សមាជិកក្រុមប្រឹក្សាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ បើកការស៊ើបអង្កេត និងចាត់វិធានការលើមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំរំចេក។ ការស្នើនេះ បន្ទាប់ពីពួកគេសង្ស័យថា មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ គឺមានពាក់ព័ន្ធករណីបាញ់សត្វខ្ទីងមួយក្បាលកាលពីពេលថ្មីៗនេះ។ យ៉ាងណា សមត្ថកិច្ចថាពួកគេកំពុងស៊ើបអង្កេតលើបញ្ហានេះ។
សមាជិកក្រុមប្រឹក្សាស្រុកមេមត់ មកពីគណបក្សសង្គ្រោះជាតិ យល់ថា ករណីបាញ់សម្លាប់សត្វខ្ទីងមួយក្បាល គឺជារឿងធ្វើឡើងដោយខុសច្បាប់។ លើសពីនេះ គឺរឹតតែធ្ងន់ធ្ងរថែមទៀត ប្រសិនបើការសង្ស័យរបស់ពលរដ្ឋលើមន្ត្រីប៉ូលិសប៉ុស្តិ៍ក្នុងឃុំ គឺជាការពិតនោះ។
សមាជិកក្រុមប្រឹក្សាស្រុកមេមត់ មកពីគណបក្សសង្គ្រោះជាតិ លោក គង់ សំអាន មានប្រសាសន៍ថា បញ្ហានេះអាជ្ញាធរពាក់ព័ន្ធគប្បីចាត់វិធានការឲ្យមានប្រសិទ្ធភាពលើអ្នកប្រព្រឹត្តិ ជៀសវាងធ្វើឲ្យកើតមានបញ្ហានេះបន្តទៀតនៅថ្ងៃខាងមុខ៖ «ព្រោះខ្ទីងហ្នឹងត្រូវបានគេអភិរក្ស ហើយយើងបាញ់សម្លាប់ហ្នឹង ធ្វើឲ្យបាត់បង់ ដែលធ្វើឲ្យល្មើសនឹងច្បាប់ ហើយអ្នកប្រព្រឹត្តហ្នឹង គឺជាកម្លាំងប្រដាប់អាវុធទៀត»។
សត្វខ្ទីងមួយក្បាលមានទំហំប៉ុនក្របី ដែលអ្នកភូមិកំពៃ ឃុំរំចេក សង្ស័យថា បានរត់បែកហ្វូងចេញមកពីព្រៃក្នុងខេត្តក្រចេះ មករស់នៅក្នុងព្រៃរនាមក្នុងភូមិកំពៃ។ សត្វខ្ទីងមួយក្បាលនោះ ត្រូវបានគេបាញ់ប្រមាណជិត ២០គ្រាប់កាលពីថ្ងៃទី២១ មិថុនា នៅចំណុចត្រពាំងផ្ដៅ។
ទាក់ទងបញ្ហានេះ នាយនគរបាលប៉ុស្តិ៍ឃុំរំចេក លោក ឡាង សាវ៉ុន មិនបានឆ្លើយតបយ៉ាងណាទេ ដោយលោកថា ទូរស័ព្ទស្តាប់គ្នាមិនបាន ក្រោយមកក៏បិទទូរស័ព្ទតែម្តង។
សត្វខ្ទីងជាប្រភេទសត្វកម្រ និងជិតផុតពូជនៅកម្ពុជា។ ច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា៩៨ ចែងពីទោសទណ្ឌនៃការបរបាញ់សត្វព្រៃ គឺត្រូវផ្ដន្ទាទោសពី ១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ១០០លានរៀល។ បទល្មើសទាំងនោះរួមមាន បរបាញ់ក្នុងរដូវកាលហាមឃាត់ ឬក្នុងតំបន់ការពារ បរបាញ់សត្វព្រៃដើម្បីធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វកម្រ និងការបរបាញ់សត្វព្រៃទាំងឡាយណា ដោយប្រើមធ្យោបាយដែលបង្កគ្រោះថ្នាក់ដល់ជីវសាស្ត្ររបស់សត្វ។ ចំណែកមាត្រា១០០ គឺចែងពីទោសទណ្ឌដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីអាជ្ញាធរដែនដី និងមន្ត្រីផ្សេងៗទៀត ដែលប្រព្រឹត្តបទល្មើស គឺមានស្ថានទម្ងន់ទោសដូចគ្នាទៅនឹងមាត្រា៩៨ ដែរ។
ទាក់ទងបញ្ហានេះ អធិការនគរបាលស្រុកមេមត់ លោក ប៉េង អេងហាក់ មានប្រសាសន៍ថា សំណុំរឿងនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយលោកមិនទាន់ដឹងថាមានអ្នកណាខ្លះពាក់ព័ន្ធទេ។
យ៉ាងណា ប្រជាពលរដ្ឋម្នាក់នៅភូមិកំពៃ ដែលបានឃើញសកម្មភាពនោះ លោក ជិន ស៊ុយ អះអាងថា លោកបានឃើញមន្ត្រីប៉ូលិសប៉ុស្តិ៍ និងជំនួយការរបស់គេម្នាក់នៅក្នុងហេតុការណ៍ ហើយគេថែមទាំងប្រាប់គាត់ថា បានប្រើគ្រាប់កាំភ្លើងជិត ២០គ្រាប់ (១៧) ដើម្បីសម្លាប់សត្វខ្ទីងនោះ រហូតធ្វើឲ្យអ្នកភូមិភ្ញាក់ផ្អើលទៀតផង។ ក្រោយមក ក៏ឃើញវត្តមានមេប៉ុស្តិ៍ចូលទៅ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋខ្លះក៏ទទួលបានចំណែកសាច់សត្វខ្ទីងខ្លះដែរ។ ដោយឡែកលោកវិញ មិនព្រមយកទេ ដោយយល់ថា ជាប្រភេទសត្វកម្រដែលជិតផុតពូជ និងខ្លាចមានបញ្ហាផង។ ជាងនេះទៀត លោកសោកស្ដាយជាខ្លាំងចំពោះការសម្លាប់សត្វដ៏កម្រមួយនេះ៖ «ការងារសោកស្ដាយនេះ ខ្ញុំចង់ឲ្យលោកអ្នកអភិរក្សព្រៃឈើ សត្វទាំងអស់នេះ ការពារថែរក្សាឲ្យមុតមាំបន្តិចទៀតផង ព្រោះគ្នានៅសល់ខ្លះដែលបាទ»។
សមាជិកក្រុមប្រឹក្សាស្រុកដដែលឲ្យដឹងទៀតថា ក្រោយកើតហេតុបានប៉ុន្មានថ្ងៃ គឺមានក្រុមអភិរក្សសត្វព្រៃ និងមន្ត្រីពាក់ព័ន្ធ បានចុះទៅស្រាវជ្រាវលើបញ្ហានេះ ប៉ុន្តែមិនទាន់ដឹងថាដំណើរការស៊ើបអង្កេតនោះយ៉ាងណាទេ។
ទាក់ទិនករណីនេះ មន្ត្រីក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តរបស់រដ្ឋបាលព្រៃឈើ សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ក្រោយពេលចុះទៅប្រមូលព័ត៌មាន រួមនឹងភស្តុតាងផង គឺពិតជាមានករណីបាញ់សម្លាប់សត្វខ្ទីងនោះប្រាកដមែន។ ហើយពួកគេគ្រោងនឹងបញ្ជូនរបាយការណ៍ទៅតុលាការខេត្តកំពង់ចាម នៅថ្ងៃទី២៩ មិថុនា ដោយដាក់ការសង្ស័យថា មានមន្ត្រីរដ្ឋបាលនគរបាលប៉ុស្តិ៍ឃុំរំចេក ជាច្រើននាក់ពាក់ព័ន្ធរឿងនេះ៖ «បើនិយាយពីចំនួនសត្វខ្ទីងនៅស្រុកខ្មែរនៅមានចំនួនតិច ហើយមានការបាញ់សម្លាប់អ៊ីចឹង គឺមានការបាត់បង់ណាស់»។
មន្ត្រីដដែលសម្ដែងការសោកស្ដាយចំពោះការបាត់បង់សត្វខ្ទីង ដែលជាប្រភេទសត្វកម្រមួយក្បាលនេះ។ លោកស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ជួយសហការគ្នាដើម្បីចាត់វិធានការលើបញ្ហានេះឲ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព ជៀសវាងធ្វើឲ្យការបរបាញ់សត្វព្រៃបែបកម្សាន្ត និងបែបធ្វើពាណិជ្ជកម្ម នៅតែកើតមានបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
