ក្រោយពីត្រូវវាយរបួសធ្ងន់ កម្មករនោះត្រូវបានសន្តិសុខរមណីយដ្ឋានភ្នំបូកគោ ឃុំខ្លួន ១អាទិត្យ ទើបបញ្ជូនទៅស្នងការខេត្ត។ នៅទីនោះ គាត់បានជាប់ឃុំ ២ថ្ងៃទៀត មុនពេលបញ្ជូនទៅតុលាការ។ តុលាការបានសម្រេចដោះលែងរូបគាត់ បន្ទាប់ពីរកឃើញថា រូបគាត់ជាជនរងគ្រោះ ព្រមទាំងបានណែនាំអោយដាក់ពាក្យបណ្ដឹង។
អ្នកចាក់បទភ្លេងបម្រើក្នុងក្រុមហ៊ុន ខេ.ធី.វី (KTV) នៃរមណីយដ្ឋានភ្នំបូកគោ ខេត្តកំពត ដាក់ពាក្យប្ដឹងស្ត្រីមេការក្រុមហ៊ុននេះ ដែលប្រើសន្តិសុខច្រើននាក់វាយដំរូបគេឲ្យរបួសធ្ងន់រហូតស្រាំឆ្អឹងលលាដ៍ក្បាល។
យុវជនឈ្មោះ គង់ ប៊ុនថា អាយុ ៣០ឆ្នាំ ដែលទើបចាកចេញពីមន្ទីរពេទ្យកាល់ម៉ែត្រ ថ្លែងនៅថ្ងៃទី១៣ ខែកញ្ញា ថា ស្ត្រីមេការឈ្មោះ ផាត់ ស្រីទូច ហៅ ជូន បានបញ្ជាឲ្យសន្តិសុខរមណីយដ្ឋានភ្នំបូកគោ វាយដំ និងចាប់គាត់ដាក់ខ្នោះឃុំខ្លួនច្រើនថ្ងៃបង្អត់បាយ។ យុវជនដដែលបន្តថា រឿងហេតុនោះ បានកើតឡើងនៅយប់ថ្ងៃទី២៦ ខែសីហា ក្រោយពីមេការស្រីនោះបានចោទថា គាត់ចូលធ្វើការយឺត ១០នាទី ហើយចាក់បទភ្លេងយឺត រួចបញ្ឈប់គាត់នៅក្រោយម៉ោងធ្វើការយប់។
គាត់បានសុំប្រមូលយកសម្ភារៈ និងលុបកម្មវិធីចម្រៀងដែលគាត់បានបញ្ចូលទៅក្នុងកុំព្យូទ័ររបស់ក្រុមហ៊ុន ខេ.ធី.វី នោះ។ ស្រាប់តែមេការស្រីនោះចោទថា គាត់លុបដោយកម្មវិធីភ្លើងញាក់របស់គេ ហើយបញ្ជាឲ្យសន្តិសុខ ៥នាក់ ចាប់គាត់ឃុំ និងប្រើដែករឹងវាយគាត់ឲ្យសន្លប់៖ «ម្នាក់ដែលរត់ទាន់ខ្ញុំហ្នឹង គឺគេទាញដំបងឆក់មកឆក់ខ្ញុំ ឲ្យដួល ហើយមកទាត់ចង្កេះខ្ញុំនេះឡើងថ្លោះ រហូតដល់ឥឡូវ។ មកទាន់មួយទៀត កាន់បំពង់ទីបមកសំពងយកតែម្តង។ ខ្ញុំក៏មានឮសំឡេងគេថា អ្ហែងវ៉ៃឆ្អែតនៅ អញវ៉ៃម្តង ខ្ញុំគ្រាន់តែឮសំឡេងល្វើយៗ ខ្ញុំសន្លប់បាត់ហើយ។ ដឹងខ្លួនឡើងនៅកន្លែងឃុំឃាំងរបស់គេហើយ និងដាក់ខ្នោះទៅហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងស្ត្រីឈ្មោះ ផាត់ ស្រីទូច មេការក្រុមហ៊ុន ខេ.ធី.វី រមណីយដ្ឋានភ្នំបូកគោ បំភ្លឺតបនឹងការចោទនោះបានទេ នៅថ្ងៃទី១៣ ខែកញ្ញា។
កម្មករជាសាក្សីនៅកន្លែងកើតហេតុ សុំមិនបញ្ចេញឈ្មោះ ថ្លែងថា នៅម៉ោងជាង ១០យប់ ថ្ងៃទី២៦ ខែសីហា គាត់បានឮមេការស្រីឈ្មោះ ផាត់ ស្រីទូច ស្រែកបញ្ជាឲ្យសន្តិសុខក្រុមហ៊ុន ឲ្យទៅចាប់ឈ្មោះ គង់ ប៊ុនថា ដែលកំពុងដើរចេញពីកន្លែងធ្វើការ។ លោក គង់ ប៊ុនថា មិនឲ្យគេចាប់ ដោយសម្អាងថា រូបគេគ្មានកំហុស ប៉ុន្តែ ក្រុមសន្តិសុខបានប្រតាយចាប់ដាក់ខ្នោះ។ លោក គង់ ប៊ុនថា ព្យាយាមរត់គេច ហើយសន្តិសុខបានប្រើដំបងឆក់ឲ្យគាត់ដួល រួចក្រុមសន្តិសុខព្រួតវាយទាត់ធាក់រហូតគាត់សន្លប់ ទើបអូសដាក់ឡាន។
សាក្សីដដែលបន្តថា ក្រុមកម្មករនាំគ្នាជិះម៉ូតូតាមពីក្រោយឡាន សុំយក លោក គង់ ប៊ុនថា ទៅដេរមុខរបួសដែលហូរឈាមពេញក្បាល និងដងខ្លួនសិន តែសន្តិសុខមិនព្រម នៅតែដាក់គាត់ឃុំក្នុងបន្ទប់មួយដែលមានក្លិនស្អុយ។ ការឃុំនោះទៀត សន្តិសុខមិនឲ្យអ្នកណាយកបាយទឹកឲ្យ គង់ ប៊ុនថា ទទួលទានទេ។ ស្អែកឡើង កម្មករបានលួចទៅជួប លោក គង់ ប៊ុនថា ហើយបានបន្តក់ទឹកឲ្យផឹក និងបញ្ចុកបាយ តែគាត់មិនអាចទទួលទានបាន។ នៅថ្ងៃទី២៨ ខែសីហា ស្ត្រីមេការឈ្មោះ ផាត់ ស្រីទូច បានឲ្យ គង់ ប៊ុនថា ធ្វើកិច្ចសន្យាសងប្រាក់ ៣.៨០០ដុល្លារ ដោយចោទថា គង់ ប៊ុនថា នោះ បានលុបកម្មវិធីឲ្យដាច់ភ្លើងញាក់របស់គេ ហើយក្រោយមក បញ្ជូន គង់ ប៊ុនថា ទៅស្នងការដ្ឋាននគរបាលខេត្តកំពត។
លោក គង់ ប៊ុនថា ឲ្យដឹងថា គាត់ចូលធ្វើការជាអ្នកចាក់បទភ្លេងក្រុមហ៊ុន ខេ.ធី.វី តាំងពីខែកុម្ភៈ ឆ្នាំ២០១៣។ លោកថា ក្រុមហ៊ុននោះមានថៅកែជនជាតិចិន ហើយឲ្យស្ត្រី ផាត់ ស្រីទូច ដែលចេះនិយាយភាសាខ្មែរ-ចិន ជាអ្នកគ្រប់គ្រងកម្មករប្រមាណ ២០នាក់ មានស្រីប្រុសបម្រើតាមជំនាញ ដូចជា ស្ប៉ា ម៉ាស្សា រត់តុអាហារជាដើម។
យុវជន គង់ ប៊ុនថា បន្តថា ក្រោយពីគាត់មានរបួសធ្ងន់នៅព្រឹកថ្ងៃទី២៧ ខែសីហា មេការស្រីនោះឲ្យគាត់តបណ្ដាញភ្លើងញាក់សងគេវិញ។ គាត់សុខចិត្តតឲ្យគេវិញដែរ តែគេឲ្យគាត់ធ្វើកិច្ចសន្យាមិនប្ដឹងក្រុមគេនោះទេ។ គាត់សរសេររួច មេការស្រីឲ្យសន្តិសុខចាប់គាត់ឃុំច្រើនថ្ងៃ ទាល់តែរបួសគាត់ក្រៀមមុខ ទើបបញ្ជូនគាត់ទៅស្នងការនគរបាលខេត្តកំពត។ ប៉ូលិសខេត្តកំពត ឃុំគាត់ ៤៨ម៉ោង រហូតដល់ក្រុមកម្មករផ្តល់ភស្តុតាងរូបថត ដែលសន្តិសុខវាយគាត់ឲ្យរបួសធ្ងន់ខ្លាំង ទើបគាត់ត្រូវដោះលែង ហើយនាំគ្រូពេទ្យមកព្យាបាលរបួស។ ឪពុកម្តាយគាត់បានយកគាត់ទៅព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ គាត់បានធូរស្រាល តែក្បាលនៅហើម ព្រោះស្រាំឆ្អឹងលលាដ៍ក្បាល។
លោកស្រី វ័យ សុខា អាយុ ៥៥ឆ្នាំ ត្រូវជាម្តាយ លោក គង់ ប៊ុនថា ថ្លែងថា កូនប្រុសគាត់ត្រូវអ្នកស៊ីឈ្នួលគេរស់នៅក្នុងទឹកដីខ្មែរវាយមិនស្រណោះ ដូចជាគំនុំជាតិសាសន៍។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តកំពត លោក ប្រាក់ សារ៉ាន់ ថ្លែងថា ប្រសិនបើមានការធ្វើទារុណកម្មដូចការចោទ និងមានរូបថតជាភស្តុតាងរបស់ លោក គង់ ប៊ុនថា ពិតមែន មេការ និងសន្តិសុខក្រុមហ៊ុន ខេ.ធី.វី នៅរមណីយដ្ឋានភ្នំបូកគោ និងទទួលទោសព្រហ្មទណ្ឌ ហើយពិន័យជាប្រាក់ច្រើនលានរៀលទៀតផង។ សមាគមអាដហុក នឹងឃ្លាំមើលការអនុវត្តច្បាប់របស់តុលាការ ខេត្តកំពត លើបណ្ដឹងរបស់ លោក គង់ ប៊ុនថា នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
