ក្រុមប្រជាពលរដ្ឋភូមិស្វាយពងអង្ក្រង បានអះអាងថា ពួកគាត់មានផលវិបាកធ្វើលិខិតស្នាមផ្សេងៗ ដោយសារតែមេភូមិរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយ ដោយយកលុយពីការធ្វើលិខិតស្នាម ឬបញ្ជាក់ឯកសារទិញដូរដីធ្លីជាដើមពីប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ និងបក្ខពួកនិយម។
ផ្ដើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋដែលមានស្នាមផ្ដិតមេដៃជិត ២០០នាក់ បានស្នើឲ្យក្រសួងមហាផ្ទៃ ឬស្ថាប័នពាក់ព័ន្ធដទៃទៀត ជួយមានវិធានការ និងស៊ើបអង្កេតពីសកម្មភាពរបស់ លោក ផេង គីម មេភូមិស្វាយពងអង្ក្រង ដែលបង្កបញ្ហាជាមួយពលរដ្ឋក្នុងមូលដ្ឋាន។
មេឃុំកោះអន្លង់ចិន លោក ជា គឹមហួន មិនធ្វើអត្ថាធិប្បាយទេចំពោះការតវ៉ារបស់ប្រជាពលរដ្ឋ ដោយបង្វែរសំណួរសួរទៅ លោក យ៉េត យឿន ស្មៀនឃុំកោះអន្លង់ចិន ឆ្លើយជំនួសវិញ។ លោក យ៉េង យឿន ឲ្យដឹងថា ពិតជាមានប្រជាពលរដ្ឋក្នុងភូមិស្វាយពងអង្ក្រង បានផ្ដិតស្នាមមេដៃរាប់រយនាក់ និងដាក់ពាក្យបណ្ដឹងប្ដឹងដក លោក ផេង គីម ចេញពីតួនាទីមេភូមិពិតមែន។ លោកបន្តថា ពលរដ្ឋបានប្ដឹងចោទ លោក ផេង គីម ថាបានប្រព្រឹត្តអំពើពុករលួយ និងមានបក្ខពួកនិយម។
យ៉ាងនេះក្តី ស្មៀនឃុំកោះអន្លង់ចិន បញ្ជាក់ថា មេភូមិស្វាយពងអង្ក្រង កន្លងមក មានសមត្ថភាពបំពេញការងារបានល្អ ប៉ុន្តែលោកមិនដឹងថា លោកមេភូមិបានប្រព្រឹត្តដូចពលរដ្ឋចោទ ឬក៏បែបណានោះទេ។
លោក ផេង គីម មេភូមិស្វាយពងអង្ក្រង ដែលត្រូវពលរដ្ឋមូលដ្ឋានចោទប្រកាន់ បានឆ្លើយថា ដើមហេតុនាំឲ្យមានពលរដ្ឋក្នុងមូលដ្ឋានផ្ដិតមេដៃអាចកើតមានពីបញ្ហាទំនាស់បុគ្គល។ លោកបដិសេធថា មិនបានប្រព្រឹត្តកំហុសឆ្គង ឬក៏ប្រព្រឹត្តអំពើពុករលួយដូចពលរដ្ឋមួយចំនួនចោទទេ។
ទោះយ៉ាងណា លោកទទួលស្គាល់ថា កន្លងមកធ្លាប់បានទទួលថវិកាបន្តិចបន្តួចពីការបម្រើសេវាផ្សេងៗមួយចំនួនពិតមែន។
យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការបោះឆ្នោតរើសមេភូមិ គឺក្រុមប្រឹក្សាឃុំសង្កាត់ជាអ្នកបោះឆ្នោតជ្រើសរើសមេភូមិ។ ដូច្នេះ បើចង់ទម្លាក់មេភូមិណាមួយ ទាល់តែមានការបោះឆ្នោតទម្លាក់ពីក្រុមប្រឹក្សាឃុំសង្កាត់ដូចគ្នាដែរ។
ទោះជាបែបណា ប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ រស់នៅភូមិស្វាយពងអង្ក្រង ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល នៅតែទទូចស្នើឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យដោះដូរតួនាទីមេភូមិស្វាយពងអង្ក្រង ជាបន្ទាន់ ហើយដាក់មេភូមិថ្មីជំនួសវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
