ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម បានឲ្យដឹងថា នៅពេលដែលអាជ្ញាធរបង្ក្រាប និងផាកពិន័យការដឹកដំឡូងមីតាមរថយន្តលើសកំណត់ បានធ្វើឲ្យឈ្មួញទិញដំឡូងទម្លាក់ថ្លៃដំឡូងរបស់ពួកគាត់។ ដូច្នេះ នៅពេលតម្លៃដំឡូងមីស្រុតចុះភ្លាម ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកមួយកម្រិតបន្ថែមទៀត នៅក្នុងការរស់នៅ។ ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ការចំណាយដើមទុនលើការដាំដំឡូងច្រើន តែផលិតផលបែរជាបានតម្លៃថោក។ ដូចនេះ ធ្វើឱ្យពួកគាត់ត្រូវប្រឈមមុខនឹងការជំពាក់បំណុលធនាគារមិនខាន។
ប្រជាពលរដ្ឋរស់នៅឃុំតំបែរ ស្រុកតំបែរ ខេត្តកំពង់ចាម លោក សុខ នី បានថ្លែងថា គ្រាន់តែមួយរយៈក្រោយមក បន្ទាប់ពីមានការចាប់រថយន្តដឹកដំឡូងរបស់ឈ្មួញកណ្ដាលពីសំណាក់សមត្ថកិច្ច ធ្វើឲ្យប្រជាពលរដ្ឋដែលជាអ្នកទទួលរងផលប៉ះពាល់ទៅវិញ។ លោកបានថ្លែងបន្តថា លោក និងប្រជាពលរដ្ឋដែលប្រកបមុខរបរដាំដំឡូងឯទៀត ភាគច្រើន គឺបានខ្ចីបុលប្រាក់ពីធនាគារ ដើម្បីយកមកធ្វើដើមទុនក្នុងការដាំដំឡូង ដោយរំពឹងថាបានផលិតផលដំឡូងមក គឺអាចលក់ទៅវិញក្នុងតំលៃមួយសមរម្យ។
លោក សុខ នី៖ «ខ្ចីធនាគារភាគច្រើនសឹង ៩០ជាងភាគរយ គឺខ្ចីធនាគារតាមស្រុកតំបែរ។ ខ្លះខ្ចីធនាគារ ខ្លះទី១ យកទៅធ្វើស្រែ។ ទី២ យកទៅដាំដំឡូង។ ទី៣ ដាំកៅស៊ូ ទិញជីទិញអីហ្នឹងបង! ដល់ឥឡូវ ដល់ខែអាខែប្រាំងចូលកត្តិកវិញហ្នឹង អង្គការគេប្រមូលវិញហើយ ដល់ខែគេប្រមូលផលលុយអង្គការវិញហើយ។ អ៊ីចឹង ចំពេលដំឡូងចុះថោក ដល់ដំឡូងចុះថោក អ្នកជំពាក់អង្គការហ្នឹងមុខក្រៀមអស់សង្ឃឹមមួយៗ។ ដំឡូងចុះថោកដោយសារហេតុអី? ដោយសារហេតុចាប់ឡានហ្នឹង តើដល់ចាប់ឡានទៅ ទម្លាក់តម្លៃបន្តគ្នា»។

លោកបានបញ្ជាក់ទៀតថា គ្រាន់តែមួយរយៈពេលចុងក្រោយនេះ គ្រប់មុខទំនិញនៅលើទីផ្សារ គឺបានឡើងថ្លៃយ៉ាងគំហុក ប៉ុន្តែផលិតផលដំឡូងក្តី កៅស៊ូក្តី បែរជាចុះថ្លៃទៅវិញ។ លោកចង់ឱ្យរាជរដ្ឋាភិបាលក្រឡេកមើលពីបញ្ហារបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភាពអស់សង្ឃឹម៖ «ដំឡូងក៏ថោក ហើយណាមួយលុយទុកទិញអង្ករហូប ណាមួយសងគេ ជំពាក់គេ។ អ្នកខ្លះដាំកៅស៊ូ ដល់អ៊ីចឹងជំពាក់គេ។ ចាប់តែឡានធំអ៊ីចឹង ដល់ងាប់ៗប្រជាជនទម្លាក់តម្លៃទាបបំផុតប្រជាជនក្រោមគេ ប្រជាជនសម្រាប់តែងាប់ គេទម្លាក់ឱ្យងាប់ៗហ្មង! បាទ! អ៊ីចឹងដល់ឥឡូវតម្លៃឥវ៉ាន់ឡើងថ្លៃទៀត ហើយដំឡូងក៏ចុះថោក កៅស៊ូក៏ចុះថោក ហើយបើជាទំនិញចាប់ហួយ ឥវ៉ាន់គ្រប់មុខឡើងថ្លៃទាំងអស់ អ៊ីចឹងពិបាក។ ចង់ឱ្យរដ្ឋាភិបាលជួយមើលផង មើលហេតុអ្វីបានអ៊ីចឹង»។
ចំណែកឈ្មួញកណ្ដាលដែលទទួលទិញដំឡូងពីប្រជាពលរដ្ឋ រស់នៅស្រុកតំបែរ ដោយថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា បញ្ហាចម្បងដែលពួកគាត់មិនអាចទិញដំឡូងពីប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់បាននោះ គឺអាចទិញក្នុង ១គីឡូតម្លៃជាង ២០០រៀល ពីព្រោះតែក្នុងពេលថ្មីៗនេះ គឺមានការចាប់រថយន្តដឹកដំឡូងរបស់ពួកគាត់ពីសំណាក់សមត្ថកិច្ច។ ពួកគាត់មិនអាចដឹកបានច្រើន ដូចនេះមានតែទម្លាក់តម្លៃនៅលើប្រជាពលរដ្ឋតែប៉ុណ្ណោះ។
លោកដឹងថា ការទិញដំឡូងពីប្រជាពលរដ្ឋក្នុងតម្លៃទាបនេះ គឺធ្វើឱ្យប៉ះពាល់ដល់ពួកគាត់ជាខ្លាំង៖ «ចាប់អ្នកឡានធ្វើបាបប្រជាពលរដ្ឋ មិនមែនចាប់អ្នកឡានទៅ ធ្វើបាបតែអ្នកឡានទេ ធ្វើបាបដែរអ្នកឡាន ព្រោះដឹកលើសតោនគេផាកពិន័យមួយតោន ៦០ម៉ឺន។ អ៊ីចឹង ប្រសិនបើដឹកច្រើនលើសច្រើន គេគុណតាមហ្នឹង ហើយវាក៏អស់ច្រើនដែរ។ ប៉ុន្តែ ប៉ះពាល់ខ្លាំង ប៉ះពាល់លើប្រជាពលរដ្ឋអ្នកដាំដំឡូងមីហ្នឹងហ្មង ប៉ះពាល់ខ្លាំងតែម្តង។ អ៊ីចឹងនៅស្រុកតំបែរ ប៉ះពាល់ខ្លាំងហ្មង គឺប៉ះពាល់ និយាយរួមមិនថាស្រុកតំបែរ គឺជិះផ្លូវហ្នឹងបុកចូលទៅវៀតណាម ប៉ះពាល់ទាំងអស់។ ជញ្ជីងគេចុះមកអត់ហ៊ានដឹកចេញទាំងអស់គ្រប់គ្នា»។
លោកថ្លែងបន្តថា ការចាប់រថយន្តដឹកដំឡូងរបស់ពួកគាត់ មិនត្រឹមតែប៉ះពាល់ដល់ឈ្មួញអ្នកដឹកដំឡូងនោះទេ ក៏ប៉ុន្តែមួយផ្នែកធំ គឺប៉ះពាល់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដំឡូងទៅវិញ។
ទោះបីយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋអំពាវនាវឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហារបស់ពួកគាត់ ពិសេសបញ្ហាទីផ្សារសម្រាប់លក់ផលិតផលដែលកសិករផលិតបាន គឺត្រូវមានហាងឆេងសម្រាប់លក់ក្នុងតម្លៃមួយដ៏សមរម្យ ជៀសវាងការបាក់ទឹកចិត្តពីសំណាក់ប្រជាកសិករខ្មែរ ខណៈដែលពួកគាត់អាចដាំដំណាំកសិកម្មបានផលល្អហើយ ប៉ុន្តែតម្លៃលក់ចេញបែរជាមិនស្ថិតស្ថេរទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
