សង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្សនៅខេត្តត្បូងឃ្មុំ រកឃើញថា នៅមានបញ្ហាមួយចំនួនដែលធ្វើឱ្យពលរដ្ឋខ្លះសម្រេចចិត្តមិនធ្វើអត្តសញ្ញាណប័ណ្ណ។ កត្តាទាំងនោះ មួយផ្នែកកើតឡើងដោយសារកត្តាជីវភាពក្រីក្រ ម្យ៉ាងដោយសារតែអាជ្ញាធរមិនបានយកចិត្តទុកដាក់បម្រើសេវាជូនពលរដ្ឋឱ្យបានល្អ។ ទោះជាយ៉ាងណា អាជ្ញាធរបញ្ជាក់ថា មិនមានបញ្ហាចោទចំពោះអាជ្ញាធរទេ ប៉ុន្តែដោយសារពលរដ្ឋខ្លះមិនបានចូលរួមច្រើនជាង។
មន្ត្រីសង្គមស៊ីវិលនៅខេត្តត្បូងឃ្មុំ សង្កេតឃើញថា នៅឆ្នាំនេះ ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ យកចិត្តទុកដាក់នាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណច្រើនជាងពេលមុនៗ។ ទោះយ៉ាងណាក៏មានពលរដ្ឋខ្លះ ត្រូវបង្ខំចិត្តមិនធ្វើអត្តសញ្ញាណប័ណ្ណទេ ដោយសារកត្តាផ្ដល់សេវាជូនពួកគាត់ពីសំណាក់សមត្ថកិច្ចមានការលំបាក។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ភាពមិនប្រក្រតីខ្លះ ដែលកើតឡើងដោយសារការផ្ដល់សេវារបស់មន្ត្រីនគរបាលមួយចំនួនមិនបានល្អ ដូចជាការបែងចែកក្រដាសបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋមិនបានស្មើភាពគ្នា។ លើសពីនេះទៀត នៅតាមតំបន់ដាច់ស្រយាលខ្លះមានការលក់លិខិតស្នាមទាំងនោះ ព្រមទាំងបញ្ហាកង្វះក្រដាសបំពេញបែបបទជាដើម។ បញ្ហានេះ ធ្វើឱ្យពលរដ្ឋដែលព្យាយាមទៅធ្វើអត្តសញ្ញាណប័ណ្ណជាច្រើនដងមិនបានសម្រេច អស់សង្ឃឹម ហើយក៏សម្រេចចិត្តឈប់ធ្វើប័ណ្ណសំគាល់ខ្លួនទៀតផង៖ «មិនមែនទាំងអស់ទេ គឺកន្លែងខ្លះចេះតែបង្កការលំបាកដល់ប្រជាពលរដ្ឋដែលទៅធ្វើហ្នឹង»។
ឆ្លើយតបចំពោះបញ្ហាខាងលើនេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ មានប្រសាសន៍ថា ដំណើរការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត សម្រេចបាន ៧០ភាគរយហើយ។ ជាមួយគ្នានេះ សមត្ថកិច្ចនឹងបន្តធ្វើជូនពលរដ្ឋឱ្យបានចប់ ១០០ភាគរយ នៅពេលខាងមុខ ដោយមានទាំងទីស្នាក់ការចល័ត និងអចិន្ត្រៃយ៍ ដើម្បីធ្វើជូនប្រជាពលរដ្ឋផង។ បន្ថែមពីនេះ សមត្ថកិច្ចក៏បានប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយឱ្យពលរដ្ឋនាំគ្នាទៅបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់ៗគ្នា។
លោកបន្តថា សមត្ថកិច្ចបំពេញការងារមិនបានចោទជាបញ្ហាទេ ទាំងសេវាកម្ម សម្ភារៈបច្ចេកទេស ពោលគឺមានមធ្យោបាយ និងលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាជន ប៉ុន្តែបញ្ហាប្រឈមនោះគឺមានពលរដ្ឋខ្លះមិនបានមកធ្វើឱ្យទាន់ពេលវេលា៖ «ជួបរាល់ថ្ងៃ គឺប្រជាពលរដ្ឋយើងមិនបានចាប់អារម្មណ៍ពីសន្លឹកអត្តសញ្ញាណប័ណ្ណហ្នឹងតែម្ដង ដោយសារកត្តាជីវភាពគាត់ ដោយសារគាត់ចាស់ហើយ»។
ដំណើរការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនៅខេត្តត្បូងឃ្មុំ គឺចាប់ផ្ដើមធ្វើជូនប្រជាពលរដ្ឋតាំងពីឆ្នាំ២០១៤ ហើយបន្តរហូតដោយគ្មានពេលកំណត់។ នៅក្នុងគោលការណ៍របស់ក្រសួងមហាផ្ទៃ ការធ្វើអត្តសញ្ញាណប័ណ្ណ គឺតម្រូវឱ្យពលរដ្ឋបង់ប្រាក់ចំនួន ១ម៉ឺនរៀល សម្រាប់មនុស្សម្នាក់។ ទោះយ៉ាងណា តម្លៃមួយម៉ឺនរៀល សម្រាប់ពលរដ្ឋក្រីក្រ នៅតាមជនបទ គឺពិបាកស្វែងរកប្រាក់ទាំងនោះ ដើម្បីបានទៅធ្វើប័ណ្ណសំគាល់ខ្លួន។
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋនៅឃុំគគីរ ស្រុកមេមត់ មួយរូប អ្នកស្រី មុំ ធឿន រៀបរាប់ថា លោកស្រី និងកូនបីនាក់ទៀត មិនបានធ្វើអត្តសញ្ញាណប័ណ្ណឡើយ ដោយសារតែជីវភាពលំបាក ហើយម្យ៉ាងនៅពេលលោកស្រីទៅធ្វើ សមត្ថកិច្ចមិនបានធ្វើឱ្យពួកគាត់ ដោយយោងទៅលើលោកស្រីមិនមានឯកសារគ្រប់គ្រាន់ ដូចជាសៀវភៅគ្រួសារ និងសំបុត្របញ្ជាក់កំណើតជាដើម។
លោកស្រីបន្តថា នៅពេលពួកគាត់នាំគ្នាទៅធ្វើសៀវភៅគ្រួសារ ឬសំបុត្រកំណើត គឺអាជ្ញាធរទាមទារឱ្យលោកស្រីបង់ប្រាក់ច្រើនពេក រហូតធ្វើឱ្យពួកគាត់សម្រេចចិត្តថា មិនធ្វើតែម្ដង។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមានការសម្រួលតម្លៃណាមួយដើម្បីឱ្យស្របទៅតាមលទ្ធភាពប្រជាពលរដ្ឋក្រីក្រ លោកស្រីសង្ឃឹមថា ក្រុមគ្រួសារលោកស្រី ព្រមទាំងអ្នកភូមិក្រីក្រផ្សេងទៀត នឹងអាចមានអត្តសញ្ញាណប័ណ្ណដូចគេដូចឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
