នារី​ផ្សព្វផ្សាយ​ស្រា​បៀ​បាត់​វ៉េស័រ​ទទូច​ឲ្យ​ឧកញ៉ា កុក អាន សង​សំណង​អតីតភាព​ការងារ

0:00 / 0:00

ស្ត្រី​អតីត​អ្នក​ផ្សព្វផ្សាយ និង​លក់​ស្រាបៀ​បាត់​វ៉េស័រ (Budweiser) បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​៥ សីហា ទាមទារ​ឲ្យ​ក្រុមហ៊ុន អានកូ (Anco Brother Co.,Ltd) របស់​លោក​ឧកញ៉ា កុក អាន សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ដែល​បង្គាប់​ឲ្យ​ទូទាត់​សំណង​ដល់​អតីត​បុគ្គលិក​ដែល​ក្រុមហ៊ុន​នេះ​បាន​បណ្ដេញ​ចេញ។

អតីត​អ្នក​ផ្សព្វផ្សាយ និង​លក់​ស្រាបៀ​បាត់​វ៉េស័រ អះអាង​ថា ក្រុមហ៊ុន អានកូ របស់​លោក​ឧកញ៉ា កុក អាន សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ឈប់​កម្មការិនី​ផ្សព្វផ្សាយ និង​លក់​ស្រាបៀ​ចំនួន ១២​នាក់ ដោយ​ពុំ​គោរព​តាម​ច្បាប់​ស្ដីពី​ការងារ។

អតីត​អ្នក​ផ្សព្វផ្សាយ និង​លក់​ស្រាបៀ​បាត់​វ៉េស័រ ដែល​តវ៉ា​ខាង​មុខ​ក្រុមហ៊ុន អានកូ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ សីហា ទទូច​ឲ្យ​លោក​ឧកញ៉ា កុក អាន នាយក​ក្រុមហ៊ុន ​អានកូ ទូទាត់​ប្រាក់​បំណាច់​ផ្តាច់​កិច្ចសន្យា​ការងារ និង​គោរព​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ចំនួន ៣​ចំណុច​កាល​ពី​ខែ​មិថុនា កន្លង​ទៅ។

អតីត​អ្នក​ផ្សព្វផ្សាយ និង​លក់​ស្រាបៀ​បាត់​វ៉េស័រ ក្នុង​ចំណោម​កម្មការិនី ១២​នាក់ ដែល​ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់ ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​នេះ លោកស្រី អ៊ុន សុធារី បាន​លើក​ឡើង​ថា លោកស្រី​បាន​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ជាង ១​ឆ្នាំ​មក​ហើយ។ លោកស្រី​ថា ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​លោកស្រី និង​កម្មការិនី ១១​នាក់​ទៀត​កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ​ច្បាស់លាស់។ លោកស្រី អ៊ុន សុធារី អះអាង​ថា ការ​ចូលរួម​ធ្វើ​កូដកម្ម​នេះ ដើម្បី​ទាមទារ​ប្រាក់​ជាង ១.០០០​ដុល្លារ ដោយសារ​ក្រុមហ៊ុន​មិន​បាន​ជូន​សំណង​អ្វី​ទាំងអស់​ក្រៅ​ពី​ប្រាក់​ខែ​ចុង​ក្រោយ។ លោកស្រី​ទទូច​ឲ្យ​ក្រុមហ៊ុន អានកូ របស់​លោក​ឧកញ៉ា កុក អាន ដែល​កម្មករ​អះអាង​ថា មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ សង​សំណង​ជូន​ពួក​គេ៖ «ការ​ទាមទារ​របស់​ពួក​ខ្ញុំ​នៅ​ពេល​នេះ គឺ​ទាមទារ​សំណង​អតីតភាព​ចន្លោះ​ពី​ជិត ៣​ឆ្នាំ ដល់ ១៦​ឆ្នាំ និង​ទំហំ​សំណង​ចន្លោះ​ចាប់​ពី ៦៣៤​ដុល្លារ ដល់ ៤៥៧​ដុល្លារ ខ្ញុំ និង​កម្មការិនី ៧​នាក់​ទៀត​យល់​ថា ក្រុមហ៊ុន អានកូ ដែល​បាន​បញ្ឈប់​ពួក​ខ្ញុំ ពួក​ខ្ញុំ​ទទួល​យក​អត់​បាន​ទេ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​តែ​គោរព​ច្បាប់»

នៅ​ក្នុង​លិខិត​សម្រេច និង​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ចុះ​ថ្ងៃ​ទី​១២ ខែ​មិថុនា បាន​បង្គាប់​ឲ្យ​និយោជក​ក្រុមហ៊ុន អានកូ ទូទាត់​ប្រាក់​បំណាច់​ផ្តាច់​កិច្ចសន្យា​ការងារ​ជូន​កម្មការិនី​ទាំង ៣​ចំណុច រួម​មាន ប្រាក់​បំណាច់​បណ្ដេញ​ចេញ​តាម​មាត្រា​៨៩ នៃ​ច្បាប់​ស្ដីពី​ការងារ។ ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ជូន​ដំណឹង​មុន តាម​មាត្រា​៧៥ នៃ​ច្បាប់​ស្ដីពី​ការងារ និង​ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ មាន​ប្រាក់​ឈ្នួល​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​មិន​ទាន់​បាន​អនុវត្ត​តាម​ការ​សម្រេច​នេះ​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក​ឧកញ៉ា កុក អាន សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ប្រធាន​ក្រុមហ៊ុន អានកូ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា។

ប៉ុន្តែ ប្រធាន​ផ្នែក​នារី​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន អានកូ លោក ឈុំ មហាកុសល បាន​លើក​ឡើង​ថា ការ​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល គឺ​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ចុះ​ធ្វើ​អធិការកិច្ច​ត្រឹមត្រូវ។ លោក​ថា ការ​តវ៉ា​របស់​កម្មករ​នៅ​ពេល​នេះ គឺ​ជា​សិទ្ធិ​របស់​កម្មករ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ដោះស្រាយ​ប្រាក់​ខែ​ចុង​ក្រោយ និង​ប្រាក់​ខែ​បន្ថែម​មួយ​ខែ​ជូន​កម្មករ​ទាំង​នោះ​រួច​អស់​ហើយ។

ចំណែក​ឯ​មន្ត្រី​ផ្នែក​តស៊ូ​មតិ នៃ​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក អ៊ុំ វិសាល ដែល​ចូលរួម​ឃ្លាំ​មើល​ការ​តវ៉ា​របស់​នារី​ផ្សព្វផ្សាយ​ស្រាបៀ​ទាំង​នោះ បាន​និយាយ​ថា លោក​សោកស្ដាយ​ចំពោះ​ក្រុមហ៊ុន អានកូ ដែល​ជា​ក្រុមហ៊ុន​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា មិន​ព្រម​ដោះស្រាយ និង​ទូទាត់​សំណង​ជូន​កម្មការិនី។ លោក​ថា កម្មការិនី​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​អំឡុង​បំពេញ​ការងារ ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូច្នេះ​ក្រុមហ៊ុន អានកូ ត្រូវ​ដោះស្រាយ​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល៖ «ខ្ញុំ​យល់​ថា សំណង​ដែល​កម្មករ​ទាមទារ​នៅ​ពេល​នេះ ជា​សំណង​តិចតួច​ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​គិត​ថា ក្រុមហ៊ុន អានកូ របស់​លោក​ឧកញ៉ា កុក អាន មិន​គួរ​បន្ត​អូស​បន្លាយ​មិន​ព្រម​ដោះស្រាយ​ជូន​កម្មករ​នោះ​ទេ»

អតីត​អ្នក​ផ្សព្វផ្សាយ និង​លក់​ស្រាបៀ​បាត់​វ៉េស័រ នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន អានកូ បន្ត​ទៀត និង​ព្រមាន​ធ្វើ​យុទ្ធនាការ​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ឈប់​ប្រើប្រាស់​ទំនិញ​ក្រុមហ៊ុន​នេះ ដែល​រួម​មាន ទឹក​បរិសុទ្ធ អេវីយ៉ង់ (EVIAN) ស្រាបៀ​បាត់​វ៉េស័រ (Budweiser) បារី ៥៥៥ និង​ផលិតផល​ជាច្រើន​ប្រភេទ​ទៀត បើ​សិន​ជា​ក្រុមហ៊ុន​នៅ​តែ​គ្មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។