ប្រជាពលរដ្ឋនៅបឹងក្រពើ ក្នុងភូមិទ្រា៤ សង្កាត់មានជ័យ ខណ្ឌមានជ័យ ទទូចដល់អាជ្ញាធរក្រុងភ្នំពេញ ត្រូវពន្លឿនផ្ដល់ដំណោះស្រាយបញ្ហាទឹកស្អុយរលួយលិចផ្លូវ និងចូលផ្ទះរបស់ពួកគាត់ ដោយសារការចាក់ដីលុបបឹងរបស់លោក ណឹម ម៉េង ជូនពួកគាត់ឱ្យបានឆាប់រហ័ស។ ពលរដ្ឋរិះគន់ថា អាជ្ញាធរមិនត្រូវរកលេសពន្យារពេលមួយថ្ងៃជាពីរថ្ងៃ ប៉ុន្តែមិនដោះស្រាយបែបនេះទេ។
អ្នកនាំពាក្យសាលាក្រុងភ្នំពេញ ឆ្លើយតបថា អាជ្ញាធរកំពុងដោះស្រាយ ហើយនឹងដោះស្រាយរួចរាល់ក្នុងពេលឆាប់ៗនេះ។
ការចាក់ដីលុបបឹងក្រពើ ដោយលោកឧលញ៉ា ណឹម ម៉េង រហូតមកទល់ពេលនេះ ក្រុមហ៊ុន និងអាជ្ញាធរ មិនទាន់ដោះស្រាយរួចរាល់នូវសំណងជូនពលរដ្ឋ និងបង្ហូរទឹកស្អុយរលួយ ចេញពីផ្ទះពួកគាត់នៅឡើយទេ។
ពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិទ្រា៤ នោះ លោក វ៉ាន់ ណេត និយាយថា ទឹកកខ្វក់ស្អុយរលួយលាយឡំជាមួយសំរាម អណ្តែតត្រៀបត្រាពេញផ្ទៃទឹក និងមានលាយដោយទឹកលាមកផងនោះ គឺដោយសារតែការអភិវឌ្ឍតាមចិត្តចង់ខ្វះមូលដ្ឋាននៃការសិក្សាពីភូមិសាស្ត្រ និងប្រព័ន្ធលូបង្ហូរទឹកមិនច្បាស់លាស់ជាហេតុផលចម្បងបណ្តាលឱ្យមានផលប៉ះពាល់ដល់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
លោក វ៉ាន់ ណេត៖ «វាអត់ព្រមដោះស្រាយទេ វាទុក្ខឱ្យយើងដោះស្រាយ។ ប្រធានភូមិអីនិយាយអ៊ីចឹងដែរ ឱ្យដោះខ្លួនឯងធ្វើអីចេញ។ អ្នកច្បាប់ហ្នឹងឱ្យគេជួយ គេអត់ជួយយើងផង ដឹងនិយាយម៉េចទេពួកនេះ»។
លោកបន្ថែមថា អ្នកមានគិតតែពីចង់មានកប់ពពក មិនខ្វាល់ខ្វល់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋអ្នកក្រនោះទេ។ ម្យ៉ាងវិញទៀត មេភូមិទ្រា៤ ហាក់ភ័យខ្លាច ចំពោះលោកឧកញ៉ានោះណាស់។ លោកមេភូមិនោះ មិនហ៊ានចេញមុខដោះស្រាយនោះទេ។ លោកបន្ថែមថា គេមានលុយគេចង់ធ្វើអ្វីតាមចិត្តនឹកឃើញ ទោះពលរដ្ឋយំស្រែករកការជួយពីរដ្ឋាភិបាល ក៏រដ្ឋាភិបាលបានត្រឹមតែសន្យាថ្ងៃនេះ ថ្ងៃនោះ ប៉ុន្តែមិនព្រមអនុវត្តសោះ។
ស្ត្រីម្នាក់ផ្សេងទៀត លោកស្រី អូន ពៅ លើកឡើងថា ការចាក់ដីលុបបឹងក្រពើ ដោយលោក ណឹម ម៉េង នេះ គឺធ្វើបាបប្រជាពលរដ្ឋពេកហើយ។ ប្រជាពលរដ្ឋម្នាក់ៗ ប្រឈមមុខនឹងជំងឺគ្រុនក្តៅ ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ឈឺក ក្តៅខ្លួន ស្ទើរតែគ្រប់គ្នាហើយ។ មន្ត្រីអាជ្ញាធរមូលដ្ឋានបានត្រឹមតែឈរមើលដកដង្ហើមធំ ប៉ុន្តែមិនឃើញដោះស្រាយជូនពលរដ្ឋសោះ។ លោកស្រីបន្តថា កូនលោកស្រីមិនបានទៅរៀនទេ ប៉ុន្មានថ្ងៃមកហើយ ព្រោះតែឈឺដោយសារក្លិនទឹកកខ្វក់ស្អុយរលួយនេះ។
លោកស្រី អូន ពៅ៖ «កូនខ្ញុំឆ្នាំប្រឡងផង ប្តីខ្ញុំមន្ត្រីរាជការ អត់បានទៅធ្វើការទេ ព្រោះទឹកលិចម៉ាស៊ីនម៉ូតូ។ ពីរអាទិត្យហើយ អត់ដោះស្រាយសោះ»។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនសូនី របស់លោក ណឹម ម៉េង បានផ្អាកចាក់ដីលុបក្រពើនោះហើយ និងកំពុងស្តារដីភក់ ដីល្បាប់ដែលច្រាលលិចផ្លូវ និងចូលផ្ទះពលរដ្ឋ ប៉ុន្តែមិនទាន់ដោះស្រាយបញ្ហាទឹកស្អុយកខ្វក់នោះទេ។ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ឡុង ឌីម៉ង់ ឆ្លើយតបថា សាលាក្រុងភ្នំពេញ ជំរុញឱ្យលោក ណឹម ម៉េង ត្រូវទទួលខុសត្រូវ និងត្រូវពន្លឿនការដោះស្រាយឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរក្រុងភ្នំពេញ យកចិត្តទុកដាក់ដោះស្រាយបញ្ហាទឹកស្អុយនោះជូនពួកគាត់ ដោយមិនត្រូវសន្យាឱ្យរួចតែពីមាត់ ប៉ុន្តែមិនអនុវត្តបែបនេះទេ។ ពលរដ្ឋលើកឡើងថា ពួកគាត់ពិតជាពិបាករស់នៅក្នុងស្ថានភាពដែលមានក្លិនទឹកស្អុយរលួយ លាយឡំជាមួយសំរាម និងលាមកបែបនេះណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
