អគ្គីភ័យបានឆាបឆេះរោងចក្រកាត់ដេរ ឆាង ស៊ឹង (Chang Sheng) ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ៤ភ្លឺ ថ្ងៃទី២៨ កក្កដា។ អគ្គីភ័យនេះ បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ និងជនជាតិចិន ៣នាក់ផ្សេងទៀតរបួសស្រាល។ ពួកគេទាំងនោះជាបុគ្គលិករោងចក្រ ហើយតែងស្នាក់នៅក្នុងរោងចក្រនោះតែម្ដង។
សមត្ថកិច្ចនៅមិនទាន់អាចកំណត់មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនៅរោងចក្រ ឆាង ស៊ឹង នៅឡើយទេ តែបញ្ជាក់ថា រោងចក្រនេះបានឆេះទាំងស្រុង ហើយកម្មករជាង ១ពាន់នាក់ ដែលកំពុងធ្វើការនៅរោងចក្រនេះ ប្រឈមនឹងអត់ការងារធ្វើ។
ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក នេត វន្ថា ឲ្យដឹងថា អគ្គីភ័យនោះបានឆាបឆេះពីផ្នែកខាងក្រោមនៅក្នុងរោងចក្រ ដែលធ្វើឲ្យជនជាតិចិន ម្នាក់ ឈ្មោះ ស៊ី វិនស៊ុង អាយុ ៤២ឆ្នាំ ជាអ្នកត្រួតពិនិត្យខោអាវកាត់ដេរ និងស្នាក់នៅក្នុងរោងចក្រជាន់ខាងលើ មិនអាចចេញមកក្រៅបាន និងបានស្លាប់ក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន។ លោកបន្តថា មានជនជាតិចិន ៣នាក់ទៀត ក៏បានរងរបួសស្រាលរលាកដៃជើងបន្តិចបន្តួចក្នុងហេតុការណ៍នោះដែរ។
ប្រភពពីអ្នកបកប្រែចិន នៅរោងចក្រ ឲ្យដឹងថា បុរសដែលស្លាប់នោះ បានជាប់សោនៅក្នុងបន្ទប់ស្នាក់នៅរបស់គាត់ ហើយគាត់បានព្យាយាមយកសោចាក់ទ្វារចេញមកក្រៅ តែចង្កោមកូនសោនោះច្រើនពេក និងទំនងជាស្លន់ស្លោផង ក៏ចាក់ទ្វារចេញមិនរួច។ ប្រភពដដែលបន្តថា ជនជាតិចិន ៣នាក់ បានព្យាយាមទៅជួយនិងទម្លាយទ្វារនោះ តែមិនអាចជួយបាន ទើបធ្វើឲ្យរលាកនិងមានរបួសពេញខ្លួន។
លោក នេត វន្ថា បញ្ជាក់ថា កម្លាំងពន្លត់អគ្គីភ័យរបស់លោកអាចគ្រប់គ្រង និងពន្លត់អគ្គីភ័យបានទាំងស្រុងនៅរសៀលថ្ងៃដដែល ដោយមិនឲ្យឆេះរាលដាលទៅផ្ទះពលរដ្ឋឯទៀតនៅក្បែរនោះ។ ប៉ុន្តែជាលទ្ធផលរោងចក្របានឆេះខ្ទេចខ្ទីអស់ទាំងស្រុង ហើយលោកនៅមិនទាន់អាចកំណត់ទំហំនៃការខូចខាតជាទឹកប្រាក់ថាអស់ប៉ុន្មាននៅឡើយ។
បុគ្គលិកសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក យ៉ាន់ កែវពិសី ឲ្យដឹងថា កម្មករជាង ១ពាន់នាក់ អាចនឹងបានទទួលអត្ថប្រយោជន៍ផ្សេងពីក្រុមហ៊ុនធានារ៉ាប់រង ប្រសិនបើរោងចក្រនោះបានទិញធានារ៉ាប់រងអគ្គីភ័យ។ ប៉ុន្តែលោកនៅមិនទាន់ច្បាស់ទេថា តើក្រុមហ៊ុននេះមានធានារ៉ាប់រងឬក៏អត់៖ «សំខាន់ថាតើក្រុមហ៊ុននឹងវាមានធានារ៉ាប់រងដែរឬអត់? បើមានធានារ៉ាប់រងគេសងឲ្យក្រុមហ៊ុន អ៊ីចឹងក្រុមហ៊ុនគេទូទាត់ឲ្យខាងកម្មករ»។
ប្រធានក្រុមផ្នែកដេរនៅរោងចក្រ ឆាង ស៊ឹង អ្នកនាង សុខ រស់ ឲ្យដឹងថា រោងចក្រនេះមានការងារធ្វើច្រើន ហើយកម្មករអាចថែមម៉ោងរកលុយបានច្រើន ប៉ុន្តែសុខៗកម្មករបែរជាអត់ការងារធ្វើត្រឹមមួយប៉ប្រិចភ្នែក។ យ៉ាងណាខាងក្រុមហ៊ុនបានកត់ឈ្មោះកម្មករ និងបានប្រកាសថា ឲ្យកម្មករទាំងអស់ទៅជួបជុំគ្នានៅរោងចក្រនៅព្រឹកថ្ងៃទី២៩ កក្កដា ដើម្បីផ្ដល់ដំណឹងផ្សេងៗដល់កម្មករ។
កម្មកររូបនេះនៅមិនទាន់ច្បាស់ទេថា ខាងរោងចក្រនឹងមានសំណងបែបណាដល់កម្មករនោះ។ តែនាងសង្ឃឹមថា ពួកគេនឹងបានប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗពីក្រុមហ៊ុន។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីតំណាងរោងចក្រ ឆាង ស៊ឹង បានទេ នៅរសៀលថ្ងៃទី២៨ កក្កដា។
កាលពីថ្ងៃទី២៧ កក្កដា មួយថ្ងៃមុនមានការឆេះរោងចក្រ ឆាង ស៊ឹង ផ្ទះពលរដ្ឋចំនួន ៣៥ខ្នង នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ បានឆេះទាំងស្រុង ហើយអាជ្ញាធរនៅមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ។
របាយការណ៍របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញថា រយៈពេល ៦ខែ ដើមឆ្នាំ២០១៤ នេះ មានភ្លើងឆេះផ្ទះចំនួន ៤៥ករណី បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និងខូចខាតទ្រព្យសម្បត្តិរាប់លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
