស់ក្មេង ខ្លះពាក់មួក និងខ្លះមានកន្សែងរុំក្បាល ធ្វើដំណើរដោយម៉ូតូអមដោយរថយន្តប្រមាណ ៥គ្រឿង និងមានរថយន្តខ្លះបំពាក់ដោយឧបករណ៍បំពងសំឡេងផង។ ពួកគេបានហែក្បួនទៅធ្វើបាតុកម្ម ដោយឈរស្រែកទាមទារនៅខាងមុខសាលាដំបូងខេត្តព្រៃវែង ដោយស្រែកស្នើឲ្យតុលាការដោះលែង លោក ឡន យឺន ចេញពីពន្ធនាគារ។
«សំឡេងតវ៉ា»
លោក ឡន យឺន ត្រូវបានតុលាការខេត្តព្រៃវែង ចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៣ ដោយចោទប្រកាន់ពីបទប្រទូសកេរ្តិ៍ភេទលើស្ត្រីម្នាក់។
តំណាងប្រជាពលរដ្ឋដឹកនាំបាតុកម្ម លោក ឡន ស៊ីម និយាយរៀបរាប់នៅថ្ងៃទី១៨ ធ្នូ នៅខាងមុខសាលាដំបូងខេត្តព្រៃវែង ថា កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៣ លោក ឡន យឺន ជាចុងចោទ ព្រមទាំងក្មេងៗប្រមាណ ៤នាក់ កាលណោះបានដឹកគោទៅចង ដោយដើរកាត់មុខផ្ទះរបស់គូភាគីម្ខាងទៀត គ្រានោះស្រាប់តែប្ដីរបស់ស្ត្រីជាដើមចោទ បានហៅឲ្យចូលលេង។ ក្រោយមក នៅរសៀលថ្ងៃដដែល បន្ទាប់ពីចុងចោទត្រឡប់មកផ្ទះវិញ ស្រាប់តែមានរឿងរ៉ាវប្ដឹងចោទប្រកាន់ថា បានទៅស្ទាបគូថប្រពន្ធដើមចោទ រហូតឈានដល់ការចាប់ចុងចោទដាក់ពន្ធនាគារនៅថ្ងៃទី៦ ធ្នូ តែម្ដង៖ «តាំងពីចៅហ្វាយស្រុកតាំងពីអធិការរង តាំងពីប្រធានប៉ុស្តិ៍ តាំងពីមេឃុំ តាំងពីមេភូមិ គេគាំទ្រស៊ើបអង្កេតទៅអ៊ីចឹងទាំងអស់។ ម៉េចក៏ព្រះរាជអាជ្ញាចេញអត់មានដីកាមួយបន្ទាត់សោះ ទៅចាប់ខ្លួនមនុស្សមកនេះ សម្រាប់តែធ្វើអ៊ីចឹង ដាក់គុក លែងអ៊ីចឹងទៅ»។
ក្រុមប្រជាពលរដ្ឋថ្លែងនៅខាងមុខសាលាដំបូងខេត្តព្រៃវែង ថា ពួកគេធ្វើបាតុកម្មទាមទារឲ្យតុលាការដោះលែងដើមចោទចេញពីពន្ធនាគារជាបន្ទាន់។ ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា ការធ្វើបាតុកម្មដោយសារតុលាការចាប់ចុងចោទដាក់ពន្ធនាគារដោយខ្វះការស៊ើបអង្កេតច្បាស់លាស់៖ «បើបាត់មាន់វាមួយក៏វាចាប់ដាក់គុកដែរនៅម្ដុំហ្នឹង ឲ្យតែបាត់មេមាន់វាមួយក៏វាចាប់ដាក់គុកដែរ ឈ្មោះ មន ហ្នឹង។ តុលាការចាប់ ឡន យឺន យកមកដាក់គុក គាត់គ្មានកំហុសអីទេ ថាទៅរំលោភប្រពន្ធវាប្រពន្ធអីចោទប្រកាន់ខុសទទេ ខ្ញុំនៅហ្នឹងជាក់ស្ដែង»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងប្ដី ឬប្រពន្ធដើមចោទ និងមន្ត្រីតុលាការ ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៨ ធ្នូ។
រីឯអធិការក្រុងព្រៃវែង ដែលបានការពារសន្តិសុខកន្លែងបាតុកម្មមុខសាលាដំបូងខេត្ត លោក នុត ប៊ុនឌឿន មានប្រសាសន៍ថា សមត្ថកិច្ចនឹងចាត់ឲ្យតំណាងក្រុមបាតុករចំនួន ៤នាក់ ឲ្យចូលទៅពិភាក្សាជាមួយមន្ត្រីតុលាការ ដោះលែងដើមចោទតាមការទាមទាររបស់ប្រជាពលរដ្ឋ៖ «គាត់ប្ដឹងរឿងមិនប្រក្រតី រឿងតុលាការ ហើយគាត់ថាប្រជាជនស្លូតត្រង់។ បើនិយាយទៅ សាច់រឿងហ្នឹងកើតនៅខាងពារាំង ហើយខ្ញុំនៅក្រុងនេះគ្រាន់តែបញ្ជាមករក្សាសន្តិសុខសណ្ដាប់ធ្នាប់ទេ ទេសាច់រឿងខ្ញុំអត់ដឹងទេ អត់ដឹងច្បាស់លាស់ថាយ៉ាងម៉េចទេ។ អ៊ីចឹងចាំនាំតំណាងរបស់គាត់មួយ ឬ ២នាក់ ជូនទៅខាងក្នុងបានដឹងរឿងរបស់គាត់»។
បន្ទាប់ពីបាតុកម្មរបស់ប្រជាពលរដ្ឋរយៈពេលជិត ២ម៉ោង គឺនៅវេលាម៉ោងប្រមាណ ១២ និង ៣០នាទី ថ្ងៃដដែលនេះ តុលាការបានសម្រេចដោះលែង លោក ឡន យឺន ចេញពីពន្ធនាគារវិញ តាមការទាមទាររបស់ក្រុមបាតុករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។