ការដួលសន្លប់នេះកើតឡើងក្រោយពីកម្មករពីរនាក់បានស្លាប់ និងរបួសជាង ១០នាក់ ដោយហេតុការណ៍បាក់ពិតានថ្មរោងចក្រសង្កត់លើ កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ។
ក្រុមកម្មកររោងចក្រ វីង ស្ដារ ស៊ូ ក្នុងខេត្តកំពង់ស្ពឺ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២០ ឧសភា ដោយសារផ្អើលរឿងទុស្សេខ្សែភ្លើងនៅអគារអេ (A)។
អនុប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ អ្នកស្រី ស៊ុំ សុខនី បានឲ្យដឹងថា កម្មករដែលដួលសន្លប់ទាំងនោះ ភាគច្រើនជាស្ត្រី ហើយគេបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
ប៉ុន្តែប្រធានរដ្ឋបាលរោងចក្រ វីង ស្ដារ ស៊ូ លោក ម៉ៅ ឈីវសុង បានឲ្យដឹងថា ហេតុការណ៍នោះពុំមែនទុស្សេខ្សែភ្លើងទេ គឺគ្រាន់តែឆេះម៉ូទ័រម៉ាស៊ីនដេរមួយ ហើយក្រោយមកទើបកម្មករផ្អើលតគ្នារត់ចេញមកខាងក្រៅ ដោយភ័យតក់ស្លុត ហើយក៏សន្លប់តែម្ដងទៅ។
ការដួលសន្លប់របស់កម្មករ គឺចំនៅថ្ងៃចូលធ្វើដំបូង បន្ទាប់ពីពួកគេបានឈប់សម្រាកប្រមាណ ៤ថ្ងៃ ចាប់ពីកើតមានករណីបាក់ធ្លាក់ពិតាននៅក្នុងអគាររោងចក្រនោះបណ្ដាលឲ្យស្លាប់កម្មករ ២នាក់ និងរបួសជាង ១០នាក់ កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៣។
អនុប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ អ្នកស្រី ស៊ុំ សុខនី បានឲ្យដឹងថា ក្រោយកម្មករសន្លប់ ខាងតំណាងរោងចក្របានកោះប្រជុំបន្ទាន់មួយ កាលពីព្រឹកថ្ងៃច័ន្ទ ទី២០ ឧសភា ដោយមានតំណាងសហជីព និងមន្ត្រីក្រសួងការងារ បេឡាសន្តិសុខសង្គមចូលរួម។
ក្នុងកិច្ចប្រជុំនោះ ក្រុមមន្ត្រីរដ្ឋាភិបាលបានឲ្យតំណាងកម្មករណែនាំគ្នាកុំឲ្យភ័យខ្លាច ព្រោះថា ខាងសមត្ថកិច្ចជំនាញបច្ចេកទេសសំណង់ស៊ីវិល បានត្រួតពិនិត្យមើលគុណភាពសំណង់អគាររោងចក្រនោះរួចហើយ។
អ្នកស្រី ស៊ុំ សុខនី បន្តថា ទោះយ៉ាងក៏ដោយ ក៏កម្មករនៅតែភ័យខ្លាចដដែល និងពុំមានអារម្មណ៍នឹងនក្នុងការបំពេញការងារនោះឡើយ។
ចំណែកអ្នករងរបួសធ្ងន់ និងស្រាលជាង ១០នាក់នោះ នៅមិនទាន់អាចចូលធ្វើការបាននោះទេ បើទោះបីនាក់ខ្លះបានចេញពីមន្ទីរពេទ្យហើយក៏ដោយ។ រហូតមកដល់ថ្ងៃចន្ទ ទី២០ ឧសភា អ្នករបួសធ្ងន់ដែលមានដាច់ម្រាមជើង បាក់ជើង និងបោកចំក្បាលធ្ងន់ធ្ងរសរុបចំនួន ៣នាក់ នៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ។
ទាក់ទងសំណងវិញ អ្នកស្លាប់ ២នាក់ ខាងក្រុមហ៊ុនបានផ្ដល់ប្រាក់ជូនគ្រួសារម្នាក់ ៦.០០០ដុល្លារ អ្នករបួសម្នាក់ៗបាន ១.៥០០ដុល្លារ។
ម្តាយជនរងគ្រោះដាច់ម្រាមជើងពីរ លោកស្រី ឆាង ទូច មានប្រសាសន៍ថា សំណងនេះមិនសមនឹងគ្រោះថ្នាក់លើរូបកូនគាត់ទេ។ លោកស្រីទាមទារឲ្យមានការគិតគូរផ្តល់សំណងឲ្យបានច្រើនជាងនេះទៀត ប៉ុន្តែលោកស្រីមិនទាន់កំណត់ចំនួនទឹកប្រាក់ជាក់លាក់នៅឡើយទេ ដោយគិតថា ទុកឲ្យភាគីខាងរោងចក្រពិចារណាលើសំណើរបស់លោកស្រីនោះសិន។
ទាក់ទងបញ្ហានេះដែរ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ក្រុមសហជីពនិងអង្គការពាក់ព័ន្ធនឹងសិទ្ធិការងារកំពុងជជែកគ្នាអំពីរឿងសំណងនេះ និងត្រៀមដាក់សំណើទៅម្ចាស់ក្រុមហ៊ុន អ្នកបញ្ជាទិញ ដើម្បីឲ្យគិតគូរផ្ដល់សំណងដល់ជនរងគ្រោះឲ្យបានយុត្តិធម៌។
តំណាងខាងរោងចក្របញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រៅពីសំណងខាងក្រុមហ៊ុនផ្ដល់ជូននោះមិនទាន់មានសំណើបន្ថែមជាក់លាក់ណាមួយពីគ្រួសារសព និងអ្នករងរបួសនោះទេ។
រោងចក្រ វីង ស្តារ ស៊ូ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយពីភ្នំពេញ ប្រមាណ ៦០គីឡូម៉ែត្រ។ រោងចក្រនេះបានដំណើរការប្រមាណមួយឆ្នាំមកហើយ ដោយដេរស្បែកជើងកីឡាយីហោ អេស៊ិក (Asics) ជាដើម។
រោងចក្រកាត់ដេរស្បែកជើងនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា បានបាក់ពិតានថ្ម ឬហៅថា ប្លង់សេឡៅតឿ ធ្លាក់សង្កត់លើកម្មករភ្លាមៗ នៅពេលដែលពួកគេកំពុងអង្គុយធ្វើការ និងដើរឆ្លងកាត់ក្រោមឡៅតឿនោះ។ ក្នុងហេតុការណ៍នោះបណ្តាលឲ្យកម្មករ ២នាក់ស្លាប់ និងជាង ១០នាក់ រងរបួសស្រាលនិងធ្ងន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
