ពលរដ្ឋ​៧០​គ្រួសារ​នៅ​បាត់ដំបង​ស្នើ​ឲ្យ​ផ្ដល់​សំណង​ពី​គម្រោង​សង់​ទំនប់​រណប

ការ​អភិវឌ្ឍ​ពុំ​មែន​មាន​ន័យ​ថា​សុទ្ធតែ​ជា​ការ​រីក​ចម្រើន​ទេ ប្រសិន​បើ​គេ​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់ និង​ចេញ​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ឲ្យ​សមរម្យ។ ជាក់ស្ដែង ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ទំនប់​ទឹក​មួយ កំពុង​កើត​មាន​ឡើង​ទៅ​លើ​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ចំនួន ៧០​គ្រួសារ នៅ​ឃុំ​ផ្លូវមាស ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង។

0:00 / 0:00

ដី​ស្រែ​ចម្ការ​ចំនួន​ជាង ៣​ពាន់​ហិកតារ ដែល​ប្រជាពលរដ្ឋ​ចំនួន ៧០​គ្រួសារ ធ្លាប់​បាន​កាន់​កាប់​បង្ក​បង្កើន​ផល​ជាច្រើន​ឆ្នាំ​មក​នោះ ឥឡូវ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ចិន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​រតនៈមណ្ឌល ចុះ​ទៅ​វាស់វែង​លើក​ធ្វើ​ជា​គម្រោង​ទំនប់​រណប​មួយ​ផ្សេង​ទៀត ដើម្បី​ទប់​ទឹក​យក​ផ្គត់ផ្គង់​ឲ្យ​ប្រព័ន្ធ​ប្រឡាយ​កង្ហត នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

គម្រោង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ជា​ម្ចាស់​ដី ប្រឆាំង​ជំទាស់ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សំណង​ឲ្យ​បាន​សមរម្យ​ជូន​ពួក​គាត់។ អ្នក​ភូមិ​ឈ្មោះ រឿន ឆុក តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ថ្លែង​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ថា ក្រុមហ៊ុន​ចិន សាងសង់​ទំនប់​កង្ហត និង​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​មូលដ្ឋាន ស្រុក​រតនៈមណ្ឌល បាន​ចុះ​ទៅ​វាស់វែង​ដី​នោះ ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ដាំដុះ​នៅ​លើ​ដី​នោះ​បាន​ទៀត​នោះ​ឡើយ។

លោក រឿន ឆុក៖ «ពួក​គាត់​មក​វាស់វែង គាត់​អត់​ឲ្យ​ដាំ គាត់​ខកខាន​មិន​បាន​ដាំ​ដោយសារ​លោក​អ្នក​វាស់វែង​នោះ​មិន​ឲ្យ​ធ្វើ គាត់​ថា​បាន​ធ្វើ​ក៏​រាជ​រដ្ឋាភិបាល​ក៏​មិន​សង​ដែរ ថ្លៃ​ពូជ​ថ្លៃ​អាត្រាក់។ ជា​រួម​មក ប្រជាពលរដ្ឋ​ចង់​បាន​ធ្វើ​នៅ​លើ​ដី​នោះ តែ​បើ​គាត់​មិន​ឲ្យ​គាត់​ធ្វើ អ៊ីចឹង​គាត់​ឲ្យ​មាន​សំណង​ជា​មុន ទើប​មាន​ការ​ឈូស​ឆាយ​ជា​ក្រោយ»

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន សាងសង់​ទំនប់​កង្ហត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រុក​រតនៈមណ្ឌល ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។

ដីស្រែ​ចម្ការ​ទំហំ​ប្រហែល ៣​ពាន់​ហិកតារ របស់​ប្រជាពលរដ្ឋ ៧០​គ្រួសារ​នោះ ស្ថិត​នៅ​ភូមិ​អូរត្រែង ភូមិ​ទឹកសាប ភូមិ​ផ្លូវមាស និង​ភូមិ​សេកសក ឃុំ​ផ្លូវមាស ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង។

កន្លង​ទៅ​នេះ អ្នក​ភូមិ​មាន​ផល​ប៉ះពាល់​ទាំង​នោះ​បាន​សុំ​ឲ្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ជួយ​អន្តរាគមន៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ខេត្ត។ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ថ្លែង​ថា សមាគម​បាន​ធ្វើ​លិខិត​អន្តរាគមន៍​មួយ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​បាត់ដំបង រួច​ហើយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​បាន​ដឹង​ថា អាជ្ញាធរ​មាន​គម្រោង​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​បែប​ណា​នោះ​ទេ។

លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​ប្រកាន់​ជំហរ​ឲ្យ​មាន​តម្លាភាព ចំពោះ​ការ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់៖ «ជា​ពិសេស ត្រូវ​បង្ហាញ​ឯកសារ​សម្រេច​ពី​ថ្នាក់​ណា​ដែល​ធ្វើ​ការ​ដោះស្រាយ​ដី​មួយ​ម៉ែត្រ​ការ៉េ ដី​ប្រភេទ​ទី​១ ដី​ប្រភេទ​ទី​២ ប្រភេទ​ទី​៣ ប៉ុន្មាន ត្រូវ​បង្ហាញ ត្រូវ​មាន​ត្រា​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​បាន​អស់​ចិត្ត។ ទី​២ ដោះស្រាយ​ជា​បន្ទាន់​បញ្ហា​ប្រឈម​មុខ គឺ​រឿង​ខកខាន​របស់​ប្រជាពលរដ្ឋ​មិន​បាន​ធ្វើ​ស្រែ មិន​បាន​ដាំ​ពោត​ល្ង ពីព្រោះ​នៅ​តាម​ពួក​គាត់​អះអាង​មួយ​ឆ្នាំ គាត់​រក​បាន​យ៉ាង​តិច ២០​លាន​រៀល​នៃ​ប្រាក់​ចំណូល»

បច្ចុប្បន្ន ក្រុម​អ្នក​ភូមិ​ទាំង​នោះ​ពុំ​បាន​ដាំដុះ​ដំណាំ​នៅ​លើ​ដី​នោះ​ទេ ដោយសារ​ខ្លាច​មាន​ការ​ឈូស​បំផ្លាញ​ចោល ហើយ​ពុំ​ទទួល​បាន​សំណង​ថែម​ទៀត។ បញ្ហា​នេះ សមាគម​អាដហុក យល់​ថា កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​លើ​ជីវភាព​របស់​អ្នក​ភូមិ។ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​យក​ប្លង់​ដី​ទៅ​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​បាន​ប្រាក់​យក​ទៅ​ធ្វើ​ដើម​ទុន​បង្ក​បង្កើន​ផល។ ហើយ​បញ្ហា​នេះ ពួក​គាត់​កំពុង​ប្រឈម​ទៅ​នឹង​ការ​ដែល​ធនាគារ​រឹប​អូស​យក​ប្លង់​ដី បើ​សិន​ពួក​គាត់​ពុំ​មាន​ប្រាក់​ទូទាត់​សង​ធនាគារ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។