ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ព្រួត​គ្នា​វាយ​អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​សៀមរាប

0:00 / 0:00

អំពើ​គំរាម​កំហែង និង​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ នៅ​តែ​កើត​មាន​នា​ខេត្ត​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា។ កាល​ពី​បី​ថ្ងៃ​មុន ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ម្នាក់​ក្នុង​ខេត្ត​សៀមរាប បាន​ហៅ​បក្ខពួក​មួយ​ចំនួន ទៅ​ព្រួត​គ្នា​វាយ​ដុំ​រាង​កាយ​អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់។

អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​រស្មី​កម្ពុជា​ម្នាក់ កំពុង​តែ​ពិចារណា​ទៅ​លើ​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប ដើម្បី​ប្រឆាំង​នឹង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ម្នាក់ ដែល​បាន​ហៅ​បក្ខពួក​ទៅ​វាយ​តប់​រូប​គាត់ ដោយ​មាន​ចេតនា​ទុក​ជា​មុន។

លោក សឿង សែត អ្នក​យក​ព័ត៌មាន​កាសែត​រស្មី​កម្ពុជា ប្រចាំ​ខេត្ត​សៀមរាប មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​តុលា ថា កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៣ ខែ​តុលា កន្លង​ទៅ ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ម្នាក់​ឈ្មោះ អ៊ុំ វឌ្ឍនៈ ហៅ ពៅ ប្រជ្រុយ បាន​ហៅ​បក្ខពួក​ទៅ​វាយ​តប់​រូប​គាត់។

លោក សឿង សែត បញ្ជាក់​ថា ដើម​ហេតុ​បណ្ដាល​ឱ្យ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ព្រួត​វាយ​រូប​លោក​នោះ បន្ទាប់​ពី​លោក​បាន​ចុះ​ផ្សាយ​អត្ថបទ​ស្ដីពី​ឈ្មួញ​រូប​នោះ ទទួល​បាន​សិទ្ធិ​ដឹក​ឈើ​ដើម្បី​ធ្វើ​វេទិកា​បុណ្យ​អុំទូក ប៉ុន្តែ​សាលា​ខេត្ត​សៀមរាប មិន​ទាន់​បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​ផង បែរ​ជា​ឈ្មួញ​នោះ​ឆ្លៀត​ឱកាស​ដឹក​ឈើ ២-៣​ឡាន យក​មក​លក់​តាម​ដេប៉ូ​ទៅ​ហើយ។

បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​តាម​កាសែត ក្រុម​ឈ្មួញ​បាន​រៀបចំ​ផែនការ រួច​ហើយ​បាន​ហៅ​រូប​លោក​ទៅ​ស៊ី​ផឹក ដោយ​បង្ក​ឱ្យ​មាន​ការ​ទាស់​សម្ដី​គ្នា ហើយ​ក៏​ហៅ​បក្ខពួក​មក​វាយ​តែ​ម្ដង៖ «គ្នា​នៅ​កន្លែង​កើត​ហេតុ​មុន​ពេល​វាយ​តប់​ហ្នឹង ៣​នាក់ ប៉ុន្តែ​អា ២​នាក់​ទៀត​អត់​មាន​ធ្វើ​សកម្មភាព​ទេ។ អ្នក​ធ្វើ​សកម្មភាព គឺ​ពីរ​នាក់​បង​ប្អូន។ ហៅ​គ្នា​វា​មក​វាយ​ខ្ញុំ មក​ដល់​ឈប់​តែ​ឡាន​រត់​មក​វាយ​បណ្ដោយ អ្នក​មក​ហ្នឹង​អត់​បាន​សួរ​នាំ​មូល​ហេតុ​ថា​ម៉េច​អី​ម៉េច​ផង។ វា​គ្រាន់​ថា​ខ្ញុំ​មិន​បាន​បែក​ឈាម ប៉ុន្តែ​បើ​គិត​ផ្លូវ​ច្បាប់​វិញ វា​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​ប៉ុនប៉ង​មនុស្ស​ឃាត​ទៅ​ហើយ»

ប្រភព​ពី​អ្នក​កាសែត​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា ឈ្មួញ​ឈើ​ដែល​ហៅ​បក្ខពួក​ទៅ​វាយ​អ្នក​កាសែត​នោះ គេ​ដឹង​ថា​ជា​ទាហាន ក៏ប៉ុន្តែ​មិន​ដឹង​នៅ​អង្គភាព​ណា​ពិត​ប្រាកដ​ទេ។

បន្ទាប់​ពី​ការ​វាយ​តប់ ហើយ​មាន​ការ​ប្ដឹងផ្ដល់​ទៅ​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​ផង​នោះ ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់ សុខ​ចិត្ត​បង់​ប្រាក់​ថ្លៃ​របួស​ស្នាម​ទៅ​ឱ្យ​អ្នក​កាសែត​ចំនួន ២​លាន​រៀល។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បុរស​ឈ្មោះ អ៊ុំ វឌ្ឍនៈ ហៅ ពៅ ប្រជ្រុយ ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ចំណែក​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ណុល រ៉ុង មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ក្រុម​ឈ្មួញ​ដឹក​ឈើ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត​មែន ក៏ប៉ុន្តែ​ករណី​នេះ​មិន​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ទេ៖ «ដូច​ពួក​ហ្នឹង​រក​ស៊ី​ឈើ​ទេ​ដឹង អ្នក​កាសែត​អ្នក​អី​ជុំ​គ្នា​យ៉ាង​ម៉េច​ទៀត ខ្ញុំ​គ្រាន់​តែ​ឱ្យ​កូន​ចៅ​ទៅ​កន្លែង​កើត​ហេតុ​មួយ​ភ្លែត ទៅ​មើល​រឿងរ៉ាវ​នោះ​ណា ហើយ​គាត់​មិន​បាន​ប្ដឹង​ផ្ដល់​អី​ទេ»

កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា កន្លង​ទៅ ក្លឹប​អ្នក​កាសែត​កម្ពុជា ធ្លាប់​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព និង​សេរីភាព​សារព័ត៌មាន ដែល​រង​ការ​គំរាម​កំហែង​នៅ​កម្ពុជា។ ស្ថាប័ន​ដដែល ក៏​ស្នើ​ឱ្យ​អ្នក​កាសែត ត្រូវ​គោរព​វិជ្ជាជីវៈ​ឱ្យ​បាន​ត្រឹមត្រូវ។

រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១៤ មាន​ការ​គំរាម​កំហែង​លើ​អ្នក​កាសែត​ចំនួន ៥​រូប។ កាល​ពី​ខែ​កញ្ញា កន្លង​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចាប់​ខ្លួន​អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​ចំនួន ២​រូប ប្រចាំ​នៅ​ខេត្ត​កំពត ដោយ​បញ្ជូន​ឱ្យ​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ ហើយ​កាល​ពី​ខែ​កក្កដា កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ចាប់​ខ្លួន​អ្នក​កាសែត​ក្នុង​ស្រុក ៣​នាក់ ដោយ​ចោទ​ពី​បទ​កំហែង​យក​ប្រាក់ ៥០០​ដុល្លារ នៅ​ពេល​អ្នក​កាសែត​ទាំង​នោះ​ទៅ​ថត​រូប​គំនរ​ឈើ ដែល​អាច​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។