គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ (CPWP) ដែលជាក្រុមស្ត្រីធ្វើការលើកកម្ពស់ស្ថានភាពស្ត្រីនិងសមភាពយេនឌ័រ ជំរុញអោយស្ថាប័នពាក់ព័ន្ធដកហូតងារ ឧកញ៉ា ពីលោក សុ។ ប៊ុន និងនាំរូបលោកមកផ្ដន្ទាទោសក្នុងសំណុំរឿង អំពើហិង្សាទៅលើ កញ្ញា ឯក សុជាតា ហៅ សាសា។
នៅក្នុងលិខិតចំហរដែលចេញនៅថ្ងៃទី១០ ខែ កក្កដា អង្គការនេះអំពាវដល់ក្រសួងយុត្តិធម៌ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ អោយស្នើសុំដល់ព្រះមហាក្សត្រដកហូតងារ របស់លោកឧកញ្ញ៉ា សុខ ប៊ុន ព្រមទាំងចាត់វិធានការស្វែងរកនិងចាប់ខ្លួនជនល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់។
ឪពុកជនរងគ្រោះ គឺលោកឧកញ៉ា អ៊ុត ធី សាទរនឹងការអំពាវនាវនេះ។ លោកបានបដិសេធចំពោះព័ត៌មានថា កញ្ញា សាសា បានទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក ដើម្បីបញ្ចប់រឿងនោះ គឺជារឿងមិនពិតហើយក្រុមគ្រួសារលោកនៅតែប្រកាន់ជំហរទាមទារយុត្តិធម៌សម្រាប់ក្រុមគ្រួសារលោកនិងជនរងគ្រោះដទៃទៀត៖ «សម្រាប់ ខ្ញុំនិងគ្រួសាររបស់ខ្ញុំ មិនចង់បានអីក្រៅពីសំណាញ់ច្បាប់ រកយុត្តិធម៌ឲ្យខ្ញុំ រឿងសំណងរឿងអីខ្ញុំមិនត្រូវការទេ ដើម្បីឲ្យគាត់ដឹងថា ច្បាប់ស្រុកខ្មែរយុត្តិធម៌នៅមានសម្រាប់ពលរដ្ឋខ្មែរ »។
លោក អ៊ុត ធី អោយដឹងដែរថា ពេលនេះកញ្ញាសាសា បានចេញទៅប្រទេសថៃ ហើយ ដើម្បីពិនិត្យសុខភាព និងព្យាបាលរបួសពីការវាយដំដោយលោកឧកញ៉ា សុខ ប៊ុន កាលពីយប់ថ្ងៃទី២ ខែកក្កដា ដែលមិនទាន់បានធូរស្រាលនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។