ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ស្រុក​អង្គរបុរី​ថា​មិន​បង្ក្រាប​ល្បែង​ស៊ី​សង

ល្បែង​ស៊ី​សង​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ឃុំ​អង្គរបុរី ខេត្ត​តាកែវ។ ប្រជាពលរដ្ឋ​ដែល​មាន​ក្រុម​គ្រួសារ​ប្រព្រឹត្ត​ល្បែង​ស៊ី​សង​ដែល​លក់​បញ្ចាំ​វត្ថុ​មាន​តម្លៃ​ទាំង​ឡាយ បាន​ខឹង​សម្បារ​នឹង​អាជ្ញាធរ​មិន​បង្ក្រាប​បទ​ល្មើស​នេះ។

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​តាកែវ ថ្លែង​នៅ​ថ្ងៃ​ទី៨ តុលា ថា ល្បែង​ស៊ី​សង​ចាក់​សត្វ ឬ​ហៅ​ថា​យូគី ល្បែង​ភ្នាល់​បាល់ ប្រដាល់ ល្បែង​បៀ​ជាដើម កំពុង​តែ​លេង​ស៊ី​សង​នៅ​ក្នុង​ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា នៅ​រាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ មាន​រថយន្ត​ទំនើបៗ​មក​ភ្នាល់​ល្បែង​នៅ​ឃុំ​អង្គរបុរី នោះ។ គាត់​សុំ​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ល្បែង​ស៊ី​សង និង​ល្បែង​ភ្នាល់​នោះ​ផង កុំ​ឲ្យ​កើត​អសន្តិសុខ​ក្នុង​មូលដ្ឋាន។ លោក​ថា ក្រុម​គ្រួសារ​ខ្លះ​មាន​កូន​ចៅ​លេង​ល្បែង​ចាញ់​អស់​ម៉ូតូ និង​សម្ភារៈ​ក្នុង​ផ្ទះ បង្ក​ជម្លោះ​ក្នុង​ក្រុម​គ្រួសារ៖ «ឡាន​ណែនៗ​ចូល​ទៅ​លេង ដូច​ទីផ្សារ​សេរី​អ៊ីចឹង ឡើង​ណែន​តែ​ម្តង​ដូច​កាស៊ីណូ​មាន​ច្បាប់​អ៊ីចឹង»

មេ​ភូមិ​កំពង់ហ្លួង លោក កឹម តែម ថ្លែង​ថា ល្បែង​មាន​លេង​នៅ​ក្នុង​តំបន់​នោះ ដូច​ជា​កន្ទុយ​លេខ និង​លេង​បៀ​ស៊ី​សង​១០០​រៀល មិន​មាន​ការ​ភ្នាល់​ធំ​ដុំ​នោះ​ទេ។

មេ​ឃុំ​អង្គរបុរី លោក ជូរ ផារិន ថ្លែង​ថា ល្បែង​ស៊ី​សង​ពិត​ជា​មាន ប៉ុន្តែ​មិន​មែន​ទ្រង់ទ្រាយ​ធំ ឬ​មាន​ការ​ស៊ី​សង​រហូត​អស់​ប្រាក់​កាស​អ្នក​ភូមិ​ច្រើន​ទេ។ លោក​ថា ល្បែង​ទាំង​នោះ​ភាគ​ច្រើន​ភ្នាល់​ប្រដាល់ និង​ស្ត្រីៗ​លេង​បៀ​តិចតួច៖ «មិន​មែន​យូគី​ទេ គេ​មាន​ចាក់​បាល់ មាន​អា​ពេល​កីឡា​ម្តងម្កាល គេ​ចាក់​តាម​ទូរទស្សន៍ អេច្ឆ.ធី.វី (HTV) គេ​ចាក់​មើល​កីឡា​ប្រដាល់ ហើយ​ចាក់​អី​នាយ​អាយ​ហ្នឹង។ ល្បែង​ភ្នាល់​ទេ មិន​មែន​លេង​យូគី​ទេ វា​គ្រាន់​តែ​ថា ប្រដាល់​វៃ​គ្នា​ថៃ-ខ្មែរ​អី​ហ្នឹង។ វា​លេង​មិន​ជា​ធំ​ដុំ​អី​ទេ លេង​តែ​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ​អី​ហ្នឹង​នាយ​អាយ​កំប៉ិកកំប៉ុក​អី ស្រីៗ​នាយ​អាយ គាត់​ចេះ​តែ​លេង​ទឹក​ក្រហម ទឹក​អី​ហ្នឹង»

ជំទប់​ទី១ ឃុំ​អង្គរបុរី លោក ហួត ចាំ ឲ្យ​ដឹង​ថា ល្បែង​ស៊ី​សង​នៅ​ក្នុង​ឃុំ​នោះ​មាន​លេង​ក្បែរ​ផ្លូវ​ធ្វើ​ដំណើរ និង​លេង​ដោយ​ចំហ។ លោក​ថា អាជ្ញាធរ​ជា​ស៊ីវិល​មិន​អាច​បង្ក្រាប​ល្បែង​នោះ​បាន​ទេ បើ​ប៉ូលិស​មិន​អើពើ​ចូល​រួម​បង្ក្រាប។ លោក​បន្ថែម​ថា ល្បែង​នោះ​ទំនង​ជា​មាន​អ្នក​កាង ទើប​អ្នក​លេង​ល្បែង​កើត​មាន​រាល់​ចុង​សប្ដាហ៍ មិន​ខ្លាច​ញញើត​បញ្ជា​នាយក​រដ្ឋមន្ត្រី៖ «ល្បែង​ស៊ី​សង គេ​លេង​គឺ​សុទ្ធតែ​មាន​ខ្នង​គេ​ហើយ។ ឃើញ​តែ​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ ឃើញ​ច្រើន​មែន ឃើញ​តាំង​ពី​កីឡា​ភ្នាល់​ប្រដាល់​អី​ឡើង​ទៅ»

ពាក់ព័ន្ធ​បញ្ហា​នោះ អនុប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គរបុរី លោក សៅ សឿន ថ្លែង​ថា មាន​អ្នក​ទាក់ទង​លោក​តាម​ទូរស័ព្ទ មក​សុំ​បើក​ល្បែង​ស៊ី​សង​ក្នុង​ឃុំ​នេះ​កន្លង ប៉ុន្តែ​មិន​មាន​ការ​អនុញ្ញាត អ្នក​ទាក់ទង​បាន​ផ្តាច់​ទូរស័ព្ទ។ លោក​ថា ល្បែង​តាម​លោក​ដឹង ដូច​ជា​មាន​ចាក់​សត្វ ភ្នាល់​ប្រដាល់ ជាដើម។ លោក​កំពុង​ឃ្លាំ​មើល ក្រែង​ល្បែង​ស៊ី​សង​វា​រីក​ធំ​នៅ​ក្នុង​ឃុំ នាំ​ឲ្យ​មាន​កង្វល់​ពី​រឿង​អសន្តិសុខ៖ «ល្បែង​យូគី​ហ្នឹង មិន​មែន​យូគី ទេ អា​ហ្នឹង​គេ​ហៅ​លេង​ចាក់​សត្វ។ កាល​មុន​មាន​មែន គឺ​យូរ​ហើយ តែ​ឥឡូវ​នេះ គាត់​មក​សុំ​លេង តែ​ខ្ញុំ​ហ្នឹង​ថា​ឲ្យ​គាត់​ទៅ​ទាក់ទង​លោក​អធិការ​ទៅ ព្រោះ​ខ្ញុំ​ពុំ​មាន​សិទ្ធិ​ឲ្យ​លេង​ល្បែង​ទេ។ ខ្ញុំ​រាយការណ៍​ទៅ​លោក​ស្តីទី ជុំ សុខន ហើយ ថា​ល្បែង​ស៊ី​សង​ហ្នឹង គាត់​មក​សុំ​ទាក់ទង​ខ្ញុំ គឺ​ថា​ខ្ញុំ​អត់​មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​គាត់​សុំ​ទៅ​លើ​ទៀត​ទៅ ពីព្រោះ​ថា ល្បែង​ស៊ី​សង​វា​ជា​ការ​ប្រព្រឹត្ត​ខុស​ច្បាប់»

ក្រុម​ប្រឹក្សា​ស្រុក​អង្គរបុរី លោក អ៊ុំ គាវ ថ្លែង​ថា បាន​ទទួល​បណ្ដឹង​អំពី​ល្បែង​ស៊ី​សង​កើត​ឡើង​នៅ​ក្នុង​ស្រុក​អង្គរបុរី ដែរ។ លោក​នឹង​លើក​បញ្ហា​នោះ​ដាក់​ជូន​អភិបាល​ស្រុក នៅ​ពេល​ប្រជុំ​ប្រចាំ​ខែ ដើម្បី​ទប់ស្កាត់ បង្ក្រាប និង​ដើម្បី​គោរព​បទ​បញ្ជា​នាយក​រដ្ឋមន្ត្រី ហាម​ពលរដ្ឋ​លេង​ល្បែង​ស៊ី​សង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។