នៅសល់មិនដល់មួយខែទៀតទេ គោលដៅអភិវឌ្ឍន៍សហស្សវត្ស (MDGs) នឹងផុតរលត់ហើយ។ រយៈពេល ១៥ឆ្នាំទៅមុខ ពោលគឺចាប់ពីដើមឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ គោលដៅអភិវឌ្ឍន៍និរន្តរភាព (SDGs) នឹងចូលខ្លួនមកធ្វើការបន្តពីគោលដៅចាស់។ យ៉ាងក៏ដោយ គោលបំណងនៃគោលដៅទាំងថ្មី ទាំងចាស់ គឺសុទ្ធតែចង់លុបបំបាត់ភាពក្រីក្រឲ្យនៅកម្រិតទាបបំផុត។ យុវជន និងភាគីដែលពាក់ព័ន្ធយល់ឃើញថា ការងារស្ម័គ្រចិត្តចូលរួមចំណែកបានច្រើនដើម្បីកាត់បន្ថយភាពក្រីក្រ។
យុវជនប្រមាណ ៥០០នាក់ រួមនឹងអ្នកដែលធ្វើការងារពាក់ព័ន្ធជាមួយយុវជន មកជួបជជែកគ្នាស្វែងរកផែនការដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍និរន្តរភាព ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ។ អ្នកដែលចូលរួមមួយចំនួនបានថ្លែងថា ពួកគេបានត្រៀមខ្លួនរួចហើយដើម្បីសម្រេចនូវបេសកកម្មនេះ។
ការជួបជុំគ្នាធ្វើឡើងរយៈពេល ២ថ្ងៃ ពីថ្ងៃទី៤ ដល់ទី៥ ធ្នូ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដើម្បីអបអរសាទរទិវាអ្នកស្ម័គ្រចិត្តពិភពលោក។
អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន លោក ចឹក លីម មានប្រសាសន៍ថា មនុស្សគ្រប់គ្នាអាចជួយគ្នាឲ្យរួចផុតពីភាពអត់ឃ្លាន និងភាពក្រីក្រ។ លោកថា ការងារស្ម័គ្រចិត្តផ្ដល់ឱកាសដល់គ្រប់គ្នា ពិសេសយុវជនអាចជួយសង្គមបាន ដោយចំណាយពេលវេលា និងកម្លាំងតាមលទ្ធភាពគេរៀងៗខ្លួន៖ «ការស្ម័គ្រចិត្តរបស់គាត់ហ្នឹង អាចចូលរួមតាមរយៈការបង្កើតជាក្លឹបអានសម្រាប់កុមារនៅតាមតំបន់ជនបទ ឬកុមារអនាថា។ អ៊ីចឹងគាត់អាចផ្ដល់ក្លឹបពង្រឹងនៃការអាន និទានរឿងផ្សេងៗ តាមរយៈការងាររបស់យុវជនរបស់យើងហ្នឹង។ គាត់អាចលើកកម្ពស់នូវកម្រិតនៃការអានរបស់សិស្ស ជាពិសេសការអាន គាត់អាចសរសេរ។ អ៊ីចឹងចំណេះដឹង និងបទពិសោធន៍ជាច្រើនអាចធ្វើឲ្យជីវភាពគាត់ហ្នឹងប្រសើរឡើង»។
បើតាមលោក ចឹក លីម បញ្ជាក់ថា ការចូលរួមស្ម័គ្រចិត្តរបស់យុវជន អាចឲ្យកាត់បន្ថយភាពក្រីក្របានយ៉ាងឆាប់រហ័ស។ លោកថា យុវជនវ័យចន្លោះពី ១៥ ទៅ ៣០ឆ្នាំ តំណាងឲ្យ ៣៣ភាគរយ ឬ៤,៥លាននាក់ នៃប្រជាជនកម្ពុជា សរុប។
តំណាងអង្គការសហប្រជាជាតិផ្នែកការស្ម័គ្រចិត្តប្រចាំប្រទេសកម្ពុជា អ្នកនាង ស៊េយ៉ា អាតូណិន (Seija Attonen) ក៏កំពុងធ្វើការងារស្ម័គ្រជួយប្រទេសកម្ពុជា ផងដែរ។ គាត់មកពីប្រទេសហ្វាំងឡង់។
អ្នកនាង ស៊េយ៉ា ផ្ដល់តម្លៃខ្ពស់ចំពោះការងារស្ម័គ្រចិត្តដោយយល់ឃើញថា ការងារស្ម័គ្រចិត្តជាការទទួលខុសត្រូវមួយ មិនត្រឹមតែគិតតែពីជីវិតខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាការងារមួយដែលបុគ្គលម្នាក់ៗ អាចរួមចំណែកធ្វើឲ្យអ្នកដទៃដែលនៅជុំវិញខ្លួនបានប្រសើរឡើងផងដែរ៖ «ខ្ញុំយល់ថា យុវជននិងការងារស្ម័គ្រចិត្ត អាចជួយសង្គមបានច្រើន ដូចជាការកាត់បន្ថយភាពក្រីក្រ។ យើងមិនអាចកាត់បន្ថយភាពក្រីក្រ ដោយធ្វើការតែម្នាក់ឯងបានទេ។ យើងត្រូវការចូលរួមពីគ្រប់គ្នា ដូចជាការផ្ដល់ជាគំនិត។ យើងត្រូវធ្វើការរួមគ្នា។ ការងារស្ម័គ្រចិត្តវាសំខាន់ណាស់សម្រាប់ធ្វើកិច្ចការនេះ»។
យុវជន ងិន សុភន ស្កាត់មកពីខេត្តសៀមរាប ដើម្បីចូលរួមស្វែងយល់ពីការកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើការងារស្ម័គ្រចិត្ត។ លោក សុភន ធ្លាប់ស្ម័គ្រចិត្តជួយពន្យល់ និងអប់រំពីបញ្ហាសុខភាពដល់ប្រជាជននៅតាមជនបទ។ លោកថា អ្វីដែលលោកបានធ្វើនេះ បានជួយកាត់បន្ថយភាពក្រីក្រ៖ «ខ្ញុំ គិតថា វាចូលរួមកាត់បន្ថយភាពក្រីក្របានច្រើន ពីព្រោះប្រជាពលរដ្ឋមួយចំនួនគាត់មិនបានដឹងទៅតាមណាមកណា។ បើយើងបានដឹង បានជួយគាត់ ណែនាំគាត់ពីវិធីសាស្ត្រទៅកាន់កន្លែងទទួលសេវា គឺគាត់មិនចាំបាច់ចំណាយថវិកា និងពេលវេលាច្រើន។ អ៊ីចឹងងាយស្រួលដល់ពួកគាត់ គឺកាត់បន្ថយនូវការចំណាយថវិការបស់ពួកគាត់»។
ស្រដៀងនឹងលោក សុភន ដែរ យុវតី អៀង សុភនេត្រា ដែលជានិស្សិតឆ្នាំទី១ ផ្នែកសិក្សាអន្តរជាតិកំពុងស្ម័គ្រចិត្តផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយពីគោលដៅអភិវឌ្ឍន៍និរន្តរភាពដល់យុវជនផ្សេងទៀតដែលចូលរួមក្នុងទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិ។
កញ្ញា នេត្រា ជឿជាក់ថា តាមរយៈការងារដែលគេកំពុងធ្វើនេះ យ៉ាងហោចណាស់ក៏អាចជួយកាត់បន្ថយនូវភាពក្រីក្របានខ្លះចេញពីសង្គមកម្ពុជា ដោយកញ្ញាអាចពង្រឹងសមត្ថភាព និងទទួលបានបទពិសោធន៍ដែលអាចធ្វើឲ្យកញ្ញារកការងារធ្វើក្រោយបញ្ចប់ការសិក្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
