ពលរដ្ឋ​រង​ការ​ប៉ះពាល់​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​២​បារម្ភ​ពី​សំណង

គម្រោង​វិនិយោគ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ត្រូវ​រដ្ឋសភា​អនុម័ត​ឲ្យ​មាន​ការ​សាងសង់​ហើយ តែ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ត្រូវ​ប៉ះពាល់​ដោយ​សារ​ការ​សាងសង់​នោះ មិន​ដឹង​ពី​សំណង​មាន​ដូចជា ដើម​ឈើ ព្រៃ​តំណម ព្រៃ​កប់​សព​ដូន​តា និង​ថ្លៃ​ទិញ​គោ​ក្របី​ស្រា កាប់​សែន​លា​ខ្មោច​អារក្ស និង​សុំ​ខ្មោច​អារក្ស​ចូល​ទៅ​រស់នៅ​ដើម្បី​ប្ដូរ​សេចក្តី​សុខ​សប្បាយ​តាម​ជំនឿ​ជន​ជាតិ​ភាគ​តិច។

0:00 / 0:00

ចំណែក​គម្រោង​ពី​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ជូន​ប្រជាជន​រង​ផល​ប៉ះពាល់​ដោយ​សារ​គម្រោង​នោះ ក្នុង​ទឹក​ប្រាក់​ជិត ៤២​លាន​ដុល្លារ។

អាជ្ញាធរ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ពាំ​នាំ​ពាក្យ​ស្នើសុំ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន ព្នង ចារាយ ឡាវ កួយ និង​គ្រឹង ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន ដែល​វិនិយោគ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ព្រម​សង​នូវ​សំណង​ដើម​ឈើ​ហូប​ផ្លែ ព្រៃ​តំណម ព្រៃ​កប់​សព​ដូន​តា ជាដើម ដែល​មិន​មាន​ចែង​នៅ​ក្នុង​សំណង​របស់​រដ្ឋាភិបាល។

ការ​ទាម​ទារ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ ​អនុម័ត​យល់​ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជ​រដ្ឋាភិបាល​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ បន្ទាប់​ពី​សង្គម​ស៊ីវិល និង​ជន​ជាតិ​ដើម​ភាគ​តិច​ទាម​ទារ​កុំ​ឲ្យ​រដ្ឋសភា​អនុម័ត ខណៈ​ការ​វាយ​តម្លៃ​សំណង​មិន​ទាន់​ឯកភាព​ពី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ច្រើន​ជន​ជាតិ​ដែល​រស់នៅ​តំបន់​វិនិយោគ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ផ្ទាល់​នោះ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ថ្លែង​បន្ថែម​ថា ពលរដ្ឋ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ពី​សំណង​ផ្សេងៗ​ក្នុង​វិនិយោគ​ទំនប់​ អគ្គិសនី​សេសាន​ក្រោម​២ នោះ ទើប​សុំ​ឲ្យ​អាជ្ញាធរ​ត្រូវ​ទារ​ពី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​បន្ថែម​ឲ្យ​គាត់​ទៀត៖ «សំណង​ដើម​ខ្នុរ ដើម​ស្វាយ អត់​មាន​ឮ​សោះ ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​ក្រុមហ៊ុន ឬ​ក៏​រដ្ឋាភិបាល សូម​ពិចារណា​ឡើង​វិញ»

តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ក្បាលរមាស លោក កែវ មីប ថ្លែង​ថា រដ្ឋាភិបាល និង​អភិបាល​ខេត្ត ប្រជុំ​ប្រាប់​ពី​សំណង គឺ​តែ​លើ​ការ​ដូរ​ទីតាំង​ថ្មី និង​ចែក​ដី​កសិកម្ម​ទេ ប៉ុន្តែ​មិន​បាន​ប្រាប់​សំណង​ដើម​ឈើ ដែល​គាត់​បាន​ដាំ​ហូប​ផ្លែ​ប្រចាំ​ឆ្នាំ​នោះ​ឡើយ៖ «ពេល​ដែល​គេ​ដក​ហូត​ទៅ យើង​បាន​ថ្លៃ​ដំណាំ​ខ្លះៗ»

តំណាង​សហគមន៍​ជន​ជាតិ​ឡាវ លោក ហ្វុត ខឿន ថ្លែង​ថា រដ្ឋាភិបាល​មិន​បាន​គិត​ពី​សំណង​ផ្ទះ​ក្នុង​ចម្ការ​ដែល​សង់​ធំៗ ប្រហែល​ផ្ទះ​សង់​ក្នុង​ភូមិ​នោះ​ទេ។ ហេតុ​នេះ ពលរដ្ឋ​ទាម​ទារ​ឲ្យ​សង​តម្លៃ​នោះ​ដែរ។

តំណាង​សហគមន៍​ជន​ជាតិ​កួយ លោក ចាន់ ថុន ថ្លែង​ថា ព្រៃ​តំណម និង​ព្រៃ​កប់​សព​ដូន​តា ក្រុមហ៊ុន និង​អាជ្ញាធរ មិន​ទាន់​គិត​ចូល​ក្នុង​សំណង​ដែរ។ ពួក​គាត់​ក៏​សុំ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ជួយ​ចេញ​ថ្លៃ​ទិញ​គោ ក្របី ស្រា សម្រាប់​សែន​ខ្មោច​អារក្ស ទាំង​កន្លែង​ត្រូវ​ចេញ និង​កន្លែង​ត្រូវ​ចូល​ទៅ​រស់នៅ ដើម្បី​បង្ការ​ខ្មោច​ព្រាយ កុំ​ឲ្យ​មក​ធ្វើ​បាប​ពួក​គាត់ និង​កូន​ចៅ៖ «តាម​ប្រពៃណី បើ​សិន​ជា​យើង​មិន​កាប់​ជ្រូក កាប់​មាន់ មិន​សែន ប៉ះ​គេ​មើល​មិន​ជា មាន​តែ​ងាប់​ប៉ុណ្ណឹង»

ជំទប់​ទី២ ឃុំ​ស្រែគរ លោក កា ធី ថ្លែង​ថា អភិបាល​ខេត្ត​ស្ទឹងត្រែង ប្រជុំ​ប្រាប់​ថា ទីតាំង​ថ្មី​ដែល​សហគមន៍​ត្រូវ​ទៅ​រស់នៅ​មាន​ចម្ងាយ ១៥​គីឡូម៉ែត្រ ពី​ទីតាំង​ចាស់​ដែល​ស្ថិត​នៅ​ត្រើយ​ម្ខាង​ទន្លេ​សេសាន។ ប៉ុន្តែ​អ្វី​ដែល​ពលរដ្ឋ​ក្នុង​សហគមន៍​មិន​ទាន់​ដឹង​ច្បាស់​ពី​សំណង​នោះ គឺ​ដើម​ឈើ​ហូប​ផ្លែ និង​ផ្ទះ​ក្នុង​ដី​ស្រែ​ចម្ការ និង​ដី​កប់​សព​ដូន​តា ព្រៃ​តំណម និង​ជួយ​ចេញ​ថ្លៃ​គោ ក្របី ស្រា ដែល​សហគមន៍​គេ​នឹង​កាប់​សែន​ព្រេន ជម្រាប​លា​ខ្មោច​អារក្ស សុំ​សុខ​សប្បាយ ដែល​គេ​ត្រូវ​រើ​លំនៅ​ចេញ និង​សែន​ព្រេន​ខ្មោច​អារក្ស ពេល​គេ​ចូល​ទៅ​រស់នៅ​តំបន់​ថ្មី។

មេ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា តាម​ការ​សិក្សា​ពី​ឆ្នាំ​២០១១ រាជ​រដ្ឋាភិបាល​ស្រង់​ចំនួន​ពលរដ្ឋ​ដែល​នឹង​ប្ដូរ​ចេញ​ក្នុង​ឃុំ​នោះ​មាន​តែ ៤៥០​គ្រួសារ​ទេ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០១៣ ពលរដ្ឋ​បែក​ពី​ឪពុក​ម្តាយ បាន​កើន​ចំនួន​រហូត​ទៅ​ដល់ ៤៧០​គ្រួសារ ហើយ​កំពុង​បែក​រៀបការ​បែក​ចេញ​ច្រើន​ទៀត។ លោក​ថា កិច្ច​សន្យា​ប្ដូរ​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​ សេសាន​ក្រោម​២ គឺ​តាម​ការ​ប្រជុំ​ប្រាប់ គឺ​ប៉ះពាល់​តែ​ពលរដ្ឋ ៣​ឃុំ​ទេ មាន ៦​ភូមិ និង​មាន​ចំនួន​គ្រួសារ​តែ​ជាង ៧០០​គ្រួសារ​ទេ​ដែល​ត្រូវ​រើ​ទៅ​រស់នៅ​ចំណុច​ត្រពាំងជ្រៃ ចម្ងាយ ១៥​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់។ ក្នុង ១គ្រួសារ នឹង​បាន​ដី​ភូមិ​ក្បាល ៥០​ម៉ែត្រ គុណ ១០០​ម៉ែត្រ។ ដី​ស្រែ​ចម្ការ គឺ​ក្នុង ១​គ្រួសារ​ទទួល​បាន ៥​ហិកតារ មិន​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​នឹង​ជីក​អណ្ដូង​ទឹក​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ទឹក​ស្អាត ៥​គ្រួសារ។

សេចក្តី​ថ្លែង​ហេតុ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា លេខ​០១ ស.ជ.ណ នបច ចំណុច​ទី៥ ដោះស្រាយ​ផល​ប៉ះពាល់​មាន​ទឹក​ប្រាក់​ជិត ៤២​លាន​ដុល្លារ ជូន​ប្រជាជន​រង​ផល​ប៉ះពាល់​ដោយ​សារ​គម្រោង ដែល​ក្នុង​នោះ​រួម​មាន ការ​ដោះស្រាយ​ប៉ះ​ប៉ូវ​គោល​នយោបាយ ការ​សង់​លំនៅ​ថ្មី ការ​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា រួម​មាន ផ្លូវ​ថ្នល់ សាលា​រៀន វត្ត​អារាម មណ្ឌល​សុខភាព ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត សាលា​ឃុំ ប៉ុស្តិ៍​នគរបាល ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។