ការកាត់ប្រាក់បង្រៀននេះ ធ្វើឲ្យក្រុមគ្រូបង្រៀនអស់ទឹកចិត្តក្នុងការបង្រៀនបច្ចេកទេសកសិកម្មអ្នកភូមិ។ ហើយក្នុងនោះ រហូតដល់មានគ្រូបង្រៀនខ្លះទ្រាំការឈឺចាប់ពុំបាន ក៏សម្រេចចិត្តលាលែងឈប់ពីការបង្រៀនទៀតផងក៏មាន។
គ្រូបង្គោលបង្រៀនកសិកម្មអ្នកភូមិនៅខេត្តព្រៃវែង សុំមិនបញ្ចេញឈ្មោះម្នាក់ ថ្លែងនៅថ្ងៃទី៩ ធ្នូ ថា លោកត្រូវបានមន្ត្រីប្រចាំការនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រៃវែង កាត់ប្រាក់បង្រៀនចាប់តាំងពីខ្លួនបានចូលបង្រៀននៅក្នុងគម្រោងនេះ តាំងពីចុងឆ្នាំ២០១២ រហូតមក។
លោកបញ្ជាក់បន្ថែមថា មន្ត្រីមជ្ឈមណ្ឌលកាត់ប្រាក់ពីគ្រូបង្រៀនតាមជិត ឬឆ្ងាយនៃការបង្រៀន។ បើគ្រូចុះទៅបង្រៀនអ្នកភូមិនៅតាមបណ្ដាស្រុកឆ្ងាយ គេកាត់ចំនួន ៤០ដុល្លារ និងចុះទៅបង្រៀនអ្នកភូមិតាមស្រុកក្បែរក្រុងព្រៃវែង កាត់ប្រាក់បង្រៀនចំនួន ៣៥ដុល្លារ ក្នុងមួយវគ្គបង្រៀនរយៈមួយសប្ដាហ៍៖ «ប៉ុន្តែបើយើងអត់បង់ឲ្យគេ គេអត់ឲ្យសាលាបង្រៀនទេ។ ថ្ងៃក្រោយទាល់តែឲ្យលុយគេបានឲ្យបង្រៀន។ ហើយនិងម៉ាវគ្គទៀត បើចង់បានការបង្រៀនច្រើន ទាល់តែឲ្យលុយអ្នកគ្រប់គ្រងវគ្គហ្នឹងទៀត។ អ្នកគ្រប់គ្រងវគ្គហ្នឹងម៉ាសាលា គេយក ១៥ដុល្លារ បានៗបង្រៀន បើមិនឲ្យគេមិនឲ្យទេ»។
រីឯគ្រូកសិកម្មនៅខេត្តព្រៃវែង សុំមិនបញ្ចេញឈ្មោះម្នាក់ទៀត ឲ្យដឹងថា មន្ត្រីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រៃវែង មិនត្រឹមតែពុករលួយកាត់ប្រាក់ពីគ្រូដែលបានទៅបង្រៀនកសិកម្មប្រជាពលរដ្ឋតាមភូមិប៉ុណ្ណោះទេ គឺមានការប្រកាន់បក្ខពួកនិយម ក្នុងការបែងចែកប៉ុស្តិ៍ឲ្យគ្រូបង្រៀនទៀតផង។ ដោយគ្រូដែលជាប់សែស្រឡាយប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ នោះ នឹងបានទៅបង្រៀនក្បែរក្រុងព្រៃវែង៖ «អាសាលាឆ្ងាយៗគេឲ្យយើងបង្រៀន។ ដល់មកសាលាជិតៗ ត្រូវយើងបង្រៀនកាលដែលចែកកម្មវិធីបង្រៀន ត្រូវយើងបង្រៀន អានៅខេត្តពីរបីសាលាហ្នឹង។ ដល់ក្រោយមក ដល់ថ្ងៃយើងបង្រៀន យើងទាញម៉ូតូទាញអីចេញទៅបង្រៀន គេថាអូគ្រូឯងអត់បង្រៀននៅសាលាហ្នឹងទេ បង្រៀននៅបាភ្នំ នៅឈើកាច់ ណោះ។ ហ៊ឹម៉េចអ៊ីចឹង កម្មវិធីថាត្រូវបង្រៀននៅទីរួមខេត្តតើ? ហ៊ែ គេដូរបាត់ហើយ អាហ្នឹងអ៊ីចឹងបានខ្ញុំថាប្រហែលជាអាចបក្សគេយកចែកគ្នាគេបង្រៀនជិតៗហ្នឹង»។
លោកបន្តថា ដោយទ្រាំនឹងសកម្មភាពពុករលួយ និងការប្រកាន់បក្ខពួកនិយមនេះមិនបាន លោកក៏សម្រេចចិត្តដកខ្លួនលាលែងពីការបង្រៀននេះតែម្ដង។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រៃវែង លោក មឹង វណ្ណា មានប្រសាសន៍ថា លោកពុំបានកាត់ប្រាក់ពីគ្រូបង្រៀនកសិកម្ម និងការប្រកាន់បក្ខពួកនិយម បែងចែកប៉ុស្តិ៍បង្រៀនដូចការចោទប្រកាន់របស់ក្រុមគ្រូបង្រៀននោះឡើយ៖ «អត់ទេ ខ្ញុំមិនដែលកាត់ណាបាទ អាហ្នឹងគ្រូណាចាំទាក់ទងខ្ញុំ ព្រោះអារឿងប្រាក់ខែខ្លួនឯងប៉ុន្មានគេឲ្យប៉ុណ្ណឹងតើ។ អត់អីទេ ឥឡូវចាំគ្រូណាឲ្យមកជួបខ្ញុំ»។
ប្រាក់គម្រោងបង្រៀនផ្នែកកសិកម្មមានការចិញ្ចឹមសត្វ ដាំបន្លែ និងការបណ្ដុះផ្សិតជាដើម បង្រៀនប្រជាពលរដ្ឋតាមភូមិដែលគ្មានការងារធ្វើនៅខេត្តព្រៃវែង។ គម្រោងនេះក្រោមការឧបត្ថម្ភរបស់ធនាគារ អេ.ឌី.បី ផ្ដល់តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ តាមកម្មវិធីបង្រៀនក្នុងមួយវគ្គការបង្រៀនចំនួន ៥ថ្ងៃ ក្នុងមួយសប្ដាហ៍។ ក្នុងនោះគ្រូបង្រៀនមួយវគ្គ នឹងទទួលបានប្រាក់ចំនួនពី ៩៥ ទៅ ១០០ដុល្លារ ទៅតាមតំបន់ជិត ឬឆ្ងាយនៃការបង្រៀន។ គ្រូបង្រៀនឲ្យដឹងថា ពេលអនុវត្តជាក់ស្ដែង ពួកគាត់ទទួលបានប្រាក់ឈ្នួលបង្រៀនត្រឹមតែ ៦០ដុល្លារក្នុងមួយវគ្គប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
