កម្ពុជា​ប្រារព្ធ​ទិវា​​អន្តរជាតិអ្នក​​ស្ម័គ្រចិត្ត ៥ ធ្នូ

មន្ត្រី​រដ្ឋាភិបាល មន្ត្រី​ស្ថានទូត អង្គការ​ជាតិ អន្តរជាតិ បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រ​ចិត្ត ៥ ធ្នូ ដោយ​យក​ឱកាស​នេះ ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគេ​ឲ្យ​ទទួល​បាន​បទពិសោធន៍​ការងារ និង​ទទួល​បាន​ការងារ​ល្អ​សម្រាប់​ថ្ងៃ​អនាគត។

0:00 / 0:00

ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​គឺ​ជា​ជន​គំរូ គឺ​ជា​ប្រធានបទ​នៃ​ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រ​ចិត្ត លើក​ទី​៣ ដែល​ប្រារព្ធ​ឡើង​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៣​នេះ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ស៊ាន បូរ៉ាត បាន​ថ្លែង​ថា ការ​ចូលរួម​ស្ម័គ្រ​ចិត្ត​គឺ​ជា​ការ​ចូលរួម​ចំណែក​ដ៏​មាន​តម្លៃ​បំផុត និង​មិន​អាច​ខ្វះ​បាន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​សង្គម ក្នុង​ការ​លើក​តម្កើង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​សិទ្ធិ​ចូលរួម​របស់​យុវជន​ក្នុង​កិច្ចការ​សង្គម។

ចំណែក​តំណាង​អ្នក​សម្របសម្រួល​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន ហៅ​ថា យូ.អែន.ហ្វែស.ភី.អេ (UNFPA) លោក ម៉ាក ឌែរវីអ៊ុយ (Marc Derveeuw) មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ថា យុវជន​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ។ លោក​ថា អង្គការ​នេះ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​សុខុមាលភាព​យុវជន ជំរុញ​ភាព​រីក​ចម្រើន​ខាង​ផ្នែក​បញ្ញា​ស្មារតី បង្កើត​ចំណេះដឹង​អំពី​សិទ្ធិ​របស់​ពួកគេ សីលធម៌ និង​គុណ​តម្លៃ និង​ជំនាញ​ដែល​យុវជន​ត្រូវ​ការ ដើម្បី​ជំរុញ​ការងារ​ស្ម័គ្រ​ចិត្ត។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា​សព្វ​ថ្ងៃ មាន​ជីវភាព​ប្រសើរ​ឡើង​ដោយសារ​តែ​ការងារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ជួយ​ការងារ​ជា​ច្រើន។ លោក​ថ្លែង​បែប​នេះ នៅ​ក្នុង​ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រ​ចិត្ត ដែល​មាន​អ្នក​ចូលរួម​ពិសេស​យុវជន​ប្រមាណ ៧០០​នាក់ ចូលរួម​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។

យុវជន​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ដែរ បាន​ចាប់​អារម្មណ៍​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការងារ​ស្ម័គ្រ​ចិត្ត។

យុវជន ផង់ ពិណន់ អាយុ ២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​សង្គមវិទ្យា បាន​ថ្លែង​ថា គាត់​បាន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​តាម​រយៈ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ៣​ឆ្នាំ​មក​ហើយ ជា​មួយ​យុវជន​ក្នុង​សហគមន៍​ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ចាប់​អារម្មណ៍​ការ​សិក្សា​រៀន​សូត្រ និង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​សហគមន៍។ យុវជន​ដដែល​អះអាង​ថា ការងារ​ស្ម័គ្រ​ចិត្ត​ពិត​ជា​បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​ក្ដី​សង្ឃឹម​ជា​ច្រើន​សម្រាប់​ថ្ងៃ​អនាគត។

ពុំ​មាន​របាយការណ៍​ណា​មួយ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជាក់លាក់​ថា មាន​យុវជន​កម្ពុជា ប៉ុន្មាន​នាក់​ដែល​ចេញ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​លើ​គ្រប់​វិស័យ​នោះ​ទេ។ ប៉ុន្តែ​របាយការណ៍​វិភាគ​ស្ថានភាព​យុវជន​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០០៩ ដែល​សង្គម​ស៊ីវិល​ស្រង់​ដាក់​ក្នុង​សេចក្ដី​ព្រាង​គោល​នយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា ថា មាន​យុវជន​ប្រមាណ ៣៥% ទៅ ៤០% ចូល​ប្រឡូក​ក្នុង​តួនាទី​ស្ម័គ្រ​ចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕