ពលរដ្ឋឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្អូញត្អែរពីបញ្ហាផ្លូវខូចលំបាកធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅផ្សារ។ ក្រុមអ្នកភូមិបារម្ភថា បើមានអ្នកភូមិឈឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់នោះ អាចនឹងដាច់ខ្យល់ស្លាប់មុននឹងបញ្ជូនទៅដល់មន្ទីរពេទ្យ។ ប៉ុន្តែអាជ្ញាធរអះអាងថា ផ្លូវក្រួសក្រហមដែលកំពុងខូចខាតនេះ នឹងត្រូវស្ថាបនាថ្មីដោយក្រាលកៅស៊ូ។
អ្នកភូមិជាច្រើនភូមិត្អូញត្អែរលំបាកធ្វើដំណើរកាត់ផ្លូវក្រាលក្រួសក្រហមប្រមាណ ៧គីឡូម៉ែត្រចេញពីផ្លូវជាតិលេខ៥ ក្បែរសាលាឃុំអូរសណ្ដាន់ រហូតដល់ភូមិអូរតាប្រុក នៃឃុំអូរសណ្ដាន់។
ពលរដ្ឋម្នាក់នៅភូមិថ្នឹង លោក សោម ទី មានប្រសាសន៍នៅថ្ងៃទី១៥ ខែកញ្ញា ថា ពីរបីឆ្នាំហើយដែលផ្លូវនេះខូច ប៉ុន្តែរយៈពេលមួយឆ្នាំចុងក្រោយនេះផ្លូវមានជង្ហុកធំៗ និងកន្លែងខ្លះមានទឹកដក់ធ្វើដំណើររអិលដួលទៀតផង។ អ្នកភូមិដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះរាល់ថ្ងៃមាន ៦ភូមិ ហើយពលរដ្ឋខ្លះត្រូវឡើងចុះទិញអីវ៉ាន់ពីផ្សារមកលក់ដូរញឹកញាប់នៅផ្ទះ មានការលំបាកដឹកអីវ៉ាន់ឆ្លងកាត់ផ្លូវនេះណាស់៖ «សូម្បីតែយើងមានជំងឺ ឬអ្នកស្រុកមានជំងឺ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យក៏យើងយ៉ាប់ទៅ។ បើសិនណាអត់ភ្លៀងអាហ្នឹងអាចបន្តិច បើថា ភ្លៀងដូចមិញមិនដឹងធ្វើដំណើរទៅយ៉ាងណាយ៉ាងណី ពិបាកមែនទែន។ សំណូមពរថា រាជរដ្ឋាភិបាលជួយកសាងផ្លូវល្អមក ដើម្បីឲ្យប្រជាពលរដ្ឋ (ស្រួលធ្វើដំណើរ) សូម្បីកសិករដែលធ្វើស្រែចម្ការ ពេលបានរបស់របរងាយស្រួលដឹកយកទៅលក់ដូរនៅទីផ្សារ តែបើយើងអត់ផ្លូវប្រជាកសិករទៅលក់ដូរ ឬយកសម្ភារៈមកលក់ដូរក៏ពិបាកធ្វើដំណើរ»។
ចំណែកពលរដ្ឋម្នាក់ទៀត លោកស្រី នុត ម៉ារិន ថា ស្ថានភាពលំបាកក្នុងការធ្វើដំណើររាល់ថ្ងៃនេះគាត់អាចទ្រាំបាន ព្រោះកន្លងទៅផ្លូវនោះមានសភាពលំបាកជាងនេះទៅទៀត។ លោកស្រីថា រាល់ឆ្នាំ មេឃុំ និងព្រះចៅអធិការវត្ត បានដឹកនាំពលរដ្ឋ និងព្រះសង្ឃជួលជុលផ្លូវនេះដែរ ដោយកាប់ដីដាក់លើរទេះរួចដើរចាក់តាមជង្ហុក ឬរណ្ដៅដក់ទឹក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ៖ «ពីដើមមកវាលំបាកជាងហ្នឹងទៀត! មករាល់ថ្ងៃហ្នឹងដូចថា លំបាកម៉េចក៏គ្រាន់ជាងមុន។ ពីមុនផ្លូវសរអិលមុខរអិលក្រោយ រាល់ថ្ងៃបានផ្លូវក្រួសក្រហមហើយគ្រាន់តែថា វាមានជង្ហុកបន្តិចដោយឡានបើកជានិច្ចកាលអ៊ីចឹងទៅណា។ ទើបឃើញឆ្នាំនេះទេលំបាកខ្លាំង រាល់ឆ្នាំមកលោកមេឃុំតែងតែនាំប្រជាពលរដ្ឋជួសជុលមក»។
ឆ្លើយតបបញ្ហានេះជំទប់ទី១ ឃុំអូរសណ្ដាន់ លោក គឹម ប៊ុនសម្បត្ដិ បញ្ជាក់ថា ផ្លូវលំមួយខ្សែប្រវែង ៨គីឡូម៉ែត្រនេះ បានធ្វើតាំងពីឆ្នាំ១៩៩៥ ហើយបានជួសជុលពីរដង គឺម្ដងនៅឆ្នាំ២០០២ និងម្ដងទៀតនៅឆ្នាំ២០០៧។ លោកថា ការជួសជុលបន្ទាប់បន្សំរយៈពេលចុងក្រោយនេះ គឺដើម្បីរង់ចាំគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូរបស់ក្រសួងអភិវឌ្ឍន៍ជនបទចេញពីផ្លូវជាតិលេខ៥ ឆ្ពោះទៅតភ្ជាប់ផ្លូវកៅស៊ូមួយខ្សែទៀតឋិតនៅខាងលិចភូមិអូរតាប្រុក នៃឃុំអូរសណ្ដាន់ នៅចុងឆ្នាំ២០១៦ ឆាប់ៗនេះ៖ «នៅរង់ចាំខាងក្រសួងគេធ្វើហ្នឹងហើយ! ដល់ក្រសួងធ្វើទៅ យើងទុកលុយហ្នឹងទៅធ្វើផ្លូវតាមឃុំរបស់យើងវិញ បានន័យថា របស់ក្រសួងទុកឲ្យក្រសួង ហើយអាលុយមូលនិធិរបស់ឃុំធ្វើផ្លូវផ្សេងៗពីហ្នឹង»។
ផ្លូវមួយខ្សែនេះ ជាសរសៃឈាមយ៉ាងសំខាន់របស់ពលរដ្ឋរស់នៅប៉ែកខាងក្រោមផ្លូវជាតិលេខ៥ នៃឃុំអូរសណ្ដាន់ ដើម្បីដឹកជញ្ជូនកសិផលលក់ដូរនៅផ្សារក្រគរ ឬផ្សារពោធិ៍សាត់ និងចេញចូលព្យាបាលជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
