ជនជាតិ​វៀតណាម​បន្ត​មក​ធ្វើ​សមាធិ​នៅ​វាល​ស្រែ​៥០០​លើ​ភ្នំបូកគោ

វាល​ស្រែ​៥០០ នៅ​លើ​ភ្នំ​បូកគោ ក្នុង​ខេត្ត​កំពត សព្វថ្ងៃ​បាន​ក្លាយ​ជា​ទីតាំង​ទាក់ទាញ​ជនជាតិ​វៀតណាម យ៉ាង​ពេញ​និយម។ ភាគ​ច្រើន ពួក​គេ​ចំណាយ​ពេល​នៅ​ទីនោះ​រយៈពេល ២​យប់ ៣​ថ្ងៃ ដោយ​សម្អាង​ថា ដើម្បី​ធ្វើ​សមាធិ ឬ​បួស​ជា​សច្ចំ​បង់បត់។

0:00 / 0:00

តើ​អង្គការ​សង្គម​ស៊ីវិល​វិញ យល់​យ៉ាង​ណា​ចំពោះ​ពលរដ្ឋ​របស់​ប្រទេស​មួយ ឆ្លង​កាត់​មក​ក្នុង​អធិបតេយ្យ​មួយ​ផ្សេង​ទៀត ក្រោម​ហេតុផល​ជំនឿ​សាសនា​ដូច​នេះ?

ពាក់​អាវ​ក្រឡា​ការ៉ូ​ពណ៌​ក្រមៅ​ចាស់ បន្ថែម​ពី​លើ​អាវ​ផាយ និង​ព្យាយាម​រំពៃ​រក​ច្រក​ចូល​ទៅ​កាន់​វាស​ស្រែ​៥០០ ស្ត្រី​ជនជាតិ​វៀតណាម និយាយ​ថា អ្វី​ដែល​ជា​បំណង​ប្រាថ្នា​ទៅ​កាន់​ទីនោះ គឺ​សម្រាប់​ធ្វើ​ពិធី​គោរព​បូជា​តាម​បែប​សាសនា ក្នុង​ន័យ​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ឲ្យ​បុព្វការី​ជន​របស់​ខ្លួន ដែល​បាន​ស្លាប់​ក្នុង​អតីតកាល​នៅ​ទីនេះ។

មាន​ដើម​កំណើត​នៅ​ខេត្ត​អាងយ៉ាង ជាប់​ព្រំដែន​ខេត្ត​តាកែវ និង​ខេត្ត​កំពត របស់​កម្ពុជា លោកស្រី ថាវ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី៣០ សីហា ថា ការ​ពិត វាល​ស្រែ​៥០០ នេះ គឺ​ជា​តំបន់​ដ៏​ស័ក្ដិសិទ្ធិ​ដែល​ពលរដ្ឋ​វៀតណាម មាន​ជំនឿ​ថា អាច​នឹង​នាំ​មក​នូវ​សេចក្ដី​សុខ និង​ភាព​ចម្រុង​ចម្រើន ជា​ពិសេស​នោះ គឺ​អាច​បំបាត់​ជំងឺ​នានា​ថែម​ទៀត​ផង ប្រសិន​បើ​គេ​បាន​មក​ដល់​តំបន់​ភ្នំ​បូកគោ៖ «ជើង​វា​ឈឺ​អ៊ីចឹង នាំ​មក​ថ្វាយ​បង្គំ​ព្រះ ដើម្បី​អោយ​បាត់​ឈឺ។ គាត់​ឈឺ​នាំ​មក​ថ្វាយ​បង្គំ​ព្រះ ដើម្បី​អោយ​បាត់​ឈឺ ហើយ​បាត់​ឈឺ​ត្រឡប់​ទៅ​វៀតណាម វិញ ដើម្បី​បួស»

ដើម្បី​បាន​ទៅ​ដល់​វាល​ស្រែ​៥០០ គឺ​គេ​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច ២​ម៉ោង។ ទីតាំង​នោះ ស្ថិត​នៅ​ភាគ​ខាង​លិច​វត្ត​សំពៅប្រាំ និង​សណ្ឋាគារ​ឋាន​សួគ៌​បូកគោ របស់​លោក​ឧកញ៉ា សុខ គង់ ដែល​មាន​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ។

មុន​នឹង​ទៅ​ដល់​វាល​ស្រែ​៥០០ គឺ​គេ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​រថយន្ត ឬ​ម៉ូតូ​ក៏​បាន លើ​កំណាត់​ផ្លូវ​ចាក់​បេតុង​ដែល​ដាច់​ដោយ​កង់ៗ​ទើប​ស្ថាបនា​មិន​ទាន់​រួច​នៅ​ឡើយ​នោះ ក៏ប៉ុន្តែ ជួន​កាល​អ្នក​ដំណើរ​ត្រូវ​ប្រើ​មធ្យោបាយ​ថ្មើរ​ជើង ដោយ​ឆ្លង​កាត់​ជ្រោះ​ជម្រាល​ថ្ម អូរ និង​ព្រៃ​ល្បោះ​ជាដើម។ បើ​ទោះ​ជា​បែប​ណា គេ​ហាក់​មិន​ជឿ​សោះ​ឡើយ​ថា ចំណុច​វាល​ស្រែ​៥០០ នេះ អាច​មាន​មនុស្ស​ទៅ​ដល់ ព្រោះ​ជា​ទីតាំង​មួយ​ស្ថិត​នៅ​ជ្រៅ​ឆ្ងាយ​ពី​ទីប្រជុំ​ជន និង​មាន​ស្ថានភាព​ផ្លូវ​បត់​បែន​ជ្រលង​ភ្នំ និង​អូរ។

បុរស​វ័យ​ជាង ៦០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម ថ្លែង​ថា គេ​ពិត​ជា​មិន​អាច​រក​ទីតាំង​នេះ​ឃើញ​បាន​ដោយ​ងាយ​ឡើយ ប្រសិន​បើ​គេ​ខ្វះ​ការ​សិក្សា​អំពី​ភូមិសាស្ត្រ។ ក្នុង​ន័យ​នេះ លោក ភឹក (Phat) អះអាង​ថា សម្រាប់​ពលរដ្ឋ​វៀតណាម អ្វី​ដែល​អាច​រក​ច្រក​ចូល​ទៅ​បាន គឺ​គេ​ត្រូវ​ដាក់​ដុំ​ថ្ម​ពីរ ឬ​បី​ដុំ​ទុក​ជា​សញ្ញា​ចំណាំ​តៗ​គ្នា​នៅ​តាម​គោលដៅ​នីមួយៗ សម្រាប់​អ្នក​ដំណើរ​ក្រោយៗ​ទៀត រហូត​ដល់​ចំណុច​ដែល​ត្រូវ​ទៅ៖ «ដើរ​ទៅ​អីចឹង​ទៅ​ប្រហែល ៣០​ម៉ែត្រ ឃើញ​ដុំ​ថ្ម​មួយ​ដុំ​មាន​ផ្លូវ​ចេញ​ទៅ​ហើយ។ ជនជាតិ​វៀតណាម ដាក់​ដុំ​ថ្ម​ធ្វើ​ជា​សញ្ញា​ដើម្បី​កុំ​អោយ​វង្វេង​ផ្លូវ»

យ៉ាង​ណា​ក៏ដោយ សម្រាប់​ច្រក​ចេញ​ចូល​ទៅ​កាន់​វាល​ស្រែ​៥០០ ត្រូវ​បាន​គេ​រឹត​បន្តឹង​ផ្នែក​សន្តិសុខ​តឹងរ៉ឹង និង​ដាក់​របាំង​ការពារ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ឆ្លង​កាត់​ដោយ​សេរី​ឡើយ។

ស្ថិត​ក្រោម​ហេតុផល​នេះ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ជើង​ភ្នំ​បូកគោ បាន​រិះគន់​ថា បើ​ទោះ​ជា​ការ​វិនិយោគ​ដើម្បី​ប្រាក់​ចំណេញ​យ៉ាង​ណា​ក៏ដោយ​ចុះ ក៏ប៉ុន្តែ​ថា ក្រុមហ៊ុន​របស់ លោក សុខ គង់ គួរ​បើក​សិទ្ធិ​ឲ្យ​បាន​ទូលាយ​ជាង​នេះ​សម្រាប់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស បាន​ទៅ​ទស្សនា​ដោយ​មិន​យក​កម្រៃ​អ្វី​នោះ​ទេ។

លោក យន់ ផល្លី អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ (Licadho) ប្រចាំ​តំបន់ ដែល​បាន​អង្កេត​ដោយ​ផ្ទាល់​ករណី​នេះ ចាត់​ទុក​ថា លំហូរ​ចូល​របស់​ជន​អន្តោប្រវេសន៍​វៀតណាម ឡើង​មក​កាន់​តំបន់​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ធម្មជាតិ​នេះ ហាក់​ដូច​ជា​មាន​ភាព​ធូរ​រលុង និង​មាន​មន្ទិល​សង្ស័យ។ លោក​គិត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ពង្រឹង​ច្បាប់​ស្ដីពី​ជន​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ៖ «ការ​ស្នាក់​អាស្រ័យ​ជា​បន្តបន្ទាប់ រវាង​អ្នក​ដែល​បាន​ចេញចូល ដូច​ជា​អ្នក​ដែល​បាន​មក ហើយ​ត្រឡប់​ទៅ​វិញ ឬ​ក៏​អ្នក​ដែល​បាន​មក​តាម​ក្រោយ ហើយ​ក៏​មាន​ការ​ស្នាក់​នៅ​បន្តបន្ទាប់»

ដោយ​ឡែក​នៅ​ក្រោម​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​វិញ មាន​ផ្នូរ​ជនជាតិ​វៀតណាម ដែល​ត្រូវ​គេ​កប់​ក្រោយ​ពី​ស្លាប់​រួច​នៅ​ទីនោះ។ ទោះ​ជា​បែប​ណា ពុំ​មាន​ការ​ទម្លាយ​ឲ្យ​ថា តើ​ការ​ស្លាប់​នេះ​មក​ពី​មូលហេតុ​អ្វី​ឲ្យ​បាន​ជាក់លាក់​ឡើយ។ ក៏ប៉ុន្តែ ផ្នូរ​សព​នេះ គេ​អាច​ដឹង​បាន​ដោយសារ​តែ នៅ​លើ​ផ្លាក​ព្រលឹង​បញ្ចុះ​សព​បាន​សរសេរ​ជា​ភាសា​វៀតណាម ថា លោក ត្រឹង វ៉ាំងយៀក (Tran Van Viet) ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី២២ មីនា ឆ្នាំ​២០១១ វេលា​ម៉ោង​ជាង ១១​យប់។ ជាង​នេះ​ទៀត មាន​ស្នាម​ជើង​មួយ​ចំហៀង​នៅ​លើ​ផ្ទាំង​ថ្ម​ធម្មជាតិ ដែល​មើល​ទៅ​ហាក់​ទំនង​ជា​មាន​ប្រវត្តិ​ដ៏​យូរ​លង់​មក​ហើយ​នៅ​ទីនោះ។

និន្នាការ​ទាំង​នេះ​ហើយ​ដែល លោក ភឹក បញ្ជាក់​ថា ជា​ហេតុផល​ដែល​ជំរុញ​ឲ្យ​គេ​លះ​បង់​គ្រប់​បែប​យ៉ាង ក្នុង​បុព្វហេតុ​ជំនឿ​សាសនា​នេះ​ពី​ប្រទេស​វៀតណាម ឆ្លង​ចូល​មក​កាន់​តំបន់​វាល​ស្រែ​៥០០ នៅ​លើ​ភ្នំ​បូកគោ នេះ៖ «នេះ​គឺ​ស្នាម​ជើង​របស់​ព្រះពុទ្ធ។ ព្រះពុទ្ធ​គង់។ លោក (សំដៅ​លើ​ជនជាតិ​វៀតណាម ម្នាក់​ដែល​ធ្លាប់​មក​កន្លែង​នេះ​ពី​មុន​មក) ទៅ​រួច លោក​ឆ្លាក់​ជាប់​លើ​ថ្ម លោក​ឆ្លាក់​លើ​ថ្ម​ដើម្បី​អោយ​ជនជាតិ​វៀតណាម ឡើង​មក ស្គាល់​ដាន​ជើង​ព្រះពុទ្ធ ដើម្បី​យក​របស់​មក​ថ្វាយ»

ផ្នូរ​សព​នៅ​លើ​ភ្នំ​បូកគោ ដែល​ពលរដ្ឋ​វៀតណាម មាន​ជំនឿ​ថា គឺ​ជា​ដូនតា​របស់​ពួក​គេ បាន​ស្លាប់​តាំង​ពី​សម័យ​មុន​នោះ ពុំ​មែន​មាន​នៅ​តែ​វាល​ស្រែ​៥០០ ឡើយ។ ក្នុង​ន័យ​នេះ ពលរដ្ឋ​នៅ​ខេត្ត​កំពត ដែល​តែង​នាំ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​តំបន់​ប្រវាំងកូន ស្ថិត​ក្នុង​ស្រុក​ទឹកឈូ សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា នៅ​មាន​ផ្នូរ​សព​បុរាណ​វៀតណាម ជាង ២០​ផ្នូរ​ទៀត ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ទីនោះ។ នៅ​រៀង​រាល់​ថ្ងៃ​បុណ្យ ឬ​មាន​ពិធី​អ្វី​មួយ សមាគម​វៀតណាម ប្រចាំ​កម្ពុជា និង​ពលរដ្ឋ​វៀតណាម ឆ្លង​ដែន​ចូល​មក​កម្ពុជា ក៏​តែង​ឡើង​ទៅ​ធ្វើ​សមាធិ​នៅ​តំបន់​ប្រវាំងកូន ជា​ហូរហែ​ដែរ។

ចំណុច​ប្រវាំងកូន ឬ​ហៅ​ថា ជ័យ​យួន នេះ មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​កំពត ប្រមាណ​ជាង ១០​គីឡូម៉ែត្រ។ ដើម្បី​បាន​ទៅ​ដល់​ទីតាំង​នោះ អ្នក​ដំណើរ​ត្រូវ​ដើរ​ដោយ​ថ្មើរ​ជើង តាម​ជម្រាល​ភ្នំ​ឆ្លង​កាត់​តាម​តំបន់​ទឹក​ឈូ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​កំពត លោក គង់ ផល្លា មាន​ប្រសាសន៍​ថា ផ្អែក​តាម​ការ​ពិនិត្យ​របស់​អ្នក​ជំនាញ​បច្ចេកទេស រក​ឃើញ​ថា ផ្នូរ​សព​ដែល​នៅ​លើ​ភ្នំ​បូកគោ នេះ ទំនង​ពុំ​មែន​ជា​ផ្នូរ​សព​បុរាណ​ទេ។ លោក​បញ្ជាក់​ថា ដើម្បី​បញ្ចៀស​មន្ទិល​សង្ស័យ លោក​បាន​ស្នើ​ទៅ​ភាគី​ក្រុមហ៊ុន​របស់ លោក សុខ គង់ ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​រួច​ហើយ៖ «អាយុកាល​វា យើង​មើល​ប្រសិន​បើ​ជា​ផ្នូរ​ហ្នឹង ក៏​យើង​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​ថា​ជា​ឆ្នាំ​ណា​ដែរ ពីព្រោះ យើង​មើល​វត្ត​ហ្នឹង​ដូច​ឆ្នាំ​១៩២០ ២២ ២៣ ផ្លូវ​ឡើង​ហ្នឹង ២៣។ ម្ល៉ោះ​ហើយ អាច​ប្រហែល​មុន​ហ្នឹង ប្រសិន​បើ​មាន​ផ្នូរ​មែន អា​ហ្នឹង​មិន​ទាន់​ឆ្លើយ​ថា​ផ្នូរ​ទេ អា​ហ្នឹង ពីព្រោះ​ថា​វា​ទើប​រៀប​ថ្ម​ពី​លើ»

លោក អ៊ុក វណ្ណា បណ្ឌិត​សេដ្ឋកិច្ច និង​ទេសចរណ៍​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា ផ្នែក​ពាណិជ្ជកម្ម គិត​ថា នេះ​គឺ​ជា​មធ្យោបាយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់ លោក សុខ គង់។ យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា ម្ចាស់​វិនិយោគ​ភ្នំ​បូកគោ នេះ គួរ​បើក​សិទ្ធិ​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ ជា​ជាង​សម្រាប់​តែ​ពលរដ្ឋ​វៀតណាម៖ «ពីព្រោះ​ប្រសិន​ជា​ធ្វើ​ទេសចរណ៍​សម្រាប់​ជា​ការ​សែន​ផ្នូរ ភ្នំ​បូកគោ មួយ មាន​តែ​ជនជាតិ​ស្លាប់ វា​ជា​បញ្ហា​មួយ​មិន​គួរ​ទទួល​យក​បាន។ បើ​ជា​សិន​ឃោសនា ឬ​ក៏​អាដែង​ម៉ាឃីដធីង (Marketing) ទាក់ទាញ​ភ្ញៀវ គួរ​តែ​ឲ្យ​ទាំងអស់​នោះ​សមាធិ ទៅ​ទស្សនៈ​ធម៌ ទៅ​កាន់​សីល ទៅ​សូត្រ​ធម៌ ទាំង​ពិភពលោក»

លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា គិត​ថា នេះ​គឺ​ជា​មធ្យោបាយ​ពង្រីក​ទឹក​ដី​របស់​វៀតណាម ក្រោម​ហេតុផល​ជំនឿ​សាសនា៖ «ការ​ដែល​លើក​ឡើង​រឿង​ផ្នូរ​បុរាណ ឬ​ស្អី​នោះ វា​គ្រាន់​តែ​ជា​លេស ហើយ​និង​ល្បិចកល​របស់​ជនជាតិ​វៀតណាម នោះ​ទេ។ ហើយ​យើង​ដឹង​ហើយ ជនជាតិ​វៀតណាម តែង​តែ​មាន​ល្បិចកល​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ធ្វើ​ម៉េច ដើម្បី​ឈ្លាន​ពាន​ចូល​មក​អធិបតីភាព​បូរណភាព​នៃ​ទឹក​ដី​កម្ពុជា យើង​ហ្នឹង»

ក៏ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​២៧ សីហា កន្លង​ទៅ អាជ្ញាធរ​ខេត្ត​កំពត បាន​បង្កើត​គណៈកម្មការ​ចម្រុះ​បន្ទាន់​មួយ ដែល​មាន​សមភាព​ចូល​រួម​មក​ពី ៤​ស្ថាប័ន​ខុសៗ​គ្នា មាន​មន្ទីរ​វប្បធម៌​ជាដើម ស៊ើប​អង្កេត​អំពី​ភាព​ចម្រូងចម្រាស​នេះ។ ការ​រុក​រក​ទីតាំង​របស់​ស្ថាប័ន​រដ្ឋ​ទាំង ៤ បាន​អះអាង​ថា ពុំ​មាន​ជនជាតិ​វៀតណាម ធ្វើ​អាស្រម ឬ​ទីតាំង​សំចត ដូច​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ក្នុង​ពេល​កន្លង​ទៅ​នោះ​ឡើយ។

ជាង​នេះ​ទៀត ប្រធាន​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ទាន់ហន់ ក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍ លោក ឡេវ កក្កដា ឲ្យ​ដឹង​ថា ប្រទេស​ជិត​ខាង​ព្រំដែន តែង​បង្កើត​កិច្ច​សហប្រតិបត្តិការ​តាម​រយៈ​លំហូរ​ពលរដ្ឋ​ជា​មួយ​គ្នា​ជា​ដរាប ទាំង​លើ​វិស័យ​ពាណិជ្ជកម្ម និង​ជំនឿ​សាសនា។ យ៉ាង​ណា​ក៏ដោយ លោក​អះអាង​ថា ការ​ចេញ​ចូល​នេះ ត្រូវ​អនុវត្ត​ក្រោម​ច្បាប់​យ៉ាង​តឹងរ៉ឹង​របស់​ប្រទេស​ទាំង​ពីរ៖ «ហើយ​បើ​សិន​ជា​នៅ​កៀក​គ្នា ខេត្ត​ដូច​គ្នា​ហ្នឹង យើង​សម្ព័ន្ធមិត្ត​ជាមួយ​គ្នា​ហ្នឹង បើ​គេ​មាន​អត្តសញ្ញាណប័ណ្ណ គេ​អាច​អនុគ្រោះ​ឲ្យ​គេ​ចូល​មក​លេង​ខ្មែរ​យើង​ត្រឹម​កំពត ត្រឹម​កែប ត្រឹម​បូកគោ អី​តិចតួច​អ៊ីចឹង ឲ្យ​ហើយ​វិល​វិញ។ ប៉ុន្តែ យើង​ចេញ​លិខិត​ស្នាម​ឲ្យ​នគរបាល​ត្រួត​ពិនិត្យ​ណា​លោក»

អង្គការ​សង្គម​ស៊ីវិល គិត​ថា បញ្ហា​នេះ លោក​ឧកញ៉ា សុខ គង់ ម្ចាស់​វិនិយោគ​ភ្នំ​បូកគោ ទំនង​ជា​ស្ថិត​នៅ​ពី​ក្រោយ ដែល​នាំ​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម បន្ត​ហូរ​ចូល​មក​ធ្វើ​សមាធិ​លើ​ភ្នំ​បូកគោ។

បញ្ហា​កើត​ចេញ​ពី​រឿងរ៉ាវ​ទាំង​នេះ​ហើយ ដែល លោកស្រី ថាវ និយាយ​ថា ដើម្បី​បាន​ទៅ​ដល់​ទីនោះ ពួក​គេ​ត្រូវ​ទិញ​សំបុត្រ​ជា​មុន​សម្រាប់​ការ​ស្នាក់នៅ​ពី​ក្រុមហ៊ុន​របស់ លោក សុខ គង់ នៅ​លើ​ភ្នំ​បូកគោ។ សម្រាប់​ការ​ស្នាក់​នៅ​លើ​វាល​ស្រែ​៥០០ រយៈពេល ២​យប់ ៣​ថ្ងៃ តម្លៃ ១៥​ដុល្លារ ឬ​ប្រមាណ ៦​ម៉ឺន​រៀល​ក្នុង​ម្នាក់៖ «មួយ​ថ្ងៃ ៥​ដុល្លារ សម្រាប់​មនុស្ស​ម្នាក់ ដេក​បាន​តែ​ពីរ​យប់​ទេ យប់​នេះ​មួយ​យប់​ស្អែក​មួយ​យប់​ទៀត យើង​ទៅ​ផ្ទះ បើ​នៅ​យឺត​មួយ​ថ្ងៃ ត្រូវ​គេ​ពិន័យ ២៥​ដុល្លារ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។