គ្រួសារ​ជន​រងគ្រោះ​នៅ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ចាប់​ជន​ដៃ​ដល់​ប្រើ​ហិង្សា

0:00 / 0:00

កាល​ពី​ដើម​ខែ​តុលា កន្លង​ទៅ មាន​ករណី​បាញ់​ប្រហារ​មួយ​កើត​ឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ។ បច្ចុប្បន្ន ជន​រងគ្រោះ និង​ប្រពន្ធ រស់នៅ​ឃុំ​សេដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កំពុង​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន ស្រប​ពេល​ជនល្មើស​នៅ​មិន​ទាន់​បាន​ចាប់​ខ្លួន​នៅ​ឡើយ។

អ្នកស្រី​ស្នើ​ឲ្យ​តុលាការ ពន្លឿន​នីតិវិធី​ចំពោះ​រឿង​ក្តី​នេះ ដើម្បី​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ទើប​អាច​ឲ្យ​ពួក​គាត់​ស្ងប់​ចិត្ត​បាន។

ការ​ស្នើសុំ​នេះ បន្ទាប់​ពី​គ្រួសារ​ជន​រងគ្រោះ​មិន​បាន​ទទួល​ដំណឹង​ណា​មួយ​ពី​សំណាក់​តុលាការ និង​សមត្ថកិច្ច ចំពោះ​សំណុំ​រឿង​បាញ់ លោក អែល អ៊ីសា ពី​សំណាក់ លោក ឃុត សោភ័ណ្ឌ ដែល​ជាប់​សែស្រឡាយ​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់ កាល​ពី​ដើម​ខែ​តុលា។

ប្រពន្ធ​ជន​រងគ្រោះ អ្នកស្រី យ៉ារ៉ូ ម៉ី ឲ្យ​ដឹង​ថា អ្នកស្រី និង​គ្រួសារ កំពុង​មាន​ការ​បារម្ភ​ជា​ខ្លាំង បន្ទាប់​ពី​ដឹង​ថា ជនល្មើស​កំពុង​ឋិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ និង​រស់នៅ​មិន​ឆ្ងាយ​ពី​ពួក​គាត់​នោះ។ អ្នកស្រី​ហាក់​មាន​សង្ឃឹម​តិចតួច​ណាស់​ថា សមត្ថកិច្ច​អាច​ចាប់​ជន​ដៃ​ដល់​បាន ពីព្រោះ​ជន​ដៃ​ដល់​ជាប់​ខ្សែលោហិត​ជាមួយ​អ្នក​ធំ និង​ម្យ៉ាង អ្នកស្រី​មិន​មាន​ថវិកា​ទៀត​នោះ។ អ្នកស្រី​ថា ប្រសិន​បើ​សមត្ថកិច្ច​នៅ​តែ​មិន​អាច​ចាប់​ជនល្មើស​បាន​ទេ អ្នកស្រី និង​ក្រុម​គ្រួសារ ត្រូវ​បន្ត​រស់នៅ​ដោយ​ភាព​ភិតភ័យ​រហូត។

អ្នកស្រី យ៉ារ៉ូ ម៉ី៖ «អា​ហ្នឹង​គេ​ធ្វើ​មក​លើ​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ភ័យ​ដល់​ថ្នាក់​ហ្នឹង​ទៀត គេ​ធ្វើ​ខ្ញុំ​គេ​ដូចជា​អត់​មាន​ភ័យ​សោះ គេ​មាន​សិទ្ធិ​សេរីភាព​ដើរ​រកស៊ី​តាម​ស្រួល តែ​ខ្ញុំ​នេះ​ចេញ​រកស៊ី​ដូច​ញ៉ូច​ញ៉ើម​ៗ ដូច​អត់​ចង់​ទៅ​ណា ខ្ញុំ​លាក់​ខ្លួន​រហូត។ អត់​ហ៊ាន​នៅ​ផ្ទះ​ណា បិទ​ទ្វារ​ចោល​ហ្នឹង បង​ប្អូន​មក​រក​នៅ​ផ្ទះ​អី​អត់​ឃើញ​ណា។ ខ្ញុំ​អត់​ហ៊ាន​នៅ​ទេ ខ្ញុំ​ប្រាប់​ត្រង់​ហ្មង ព្រោះ​អី​ខ្ញុំ​ខ្លាច ព្រោះ​វា​ធ្វើ​មក​លើ​ខ្ញុំ​សាហាវ​ដល់​ថ្នាក់​ហ្នឹង»

ទោះ​បី​មាន​សង្ឃឹម​តិចតួច​ក៏ដោយ តែ​អ្នកស្រី​ស្នើសុំ​ឲ្យ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ម៉េច​ចាប់​អ្នក​បាញ់​ប្ដី​អ្នកស្រី​នោះ​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌​ដល់​គ្រួសារ​អ្នកស្រី និង​ដើម្បី​ធានា​ការ​គោរព​ច្បាប់​នៅ​កម្ពុជា។ អ្នកស្រី​ក៏​បាន​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ជាច្រើន​នាក់ ដើម្បី​ធ្វើ​ជា​សាក្សី​ដាក់​ចូល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ជុំវិញ​រឿង​នេះ។

ចំណែក លោក អែល អ៊ីសា ជា​ជន​រងគ្រោះ​ផ្ទាល់ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​លោក និង​ប្រពន្ធ​ទៅ​ទារ​ប្រាក់​ពី​ឈ្មោះ ឃុត សោភ័ណ្ឌ ចំនួន ៥០០​ដុល្លារ ជំពាក់​ថ្លៃ​ចាក់​ដី ប៉ុន្តែ ឃុត សោភ័ណ្ឌ មិន​ឲ្យ ហើយ​បែរ​ជា​គំរាម​ឲ្យ​នៅ​ផឹក​ស្រា​ជាមួយ​ខ្លួន​រហូត​ដល់​ប៉ះ​ពាក្យ​សម្ដី​គ្នា ក៏ ឃុត សោភ័ណ្ឌ ឡើង​យក​កាំភ្លើង​មក​បាញ់​រូប​លោក និង​មាន​ចេតនា​បើក​ឡាន​បុក​សម្លាប់​ទៀត​ផង។ លោក​បញ្ជាក់​ថា មិន​មែន​តែ​លោក​ទេ​ដែល​ត្រូវ ឃុត សោភ័ណ្ឌ គំរាម និង​បាញ់​នោះ ប៉ុន្តែ​កន្លង​មក ក៏​មាន​ពលរដ្ឋ​ជាច្រើន​ជួប​បញ្ហា​នេះ​ដែរ។ លោក​ថា ប្រសិន​បើ​សមត្ថកិច្ច​មិន​ចាត់​វិធានការ​ទេ ជនល្មើស​នឹង​បង្ក​បញ្ហា​បែប​នេះ​បន្ត​ទៀត​នៅ​ក្នុង​សង្គម។

ទាក់ទង​បញ្ហា​នេះ នាយក​ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក អំ សំអាត មិន​អាច​ឆ្លើយ​បាន​ទេ ថា​តើ​សំណុំ​រឿង​នេះ​ដំណើរ​ការ​ដល់​ណា​នោះ ពីព្រោះ​លោក​មិន​បាន​ចាំ ហើយ​ម្យ៉ាង លោក​កំពុង​ធ្វើ​ដំណើរ​ផង។

មិន​ខុស​គ្នា​នេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ ក៏​មិន​អាច​មាន​ប្រសាសន៍​បាន​ដែរ​ជុំវិញ​ករណី​នេះ ពីព្រោះ​លោក​ជាប់​ប្រជុំ។

លោក ឃុត សោភ័ណ្ឌ ដែល​គេ​ដឹង​ថា ជាប់​សែស្រឡាយ​ជាមួយ លោក គន់ គីម ជា​អគ្គ​មេបញ្ជាការ​រង និង​នាយ​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​បាញ់ លោក អែល អ៊ីសា ប្ដី​អ្នកស្រី យ៉ារ៉ូ ម៉ី ត្រូវ​ធ្លុះ​ជើង​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​៣ តុលា។ ក្រោយ​មក សំណុំ​រឿង​នេះ​ក៏​បាន​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការ កាល​ពី​ថ្ងៃ​ទី​១៤ តុលា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គ្រួសារ​ជន​រងគ្រោះ​នៅ​តែ​មិន​ទាន់​បាន​ទទួល​ដំណឹង​ត្រឡប់​សោះ​ឡើយ។

ដោយ​ឡែក​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ករណី​នេះ​វា​ចូល​ដល់​ដំណាក់​កាល​មួយ​ដែល​ជន​រងគ្រោះ​ត្រូវ​លាក់​ខ្លួន ប៉ុន្តែ​ជនល្មើស​ត្រូវ​មាន​សេរីភាព​ទៅ​វិញ ដោយសារ​តែ​វប្បធម៌​អាង​ខ្នង​បក្ស​អាង​ពួក ហើយ​អាច​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត។ វប្បធម៌​នេះ​ហើយ ដែល​លោក​ថា​វា​ជា​វប្បធម៌​និទ្ទណ្ឌភាព​នា​ពេល​បច្ចុប្បន្ន​នោះ៖ «ខ្ញុំ​គិត​ថា តុលាការ​គួរ​តែ​ធ្វើ​រឿង​ហ្នឹង​មក​ដល់​ថ្ងៃ​នេះ ហើយ​មិន​គួរ​ទុក​រឿង​ហ្នឹង​ឲ្យ​អ៊ីចឹង​ទេ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​ថា គាត់​អាច​ជួយ​ដល់​ពួក​គាត់​បាន។ មាន​តែ​លោក​ទេ​ខិតខំ​ធ្វើ​រឿង​ហ្នឹង បង្ហាញ​ស្នាដៃ​មក​ឲ្យ​ឃើញ​មក។ ចៅហ្វាយ​ខេត្ត​តាំង​ពី​ថ្ងៃ​ហ្នឹង​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​ឃើញ​ថា អ្នក​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ឋិត​ក្រោម​អាណាព្យាបាល​របស់​គាត់ គាត់​កំពុង​តែ​ភ័យ។ ហើយ​គេ​ជឿ​លើ​គាត់ គេ​អាង​លើ​គាត់​ថា​ចៅហ្វាយ​ខេត្ត​ថ្មី ថា​គាត់​នឹង​អាច​កសាង​នូវ​អ្វីៗ​ដែល​ជា​បញ្ហា​កន្លង​មក​បាន​ហើយ។ ហើយ​មនុស្ស​ហ្នឹង​អត់​ពិបាក​ទេ ព្រោះ​មនុស្ស​ហ្នឹង​វា​សុទ្ធតែ​ជា​បងប្អូន​អ្នក​ធំ ដូច​នេះ​សួរ​តែ​អ្នក​ធំ​គ្នា​ឯង​ក៏​ដឹង​ដែរ​ថា មនុស្ស​ហ្នឹង​ឈ្មោះ​អី នៅ​ឯណា​ហ្នឹង​ដឹង​ហើយ។ វា​អត់​មាន​អី​ពិបាក​ទេ បើ​គេ​ចង់​ធ្វើ បើ​គេ​ចង់​ឲ្យ​ជន​ល្មើស​ហ្នឹង​ទទួល​ទោស តែ​បើ​មិន​ចង់​ធ្វើ​មួយ​រយ​ឆ្នាំ​ទៀត ក៏​នៅ​តែ​អត់​បាន​ដែរ»

លោក​បន្ថែម​ថា ប្រសិន​បើ​តុលាការ និង​សមត្ថកិច្ច នៅ​តែ​មិន​អាច​ចាត់​វិធានការ​ចំពោះ​អ្នក​ប្រព្រឹត្តិ​បាន​ទេ​នោះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​បង់​ជំនឿ​ចិត្ត​លើ​រាជ​រដ្ឋាភិបាល និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ហើយ​វា​ក៏​បង្កើត​នូវ​វប្បធម៌​កាត់​សេចក្តី ឬ​កាត់​ទោស​ជនល្មើស​ដោយ​តុលាការ​ហ្វូង​មនុស្ស​ជំនួស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។