តើលោក វន់ ពៅ មានជីវប្រវត្តិយ៉ាងណា?
ជារឿយៗនៅពេលមានតវ៉ាណាមួយកើតឡើងគេគេតែងឃើញវត្តមានរបស់លោក វន់ ពៅ មិនថាជាការតវ៉ាសម្រាប់ប្រយោជន៍កម្មករ អ្នករត់ម៉ូតូឌុប អ្នករត់រ៉ឺម៉កកង់៣ អ្នកលក់ដូរតាមចិញ្ចើមផ្លូវ សហគមន៍ដីធ្លី ឬការទាមទារដោះលែងសកម្មជនការពារសិទ្ធិមនុស្សឡើយ។ បើទោះជាមានមាឌតូចទ្រនាប់ ក៏ក្នុងការតវ៉ាទាំងនោះ លោក វន់ ពៅ តែងនៅជួរមុខកាន់ក្បាលមេក្រូស្រែកអំពាវនាវ ឬស្ដីបន្ទោសស្ថាប័នពាក់ព័ន្ធដោយមិនសំចៃម៉ាត់។
សំឡេងលោក វន់ ពៅ៖ «សូមអំពាវនាវទៅបងប្អូនសមត្ថកិច្ច ខ្ញុំក៏មានស្រុកកំណើតជាមួយលោកនាយករដ្ឋមន្ត្រីដែរ ប្រសិនបើបងប្អូនសមត្ថកិច្ចធ្វើបាបខ្ញុំ គឺធ្វើបាបលោកនាយករដ្ឋមន្ត្រីហើយ។ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ចហ៊ានប៉ះទៅលើប្រជាពលរដ្ឋ មិនខុសអ្វីពីសមត្ថកិច្ចសម្លាប់ បាញ់ឪពុកម្ដាយរបស់ខ្លួនឡើយ»។
លោក វន់ ពៅ គឺជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ជាភាសាអង់គ្លេសថា IDEA ដែលលោកបានបង្កើតឡើងកាលពីឆ្នាំ២០០៥។ សមាគមនេះធ្វើការដើម្បីការពារអត្ថប្រយោជន៍សម្រាប់អ្នកប្រកបរបរក្រៅប្រព័ន្ធ ក្នុងនោះរួមមានអ្នកលក់ដូរតាមចិញ្ចើមផ្លូវ អ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់៣ ឬរ៉ឺម៉កទេសចរណ៍ និងកម្មករអូសរទេះជាដើម។
ក្នុងនាមជាប្រធានសមាគម លោក វន់ ពៅ បានលះបង់សេចក្ដីសុខផ្ទាល់ខ្លួនតស៊ូដើម្បីប្រយោជន៍សមាជិកនិងសង្គម។ លោកបានទាមទារអោយអាជ្ញាធរយល់ព្រមអោយមានរ៉ឺម៉កទេសចរណ៍រត់តាមផ្លូវសំខាន់ៗក្នុងក្រុង ការពារសិទ្ធិអ្នកលក់ដូរតាមចិញ្ចើមផ្លូវតតាំងនឹងការទារលុយខុសពីច្បាប់កំណត់ ឬការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរ និងទាមទារបញ្ចុះតម្លៃប្រេងសាំង៖ «រួមគ្នាដើម្បីដំឡើងប្រាក់ខែ រួមគ្នាបញ្ចុះតម្លៃប្រេងសាំង រួមគ្នាដើម្បីតម្លៃស្រូវឡើងខ្ពស់! សាំងចុះថោក ស្រូវឡើងថ្លៃ ប្រាក់ខែខ្ពស់»។

ក្នុងវ័យ ៣៩ឆ្នាំ លោក វន់ ពៅ មានកូនប្រុស ៤នាក់។ លោកបានបែកបាក់ពីប្រពន្ធលោកចំនួន ២នាក់រួចមកហើយ និងបានរៀបការប្រពន្ធទី៣ ទើបបានជិត ១ឆ្នាំ។ មូលហេតុមួយក្នុងចំណោមមូលហេតុនៃការបែកបាក់គ្រួសារ គឺការចូលរួមសកម្មភាពសង្គមរបស់លោក ពោលគឺលោកគិតផលប្រយោជន៍សង្គមជាងគិតគូរពីប្រយោជន៍ផ្ទាល់ខ្លួន។
ភរិយាលោក វន់ ពៅ គឺលោកស្រី ប្រាក់ សុណ្ណារី មានប្រសាសន៍ថា គ្រួសារអ្នកស្រីពុំមានទ្រព្យសម្បត្តិអ្វីជាដុំកំភួនឡើយ។ បច្ចុប្បន្នគ្រួសារអ្នកស្រីស្នាក់នៅបន្ទប់តូចមួយក្នុងការិយាល័យរបស់សមាគម៖ «ហើយសូម្បីតែម៉ូតូក៏ពួកខ្ញុំអត់មានដែរ គឺយើងជិះម៉ូតូអង្គការ។ ចំណែកផ្ទះផ្ទាល់ខ្លួនយើងក៏មានដែរ យើងមានតែផ្ទះស័ង្កសីបិទបាំងមិនជិតផង ហើយត្រឹមតែ ៤ម៉ែត្រ បណ្ដោយ ៦ម៉ែត្រ។ យើងបានប្រាក់ខែដោយកម្លាំងញើសឈាមរបស់យើង ទោះបីតិចតួចរស់ដោយពិបាក តែយើងពិបាកដោយសេចក្ដីញញឹម»។
គ្រួសារលោក វន់ ពៅ ធ្លាប់ជួបការលំបាកខ្លាំងមែនទែននៅពេលដែលលោកត្រូវការប្រាក់ដើម្បីវះកាត់ដុំសាច់មហារីកនៅក្រលៀន។ គឺពេលនោះហើយដែលសមាជិកសមាគម និងមិត្តភក្តិជិតស្និទ្ធបានរៃអង្គាសប្រាក់ជួយព្យាបាលលោក។ ការតស៊ូលះបង់ និងជីវភាពខ្សត់ខ្សោយរបស់លោក វន់ ពៅ ត្រូវដឹងឮជាទូទៅក្នុងចំណោមអ្នករួមការងារ និងមិត្តភក្តិរបស់លោក។
អ្នកស្រី ឆន សុខា ដែលធ្លាប់ធ្វើការងារជាមួយលោក វន់ ពៅ តាំងពីឆ្នាំ២០០០ មក បានអោយដឹងថា អ្នកស្រីកត់សំគាល់ចំណុចល្អ ២ របស់លោក វន់ ពៅ គឺ ស្មោះត្រង់ និងក្លាហាន៖ «ស្មោះត្រង់គឺយើងសំដៅទៅលើគាត់អត់ចេះស៊ីលុយគេ និយាយរួមគឺគាត់ស្មោះត្រង់។ ក្នុងក្រុមការងារអ៊ីចឹងមិនក្បត់គ្នា មិនពុករលួយអ៊ីចឹងណាស់!»។
ចំណែកអ្នកជិតស្និទ្ធនឹងលោក វន់ ពៅ និងជាមន្ត្រីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ឡុង វុទ្ធី អោយដឹងដែរថា កន្លងទៅ លោក វន់ ពៅ តែងតែប្រាថ្នាចង់អោយប្រទេសកម្ពុជា ទៅជានីតិរដ្ឋពិតប្រាកដ៖ «គាត់ចង់អោយប្រទេសជាតិមួយដើរតាមនីតិរដ្ឋពិតប្រាកដ ហើយនិងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ បានជាគាត់មានទឹកចិត្តមួយ គាត់តស៊ូមិនខ្លាចជាប់គុក មិនខ្លាចការនឿយហត់ទេ។ គំនិតគាត់តាំងពីមុនរហូតដល់ពេលនេះ គាត់ស្នេហាជាតិ ចង់បានលទ្ធិប្រជាធិបតេយ្យ ដើម្បីការរស់នៅរបស់ពលរដ្ឋខ្មែរទូទៅអោយប្រកបដោយសិទ្ធិសេរីភាព និងសុខសន្តិភាព»។
លោក វន់ ពៅ មានប្រវត្តិជាកូនកំព្រាក្នុងគ្រួសារក្រីក្រ នាភូមិក្រសាំងពុល ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកបានឆ្លងកាត់ជីវិតលំបាកវេទនា និងបានចូលធ្វើការជាកម្មករកាត់ដេរក្នុងរោងចក្រមួយក្នុងឆ្នាំ១៩៩៨។ ចាប់ពីពេលនោះហើយដែលលោក វន់ ពៅ ចាប់ផ្ដើមកិច្ចការតស៊ូមតិ ដែលពីដំបូងគ្រាន់តែតវ៉ាដើម្បីប្រយោជន៍កម្មករក្នុងរោងចក្រ។
អ្នកស្រី ឆន សុខា បានរំលឹកថា កាលណោះលោក វន់ ពៅ ត្រូវបណ្ដេញពីការងារក្រោយពីបានបង្កើតសហជីពក្នុងរោងចក្រ។ លើសពីនោះលោកពុំអាចទៅរកការងារនៅរោងចក្រដទៃធ្វើបានឡើយ។ លោកបានប្រកបរបរជាអ្នករត់ម៉ូតូឌុប និងក្រោយមកបង្កើតសមាគមអ្នករត់ម៉ូតូឌុប។
អ្នកស្រី ឆន សុខា៖ «គេបញ្ឈប់ពីការងារគាត់ទៅសុំការងារនៅរោងចក្រណាក៏គេអត់អោយធ្វើដែរ និយោជកគេកត់ក្នុងបញ្ជីខ្មៅរបស់គេ។ ហើយគាត់ក៏សម្រេចចិត្តរត់ម៉ូតូឌុប គាត់ចងក្រងគ្នាគាត់អ្នករត់ម៉ូតូឌុបបានមួយចំនួនទៅទើបបង្កើតជាសមាគម»។
ដោយធ្លាប់ជាកម្មករ លោក វន់ ពៅ តែងចូលរួមក្នុងការទាមទារ ឬការសម្របសម្រួលដើម្បីផលប្រយោជន៍កម្មករ។
ចំណុចនេះក៏ត្រូវមើលមិត្តម្នាក់របស់លោក គឺអ្នកស្រី លឹម ធីតា មើលឃើញថា លោកឆាប់មានការឈឺចាប់នៅពេលទទួលដំណឹងពីការបំពានសិទ្ធិសេរីភាពអ្នកទន់ខ្សោយ។ ប៉ុន្តែយ៉ាងណាការតស៊ូមតិរបស់លោកគឺពុំឆេវឆាវឡើយ៖ «រឿងការតស៊ូមតិរបស់គាត់មិនមែនគាត់ប្រើហិង្សា ហើយគាត់មិនមែនតស៊ូមតិដោយប្រឆាំងដាច់អហង្ការអត់មើលស្ថានភាពដែរ។ គាត់ជាមនុស្សដែលតស៊ូមតិដោយពាក្យសម្ដី គាត់មិនដែលតស៊ូមតិ ឬប្រឆាំងដោយកម្លាំងបាយទេ»។
អ្នកតស៊ូមតិដែលមិននឹងធ្លាប់ញញើតនឹងការគំរាមកំហែងរូបនេះ ត្រូវកម្លាំងអន្តរាគមន៍ពិសេសទ័ពឆត្រយោង ចាប់ខ្លួនកាលពីទី២ ខែមករា ជាមួយមនុស្ស ៩នាក់ផ្សេងទៀត នៅពេលកម្មករនាំគ្នាតវ៉ាបិទផ្លូវខាងមុខរោងចក្រ យ៉ាក ជីន (Yak Jin Cambodia) ឋិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
ភរិយាលោក វន់ ពៅ រំលឹកថា អ្នកស្រីតែងនៅក្បែរប្ដីនៅពេលមានការតវ៉ាណាមួយ ហើយក្នុងថ្ងៃអាជ្ញាធរចាប់ខ្លួនប្ដី អ្នកស្រីបានមើលឃើញយ៉ាងច្បាស់ថា ប្តីអ្នកស្រីពុំបានប្រើហិង្សាទេ គឺគ្រាន់តែទៅជួយសម្របសម្រួលអោយដោះលែងកម្មករ ៣នាក់ដែលអាជ្ញាធរចាប់ខ្លួន៖ «នៅពេលដែលគាត់ចាប់វាយហ្នឹង គាត់វាយបងពៅ យ៉ាងសាហាវជាទីបំផុត នៅពេលដែលគាត់មិនបានតដៃអីទាំងអស់។ នៅពេលដែលគេចាប់គាត់ គាត់បានបោះដៃទៅក្រោយហើយ តែបែរជាទាញគាត់មកវាយគាត់ ២ ទៅ ៣ដំបង ខ្ញុំឃើញច្បាស់គឺបំពង់ទីប។ ហើយនៅពេលវាយគាត់ដួលសន្លប់នៅនឹងដីហើយហ្នឹង បានទាញគាត់បញ្ច្រាសជើងចូលទៅដល់ខាងក្នុងទៀត»។
មកដល់ពេលនេះក្រុមគ្រួសារលោក វន់ ពៅ កំពុងព្រួយបារម្ភពីសុខភាពរបស់លោក ដ្បិតនៅពេលដែលអាជ្ញាធរវាយដំគាត់នោះ បានប៉ះនឹងស្នាមរបួសចាស់បន្សល់ទុកពីការវះកាត់៖ «អ្វីដែលខ្ញុំបានឃើញហ្នឹង គឺក្បាលរបស់គាត់បានបែកខាងក្រោយក្បាលហ្នឹងដេរ ៩ថ្នេរ។ ខ្លួនប្រាណត្រូវគេទាត់សុសសាច់។ អ្វីដែលសាហាវបំផុតនោះ គឺទាត់គាត់ចំកន្លែងដែលទើបតែវះ។ នាងខ្ញុំសួរគាត់ គាត់ថាគាត់ពិបាកទាំងការដើរ សូម្បីតែការអង្គុយគឺគាត់ពិបាកទាំងអស់ ដោយសារតែគេទាត់ចំកន្លែងដែលទើបតែវះ»។
ក្រៅពីមានរបួសដោយការវាយដំរបស់សមត្ថកិច្ច លោក វន់ ពៅ កំពុងមានជំងឺប្រចាំកាយដែលត្រូវការថ្នាំព្យាបាលជារៀងរាល់ថ្ងៃ គឺជំងឺពងបែកក្នុងក្រពះពោះវៀន។ ម្យ៉ាងទៀត លោក វន់ ពៅ នៅមិនទាន់ជាសះស្បើយពីការវះកាត់សាច់ដុំមហារីកនៅក្រលៀនរបស់លោកនោះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
