អ្នកភូមិថ្លែងថា បទល្មើសនេសាទនៅឆ្នាំ២០១៣ នេះ មានការកើនឡើងច្រើនជាងឆ្នាំមុន ហើយវាកំពុងគំរាមកំហែងដល់ធនធានមច្ឆាជាតិ។ អ្នកប្រព្រឹត្តិបទល្មើស ភាគច្រើនសុទ្ធជាអ្នកមានខ្នងបង្អែក រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធឃុបឃិតការពារពួកគេនៅពីក្រោយខ្នង។
អ្នកប្រកបរបរនេសាទជាលក្ខណៈគ្រួសារ ដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ថា នៅខេត្តបាត់ដំបង ការចុះបង្ក្រាបបទល្មើសនេសាទដោយមន្ត្រីជំនាញ និងអាជ្ញាធរចម្រុះ ធ្វើឡើងចំពោះឧបករណ៍ល្មើសដែលមានទ្រង់ទ្រាយតូច ប៉ុន្តែស្បៃមងក្រឡាល្អិតរបស់អ្នកមានបក្ខពួក ពុំបានបំផ្លាញនោះឡើយ។
បញ្ហានេះ ពួកគាត់ដឹងថា បណ្ដាលមកពីការឃុបឃិតគ្នារវាងរដ្ឋអំណាចមូលដ្ឋាន និងក្រុមឈ្មួញទិញត្រីធំនៅពីក្រោយខ្នងជនល្មើស។ អ្នកមានលុយកាក់ បានប្រើលុយឧបត្ថម្ភទៅអ្នកភូមិចុះប្រព្រឹត្តបទល្មើសដាក់ស្បៃមងចាប់ត្រី។ នៅពេលពួកគេចាប់ត្រីបានហើយ ត្រូវយកត្រីទាំងនោះលក់ឲ្យពួកគេវិញ មិនអាចយកទៅលក់ឲ្យអ្នកផ្សេងបាននោះឡើយ។
លេខាសហគមន៍នេសាទព្រែកហ្លួងស្ដីលើ លោក រឹម រំដួល ថ្លែងថា ការប្រើស្បៃមងក្រឡាល្អិតដាក់ចាប់ត្រីនៅក្នុងបឹងទន្លេសាប ឆ្នាំ២០១៣ នេះ គឺពិតជាបានកើនឡើងច្រើនជាងឆ្នាំកន្លងទៅ។ ស្បៃមងក្រឡាល្អិតនោះ មានច្រើនខ្សែ និងមានចម្ងាយច្រើនគីឡូម៉ែត្រ ត្រូវបានគេដាក់ពាសពេញផ្ទៃបឹងទន្លេសាប។ លោកបន្តថា សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនកន្លងទៅនេះ បានសហការគ្នាចុះបង្ក្រាប ប៉ុន្តែពុំទទួលបានលទ្ធផលធំដុំទេ។
លោកបន្តថា ដើម្បីបង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពនោះ ពួកគេគួរពង្រឹងការអនុវត្តច្បាប់ និងពិន័យដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរចំពោះជនល្មើស។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងសុំការបញ្ជាក់ពី លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ។
កន្លងទៅថ្មីៗនេះ អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល ធ្លាប់បានផ្ដល់អនុសាសន៍ថា យន្តការប្រសើរសម្រាប់ការបង្ក្រាបបទល្មើសនេសាទនេះ ទាមទារការប្ដេជ្ញាចិត្តខ្ពស់ទាក់ទិនទៅនឹងក្រុមមន្ត្រីជំនាញជលផល និងអាជ្ញាធរពាក់ព័ន្ធ ព្រោះក្នុងរយៈកាលកន្លងមក វិធានការបង្ក្រាបរបស់រដ្ឋាភិបាលពុំមានប្រសិទ្ធភាពយូរអង្វែង។ បញ្ហានេះ បណ្ដាលមកពីភាពកម្សោយនៃការអនុវត្តច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
