ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ចោទ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ថៃ​ថា​បោកប្រាស់

ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់លែង និង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ចោទ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មួយ​ឈ្មោះ អាយ.អាយ.អែស (IIS) ថា​បាន​បោកប្រាស់​ប្រាក់​ពលករ។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​បាន​បង់​ប្រាក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ក្នុង​ម្នាក់ៗ​ចាប់​ពី ១៥០​ដុល្លារ ដល់ ៤០០​ដុល្លារ នៅ​អំឡុង​ខែ​តុលា ឆ្នាំ​២០១២ ដើម្បី​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន​នេះ ក៏ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ពួក​គាត់​នៅ​តែ​មិន​ទាន់​អាច​ចេញ​ទៅ​ធ្វើ​ការ​បាន។

0:00 / 0:00

ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ រស់​នៅ​ស្រុក​កំពង់លែង និង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កំពុង​តែ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បញ្ជូន​ពលករ​មួយ​ឈ្មោះ អាយ.អាយ.អែស មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ សង​ប្រាក់​ជូន​ពួក​គាត់​វិញ ខណៈ​ដែល​ពួក​គាត់​ជាប់​បំណុល​ធនាគារ​ជា​ច្រើន​រយ​ដុល្លារ ដោយសារ​តែ​ខ្ចី​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​នេះ។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៦​គ្រួសារ អ្នកស្រី ថាន ចន្នី មាន​ប្រសាសន៍​ថា ក្រោយ​ពី​រង់ចាំ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លះ មិន​បាន​លទ្ធផល​អ្វី​នោះ ពួក​គាត់​បាន​សម្រេច​ចិត្ត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​មក​វិញ ហើយ​ក៏​លែង​ចង់​ទៅ​ធ្វើ​ការ​អ្វី​ទៀត​នោះ​ដែរ ពីព្រោះ​ខ្លាច​គេ​យក​ទៅ​ខុស​កន្លែង​ដែល​ខ្លួន​ចង់​ធ្វើ ឬ​មាន​ការ​បោកប្រាស់​ផ្សេងៗ​កើត​ឡើង៖ «គេ​សន្យា​ត្រឹម​តែ​បី​ខែ​ទៀត​ទេ​បាន​ឡើង​ទៅ​ហើយ បើ​អត់​បាន​ទៅ គេ​ប្រគល់​លុយ​ឲ្យ​យើង​វិញ។ ដល់​ពេល​ខ្ញុំ​ទៅ​សួរ​ដល់​ក្រុមហ៊ុន​ហ្នឹង គេ​ថា​អត់​មាន​លុយ​ប្រគល់​ឲ្យ​វិញ​ទេ ព្រោះ​អី​លុយ​ហ្នឹង​ធ្វើ​ប៉ាសស្ព័រ (Passport = លិខិត​ឆ្លង​ដែន) អស់​ហើយ ដល់​ពេល​ខ្ញុំ​សុំ​ប៉ាសស្ព័រ គេ​ថា​យក​ប៉ាសស្ព័រ​ទៅ​ទាល់​តែ​បង់ ៥០​ដុល្លារ​ទៀត​ទើប​បាន​ប៉ាសស្ព័រ​ហ្នឹង»

អ្នកស្រី​បញ្ជាក់​ថា គ្រួសារ​របស់​អ្នកស្រី​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេឌីត ចំនួន ៨០​ម៉ឺន​រៀល និង​បញ្ចូល​លុយ​ផ្ទាល់​ខ្លួន​មួយ​ចំនួន ដើម្បី​ឲ្យ​គ្រប់​ចំនួន ១​លាន ២​សែន​រៀល យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន អាយ.អាយ.អែស ដោយ​សង្ឃឹម​ថា​នឹង​បាន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ផ្នែក​ព័ត៌មាន​នៃ​ក្រុមហ៊ុន អាយ.អាយ.អែស លោក ជាតិ សារិន មាន​ប្រសាសន៍​បញ្ជាក់​ថា ជា​ទូទៅ​ពលករ​ដែល​បាន​បង់​ប្រាក់​រួច​ហើយ គឺ​មិន​អាច​ដក​យក​វិញ​បាន​នោះ​ទេ។ លោក​ថា តាម​ពិត ការងារ​ពី​ប្រទេស​ថៃ បាន​ធ្លាក់​មក​បណ្ដើរៗ​ដែរ ក៏ប៉ុន្តែ​ពេល​ខ្លះ​មិន​ត្រូវ​នឹង​ការងារ ឬ​រោងចក្រ​ដែល​ពលករ​បាន​ស្នើសុំ។ ដូច្នេះ ទើប​មាន​ករណី​ការ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​ពលករ​ចេញ៖ «បញ្ហា​ពលករ​ខ្ញុំ​បាន​បញ្ជូន​ទៅ​ជា​រឿយៗ​ដែរ មិន​មែន​អត់​បញ្ជូន​ទៅ​ទេ ប៉ុន្តែ​លេខ​ទូរស័ព្ទ​ពួក​គាត់​ហ្នឹង​ពេល​ពួក​ខ្ញុំ ខល (Call = ទូរស័ព្ទ) ទៅ​ជួន​អត់​ចូល»

លោក​បញ្ជាក់​ថា ក្រុមហ៊ុន អាយ.អាយ.អែស គឺ​ជា​ក្រុមហ៊ុន​ស្រប​ច្បាប់ និង​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រសួង​ការងារ ក្នុង​ការ​បញ្ជូន​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ជាង ១០​ឆ្នាំ​មក​ហើយ។ យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​មាន​ពលករ​ចំនួន​ពី ៣០០ ទៅ ៤០០​នាក់ មិន​ទាន់​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ឡើយ ដូច្នេះ​ទាមទារ​ឲ្យ​ពលករ​ទាំងអស់​អញ្ជើញ​មក​ដល់​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ពិភាក្សា​ពី​បញ្ហា​យឺតយ៉ាវ ឬ​ការងារ​ផ្សេងៗ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង លោក ពៅ ស៊ីថា មាន​ប្រសាសន៍​ថា ខាង​មន្ទីរ​មិន​អាច​ជួយ​អ្វី​បាន​ដល់​ក្រុម​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​នេះ​ឡើយ ប៉ុន្តែ​លោក​បាន​ជំរុញ​ឲ្យ​ពលករ​ទាំង​នោះ​ទៅ​ជួប​មន្ត្រី​ទទួល​បន្ទុក​នាយកដ្ឋាន​មុខ​របរ និង​ហត្ថ​ពលកម្ម​នៃ​ក្រសួង​ការងារ ដើម្បី​ពិភាក្សា និង​ដោះស្រាយ​ជុំវិញ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។