ពុទ្ធបរិស័ទចំណុះជើងវត្តឧទុម្ពរ នៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខកចិត្ត និងលែងចង់ធ្វើបុណ្យទានតាមរយៈព្រះសង្ឃគង់នៅក្នុងវត្តនេះ។ ការបង្ហាញពីភាពអស់សទ្ធាលើព្រះសង្ឃ គឺបន្ទាប់ពីពុទ្ធបរិស័ទ អាចារ្យ និងគណៈកម្មការវត្តមើលឃើញថា ព្រះចៅអធិការបានប្រព្រឹត្តខុសធម៌វិន័យជាច្រើនករណី។ ប៉ុន្តែព្រះចៅអធិការបដិសេធថា ការចោទប្រកាន់មកលើរូបព្រះអង្គ គឺពុំមានភស្តុតាងអ្វីទាំងអស់។
គណៈកម្មការវត្ត និងតំណាងពលរដ្ឋឲ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ថា មន្ត្រីធម្មការស្រុក ខេត្ត និងអាជ្ញាធរមូលដ្ឋានមិនអើពើដោះស្រាយអធិករណ៍នៅក្នុងវត្តឧទុម្ពរទេ បើទោះបីពលរដ្ឋនាំគ្នាផ្ដិតមេដៃជាង ២០០នាក់ ដាក់ជូនមេឃុំស្វាយជ្រំ ការិយាល័យធម្មការស្រុក និងមន្ទីរធម្មការខេត្ត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីសុំដកព្រះចៅអធិការវត្តឧទុម្ពរ ព្រះនាម អឿ សំណាង ចេញពីវត្ត។
ព្រះចៅអធិការព្រះនាម អឿ សំណាង ត្រូវពុទ្ធបរិស័ទចោទថា បានលេងអុកដើរលេងយប់ ចាក់ធុងបាសឮៗពេលយប់ ពោលពាក្យមិនសមជាព្រះសង្ឃ កិបកេងបច្ច័យ និងអសកម្មក្នុងការកសាងវត្តជាដើម។ ពលរដ្ឋក៏អះអាងដែរថា នៅពេលខ្លះព្រះអង្គមិនបានគោរពវិន័យធម៌ក្នុងនាមជាព្រះសង្ឃឡើយ ដោយគង់កូតទ្រមើលពួកនេនៗ លាត់ស្បង់ជីពលេងឈូសដាក់លុយក្នុងបរិវេណវត្តអារាមក៏មាន។
តំណាងពលរដ្ឋ និងជាមេភូមិឧទុម្ពរ លោក ហ៊ុន ភាន់ មានប្រសាសន៍ថា រយៈពេល ៦ឆ្នាំដែលព្រះចៅអធិការ អឿ សំណាង គង់ក្នុងវត្តឧទុម្ពរ មានពលរដ្ឋក្នុងភូមិក្បែរវត្តជាច្រើននាក់ រាយការណ៍មកលោកអំពីភាពខុសឆ្គងរបស់ព្រះចៅអធិការរូបនេះ។
លោកថា ក្នុងពេលដ៏ឆាប់ខាងមុខ បើមន្ត្រីធម្មការ ឬព្រះមេគណខេត្តមិនដកព្រះចៅអធិការនេះចេញទេ អាចមានប្រតិកម្មពីពលរដ្ឋកាន់តែខ្លាំង៖ «កន្លងមកប្រជាពលរដ្ឋ ១០០ភាគរយ គាត់អត់ពេញចិត្រ (ព្រះចៅអធិការ អឿ សំណាង) ក៏ប៉ុន្តែខ្ញុំ មេឃុំ និងគណៈកម្មការវត្ដចេះតែអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឲ្យចូលវត្តកសាងទៅឃើញថា បានមួយកម្រិតដែរ កសាងជាមួយប្រជាពលរដ្ឋហ្នឹង ប៉ុន្តែចូលឆ្នាំទី១ ទីពីរទៅ ចេះតែមានបញ្ហាកើតឡើង ហើយក៏មិនអាចលាក់បាំងជាមួយប្រជាពលរដ្ឋកើតដែរ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះព្រះចៅអធិការវត្តឧទុម្ពរ ព្រះនាម អឿ សំណាង ដែលកំពុងលេងហ្គេមតាមកុំព្យូទ័រនៅលើកុដិរបស់ព្រះអង្គហ៊ុមព័ទ្ធដោយសំបុកពីងពាង ធូលីដី និងកន្ទុយបារីនោះ ព្រះអង្គបានងាកមកផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ថា ការចោទប្រកាន់របស់ពុទ្ធបរិស័ទ និងគណៈកម្មការវត្តមកលើព្រះអង្គ គឺពុំមានភស្តុតាងអ្វីទាំងអស់។
ស្របពេលដែលព្រះអង្គទទួលស្គាល់ថា ព្រះអង្គពិតជាបានលេងអុក និងចាក់ធុងបាសនោះ ព្រះអង្គចោទថា អ្នកភូមិឧទុម្ពរ តែងតែរករឿងចោទប្រកាន់មកលើព្រះចៅអធិការស្ទើរគ្រប់ជំនាន់ ឬគណៈកម្មការវត្តដោយមានអ្នកញុះញង់៖ «អាការលេងអុកនេះ គឺគ្រាន់តែលេងកែអផ្សុកនៅក្នុងទីកន្លែង ឬទីអាវាស។ ដោយលើកុដិរបស់ព្រះចៅអធិការមិនដឹងថា មានភ្ញៀវ ឬមានអ្នកស្និទ្ធស្នាលជាមួយអាត្មាមួយណាទេ ដែលជាអ្នករាយការណ៍ ក្រោយពីដឹងអំពីទង្វើរបស់អាត្មានៅក្នុងវត្តឧទុម្ពរនេះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីធម្មការស្រុក និងខេត្ត ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៤ ខែមិថុនា។ ប៉ុន្តែកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ មានមន្ត្រីធម្មការស្រុក និងអាជ្ញាធរឃុំ ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះដោះស្រាយបញ្ហានេះតែក្នុងន័យសម្របសម្រួលប៉ុណ្ណោះ ដោយមិនព្រមដកព្រះចៅអធិការរូបនោះចេញពីវត្តឧទុម្ពរ តាមសំណើរបស់ប្រជាពលរដ្ឋនោះទេ។
យ៉ាងណាអ្នកភូមិឧទុម្ពរ ២៨៩គ្រួសារ នៅតែទទូចសុំដកចៅអធិការ អឿ សំណាង ចេញពីវត្ត បើមិនដូច្នោះទេ ចាប់ពីរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះទៅពួកគាត់នឹងឈប់ធ្វើបុណ្យនៅក្នុងវត្តនេះហើយ។ ពួកគាត់លើកហេតុផលថា សូម្បីតែគណៈកម្មការវត្តពីមុនមានរហូតដល់ ១៣រូប តែបច្ចុប្បន្នបានដើរចេញពីគណៈកម្មការអស់នៅសល់តែបីរូបប៉ុណ្ណោះ ដោយមិនពេញចិត្តចំពោះទង្វើរបស់ព្រះចៅអធិការរូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
