លោក វន់ ពៅ និង​មនុស្ស​៩​នាក់​ទៀត​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន

កង​កម្លាំង​សមត្ថកិច្ច​ប្រើ​អាវុធ​បណ្ដេញ​ពលរដ្ឋ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហាក់​ដូច​ប្រយុទ្ធ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ គ្រា​ដែល​ព្រះសង្ឃ ពលរដ្ឋ​មក​ពី​តំបន់​ជម្លោះ​ដីធ្លី និង​កម្មករ​ច្រើន​រយ​នាក់ បាន​ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង​មនុស្ស ១០​នាក់ ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា។ អ្នក​ទាំង​នោះ​រួម​មាន លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ តំណាង​សហជីព និង​កម្មករ​ជាច្រើន​នាក់។

0:00 / 0:00

ទោះ​មាន​ការ​ស្រែក​ទាមទារ​យ៉ាង​ណា​ក៏ដោយ តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ពួក​គេ​បណ្ដោះ​អាសន្ន បន្ទាប់​ពី​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា។

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ តំណាង​សហជីព និង​កម្មករ​ឯ​ទៀត បន្ទាប់​ពី​បាន​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។

លោក ជួង ជូងី មេធាវី​ការពារ​ក្តី​ជូន លោក វន់ ពៅ តំណាង​សហជីព និង​កម្មករ​ទាំង​នោះ បាន​ថ្លែង​ថា លោក​បាន​ស្នើសុំ​ឲ្យ​ពួក​គេ​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​តុលាការ​មិន​យល់​ព្រម។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ទាំងអស់​នោះ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​អ្វី​នៅ​ឡើយ តុលាការ​ទើប​តែ​កោះ​ហៅ​សាកសួរ​ប៉ុណ្ណោះ៖ «ខ្ញុំ​បាន​ទាមទារ​សុំ​ឲ្យ​ដោះ​លែង​វិញ ដោយ​សំអាង​ថា​គាត់​មិន​មែន​ជា​អ្នក​ប្រព្រឹត្តិ​ទេ គឺ​គាត់​រងគ្រោះ​ដោយសារ​គេ​វ៉ៃ​គាត់​បែក​ក្បាល​ផង ហើយ​គេ​វ៉ៃ​គាត់​បាក់​ដៃ​ទៀត អ៊ីចឹង​គាត់​ជា​អ្នក​រងគ្រោះ​ទេ។ ហើយ​ខ្ញុំ​ទាមទារ​ឲ្យ​តុលាការ​រក​អ្នក​ដែល​វ៉ៃ​គាត់​បាក់​ដៃ និង​អ្នក​ដែល​វ៉ៃ​គាត់​បែក​ក្បាល​ហ្នឹង​មក​ទទួល​ទោស​វិញ ប៉ុន្តែ​តុលាការ​នៅ​តែ​សម្រេច​ឃុំ​ខ្លួន​គាត់​បណ្ដោះ​អាសន្ន​សិន»

បន្ទាប់​ពី​ទទួល​ដំណឹង​ថា តុលាការ​មិន​ព្រម​ដោះ​លែង​អ្នក​ទាំង ១០​នាក់​នោះ ព្រះសង្ឃ កម្មករ និង​ប្រជាពលរដ្ឋ បាន​ឈរ​បិទ​ទ្វារ​របង​តុលាការ ដើម្បី​កុំ​ឲ្យ​រថយន្ត​ពន្ធនាគារ​ដឹក​ក្រុម លោក វន់ ពៅ ចេញ​ទៅ​ឃុំ​នៅ​ព្រៃស​បាន។ ខណៈ​នោះ ក្រុម​សមត្ថកិច្ច​ប្រមាណ ១.០០០​ពាន់ ប្រដាប់​ដោយ​អាវុធ ដំបង​ឆក់ ខែល បាន​បង្ក្រាប​ភ្លាមៗ​រយៈពេល ១​ម៉ោង គឺ​ពី​ម៉ោង ២ ដល់​ម៉ោង ៣​រសៀល ដើម្បី​សម្រួល​រថយន្ត​ពន្ធនាគារ​ដឹក លោក វន់ ពៅ និង​កម្មករ​ដទៃ​ទៀត​យក​ទៅ​ឃុំ​នៅ​ព្រៃស។

«សំឡេង​បង្ក្រាប»

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​មុខ​តុលាការ សុំ​ឲ្យ​ដោះ​លែង លោក វន់ ពៅ និង​កម្មករ សរុប​ទាំង ១០​នាក់​នោះ៖ «សុំ​ឲ្យ​តុលាការ បើ​កាត់​ទោស​កម្មករ កាត់​ទោស​សហជីព សុំ​ឲ្យ​កាត់​ទោស​ពួក​អ្នក​ប្រព្រឹត្តិ​អំពើ​ស្មោកគ្រោក ដែល​វ៉ៃ​ទៅ​លើ​កម្មករ​នោះ​ផង​ដែរ នឹង​បាន​ហៅ​តុលាការ​ត្រឹមត្រូវ​យុត្តិធម៌»

លោក អាត់ ធន់ ដែល​ចេញ​ពី​សាកសួរ​សុខ​ទុក្ខ លោក វន់ ពៅ និង​ក្រុម​កម្មករ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា សុខភាព លោក វន់ ពៅ បាន​គ្រាន់​បើ​វិញ​បន្តិច ខណៈ​មាន​ក្រុម​សហជីព​បាន​ចូល​ជួប​ក្នុង​តុលាការ៖ «ជន​ទាំង ១០​រូប ដែល​សុទ្ធ​តែ​សមាជិក អ្នក​ការពារ​សិទ្ធិ​មនុស្ស ពួក​យើង ១០​រូប​នោះ គឺ​មាន លោក វន់ ពៅ លោក ថេង សាវឿន លោក វ៉ាន់ សាក់ ហើយ​និង​កម្មករ​និយោជិក និង​មួយ​ចំនួន ៧​នាក់​ទៀត»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ព្រះសង្ឃ ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​ក្រុម​កម្មករ​ច្រើន​រយ​នាក់ បាន​បិទ​ផ្លូវ​ព្រះមុនីរ៉េត ពី​ផ្សារ​ស៊ីធីម៉ល ទៅ​ដល់​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ បំណង​សុំ​ឲ្យ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោះ​លែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង ១០​នាក់​នោះ។ ក្រុម​បាតុករ រួម​ទាំង​ព្រះសង្ឃ បាន​ដុត​ដុល្លារ​ខ្មោច​ទៅ​ក្នុង​ទីធ្លា​អគារ​តុលាការ និង​បាន​យក​ប្រាក់​ខ្មោច​នោះ​បិទ​ជា​អក្សរ​អយុត្តិធម៌​ណាស់​នៅ​ពី​លើ​អក្សរ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

«សំឡេង​ស្រែក​ទាមទារ»

ក្នុង​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​បាតុករ មាន​ប្រជាពលរដ្ឋ​របួល​ស្រាល​មួយ​ចំនួន ឯ​សមត្ថកិច្ច​មិន​មាន​រង​របួស​ទេ។

មនុស្ស ១០​នាក់ ដែល​រួម​មាន លោក វន់ ពៅ តំណាង​សហជីព ពលរដ្ឋ​បឹងកក់ ម្នាក់ និង​ក្រុម​កម្មករ​ចំនួន ៧​នាក់ និង​ព្រះសង្ឃ ៥​អង្គ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​២ ខែ​មករា ខណៈ​មាន​ក្រុម​កម្មករ​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៦០​ដុល្លារ​ក្នុង​១​ខែ នៅ​រោងចក្រ យ៉ាក់ ជីង ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ ជាយ​រាជធានី​ភ្នំពេញ។ ព្រះសង្ឃ ៥​អង្គ ត្រូវ​ដោះ​លែង​មក​វិញ កាល​ពី​យប់​ថ្ងៃ​ដដែល​បន្ទាប់​ពី​ត្រូវ​ឃាត់​ព្រះ​កាយ​ទៅ​សាកសួរ​នៅ​បន្ទាយ​កង​អន្តរាគមន៍​ពិសេស​ទ័ព​ឆត្រ​យោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។