ស្ត្រីជាកម្មករចម្ការអំពៅ នៅខេត្តព្រះវិហារ មួយរូប ឈ្មោះ អឿ ប៊ុនថានី កំពុងព្រួយបារម្ភខ្លាចគេសម្លាប់ បន្ទាប់ពីបានរាយការណ៍រឿងជួញដូរពលកម្មកុមារនៅចម្ការអំពៅ ក្នុងស្រុកត្បែងមានជ័យ។
លោកស្រី អឿ ប៊ុនថានី៖ «កុមារមាន ២០នាក់ អាយុ ១១ ១២ ១៣ ១៥ ហើយធ្វើការកម្លាំងមនុស្សចាស់។ ធ្វើឱ្យថៃ ធ្វើឱ្យចិន ធ្វើឱ្យខ្មែរ ថៅកែឈ្មោះ ហេង ឈ្មោះ សែ។ ខ្ញុំបានទៅប្ដឹងដល់ក្រសួងមានសមត្ថកិច្ច និងស្នងការខេត្ត។ អ៊ីចឹងគេមានការបណ្ដេញ គេប្រមាថមើលងាយតាមសម្លាប់ខ្ញុំ។ ឥឡូវហ្នឹងឱ្យប្ដីខ្ញុំនៅកន្លែងធ្វើការ តែចំណែកខ្ញុំវាបណ្ដេញតាំងពីយប់មិញ ហើយឥឡូវហ្នឹងក៏វាមកបណ្ដេញទៀត។ វាយកម្នាក់មានកាំភ្លើងខ្លី អង្គរក្សដើរច្រងេងច្រងាងតាំងពីយប់មិញមក។ ស្លៀកពាក់ស៊ីវិល»។
លោកស្រី អឿ ប៊ុនថានី អះអាងទៀតថា នៅចម្ការអំពៅ ឃុំវាលប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានថៅកែម៉ៅការចម្ការអំពៅនៅទីនោះមានឈ្មោះ អ៊ី ហេង និងក្រុមហ៊ុនឈ្មោះ ឡាន ប៉េង មានប្រើកម្លាំងពលកម្មកុមារជាង ២០នាក់ ដែលត្រូវបានមេការជ្រើសរើសតាមភូមិនានា ហើយយកទៅឱ្យធ្វើការនៅក្នុងចម្ការអំពៅនោះ។
ព្រះរាជអាជ្ញាអមតុលាការខេត្តព្រះវិហារ លោក លី លន់ មានប្រសាសន៍ថា បានទទួលព័ត៌មាននេះហើយ ហើយលោកបានបញ្ជាទៅខាងនគរបាលឱ្យធ្វើការលើរឿងហ្នឹងហើយ។
លោកស្រី អឿ ប៊ុនថានី បញ្ជាក់ថា កងរាជអាវុធហត្ថខេត្តបានចុះមកស៊ើបអង្កេតបញ្ហានេះហើយ នៅថ្ងៃទី២៣ មីនា។ រីឯខាងនគរបាល នឹងចុះមកពិនិត្យ នៅថ្ងៃទី២៤ មីនា។
ដោយឡែកមន្ត្រីអង្គការការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ឡោ ច័ន្ទ ថ្លែងថា លោកក៏នឹងចុះទៅធ្វើការរឿងនេះ ព្រោះលោកក៏បានទទួលបណ្ដឹងដូចគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
