អាណាព្យាបាលស្ត្រីខ្មែរដែលអះអាងថា បានចាញ់បោកមេខ្យល់ទៅរៀបការប្តីជាមួយបុរសជនជាតិចិន បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ជួយសង្គ្រោះ និងបញ្ជូនពួកគេពីប្រទេសចិន វិលមកកម្ពុជាវិញ។
បញ្ហានេះ មន្ត្រីក្រសួងការបរទេស ស្នើឲ្យអ្នកពាក់ព័ន្ធ ឬគ្រួសារជនរងគ្រោះ ត្រូវដាក់ពាក្យបណ្ដឹងមកកាន់ក្រសួងពាក់ព័ន្ធ ឬមកកាន់ក្រសួងការបរទេស ដើម្បីមានវិធានការសង្គ្រោះឲ្យបានទាន់ពេលវេលា។
ស្ត្រីខ្មែរ ដែលរៀបការ និងទៅរស់នៅប្រទេសចិន មួយចំនួន កំពុងរងការលំបាក និងចង់វិលត្រឡប់មកប្រទេសកំណើតវិញ ក្រោយពីទទួលរងទារុណកម្ម និងធ្វើបាបពីសំណាក់ជនជាតិចិន ដែលបានយកទៅ។
លោក ស៊ឹម វេង ជាអាណាព្យាបាលស្ត្រីខ្មែរឈ្មោះ វ៉ន កញ្ញា និង ផុន ចាន់ណា បាននិយាយប្រាប់វិទ្យុអាស៊ីសេរីថា កាលពីឆ្នាំ២០១០ កូននិងក្មួយស្រីរបស់គាត់ត្រូវមេខ្យល់ឆបោកទៅរកការងារធ្វើនៅ ប្រទេសចិន។ ប៉ុន្តែផ្ទុយទៅវិញ កូនស្រី និងក្មួយគាត់ទាំង ២នាក់ ត្រូវមេខ្យល់លក់ទៅឲ្យបម្រើនៅក្នុងផ្ទះបនទៅវិញ។
លោកថា បច្ចុប្បន្ននេះកូន និងក្មួយស្រីគាត់បានរត់ចេញពីកន្លែងធ្វើទារុណកម្ម ដោយស្វែងរកសមត្ថកិច្ចចិន និងមន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសចិន ឲ្យជួយសង្គ្រោះ។ ប៉ុន្តែពេលនេះមិនមានថវិកា ដើម្បីទិញសំបុត្រយន្តហោះវិលមកកម្ពុជាវិញនោះទេ។ អាណាព្យាបាលរូបនេះ អំពាវនាវដល់រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធជួយនាំខ្លួនកូន និងក្មួយស្រីទាំងពីរនាក់បានវិលមកកម្ពុជាវិញ៖ «ទៅហ្នឹងចាញ់បោកមេខ្យល់គេថាយកយើងទៅកាត់ដេរ តែក្រោយមកគេលក់ទៅឲ្យមេបនធ្វើស្រីខូច។ មួយចេញមួយចូលៗ។ ឥឡូវកូនខ្ញុំរត់មកឲ្យស្ថានទូតកម្ពុជា នៅចិនឲ្យជួយ។ តែស្ថានទូតគេថា អត់ធានាខុសត្រូវ ឥឡូវកំពុងនៅប៉ុស្តិ៍ប៉ូលិសៗកំពុងតែរៀបចំរបាយការណ៍ឲ្យ។ កូនខ្ញុំទាក់ទងមកថា ឥឡូវប៉ូលិសចិន គេចេញវីសាឲ្យហើយ ស្អែកហ្នឹងបានវីសាហើយ ក៏ប៉ុន្តែគេឲ្យយើងដោះស្រាយសំបុត្រយន្តហោះខ្លួនឯង»។
ស្រដៀង គ្នាដែរ ស្ត្រីឈ្មោះ លី ថៅលីន ត្រូវជាម្ដាយស្ត្រីខ្មែរ ឈ្មោះ លី ហ្កិចហ៊ាង ដែលចាញ់បោកមេខ្យល់ចេញទៅរៀបការជាមួយបុរសជាប្ដីនៅប្រទេសចិន ក៏បានទទូចដល់រដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍បញ្ជូនកូនបានវិលមកកម្ពុជាវិញ។ ម្ដាយស្ត្រីរងគ្រោះបន្តថា កូនរបស់គាត់បានទូរស័ព្ទមកប្រាប់ថា ត្រូវមេខ្យល់ឲ្យរៀបការប្តីជាមួយជនជាតិចិន ប៉ុន្តែត្រូវគ្រួសារចិន បង្អត់អាហារហូបចុក និងបង្ខំឲ្យធ្វើការធ្ងន់ពេលកំពុងមានផ្ទៃពោះជាដើម។
បញ្ហា នេះដែរ អ្នកស្រី លឹម មុនី អនុប្រធានកម្មវិធីស្ត្រីនិងកុមារ នៃសមាគមអាដហុក (Adhoc) ឲ្យដឹងថា បានទទួលពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះទាំងនេះហើយ ហើយបានដាក់លិខិតជូនក្រសួងការបរទេសជួយអន្តរាគមន៍រួចហើយដែរ។ អ្នកស្រីបន្តថា សមាគមអាដហុក ចង់ជួយអន្តរាគមន៍ឲ្យស្រីរងគ្រោះវិលមកកម្ពុជា វិញឆាប់ដែរ ក៏ប៉ុន្តែមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខ្លះ ហាក់មិនជួយសហការទេ។
អ្នកស្រី លឹម មុនី ឲ្យដឹងថា តែក្នុងរយៈពេល ២សប្ដាហ៍ដើមខែសីហាទេ សមាគមអាដហុក ទទួលបានពាក្យបណ្ដឹងពីគ្រួសារស្ត្រីរងគ្រោះ ចាញ់បោកមេខ្យល់តាមរយៈរៀបការប្ដីជនជាតិចិន មិនតិចជាង ៥ករណីទេ។ អ្នកស្រីស្នើដល់ក្រសួងការបរទេស ជួយអន្តរាគមន៍ករណីស្ត្រីខ្មែរ ចាញ់បោកមេខ្យល់នៅប្រទេសចិន បានវិលមកកម្ពុជាវិញ តាមដែលអាចធ្វើទៅបាន។
ទាក់ទិនបញ្ហានេះ លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា បើមានករណីស្ត្រីរងគ្រោះដោយចាញ់បោកមេខ្យល់ទៅកាន់ប្រទេសចិន ឬប្រទេសផ្សេងៗ អាណាព្យាបាលជនរងគ្រោះ ឬអ្នកពាក់ព័ន្ធ ត្រូវដាក់ពាក្យបណ្ដឹងមកកាន់ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងការបរទេសដោយផ្ទាល់ ដើម្បីក្រសួងមានវិធានការបានទាន់ពេល៖ «បើមានព័ត៌មានអីឲ្យគ្រួសារជនរងគ្រោះដាក់មកក្រសួងការបរទេសដោយ ផ្ទាល់មក យើងនឹងជួយចាត់ការភ្លាមៗ។ ចាំមើលខ្ញុំទាក់ទងទៅខាងសៀងហៃ និងហ្គ័ងចូវ តើគាត់បានជួបជនរងគ្រោះអស់ទាំងហ្នឹងហើយឬនៅ? តែបើគាត់បានទៅដល់ភ្លាម ខាងអគ្គកុងស៊ុលយើងជួយចាត់ការភ្លាមៗហើយ។ ឲ្យតែបានទទួលព័ត៌មានអ៊ីចឹងហើយខ្ញុំថា ដាក់ពាក្យបណ្ដឹងមកខាងក្រសួងភ្លាម ក្រសួងនឹងចាត់ការភ្លាមហើយ»។
លោកថា ការដែលជនរងគ្រោះស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីស្ថានទូត ឬស្ថានអគ្គកុងស៊ុលនៅប្រទេសចិន ហើយអន្តរាគមន៍មានការយឺតយ៉ាវ គឺដោយសារតែនីតិវិធីនៅប្រទេសចិន មានភាពសាំញ៉ាំ។
លោក កុយ គួង បដិសេធចំពោះព័ត៌មានដែលថា មានស្ត្រីរងគ្រោះរត់ទៅពឹងពាក់មន្ត្រីស្ថានទូតខ្មែរនៅប្រទេសចិន ហើយត្រូវមន្ត្រីស្ថានទូតមិនជួយអន្តរាគមន៍ ជារឿងមិនពិត ឬអាចទៅពឹងពាក់មិនចំពេល ឬម៉ោងធ្វើការជាដើម។
របាយការណ៍ ការឆមាសទី១ ឆ្នាំ២០១៤ សមាគមអាដហុក ទទួលបានបណ្ដឹង និងអន្តរាគមន៍ជាង ១០០ករណី (១០៨) ទាក់ទិនការជួញដូរមនុស្ស។ ក្នុងនោះមាន ២៦ករណី និងមានជនរងគ្រោះចំនួន ២៩នាក់ ជាករណីរំលោភសិទ្ធិនារីខ្មែរនៅក្នុងប្រទេសចិន ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍ ឬចុះសំបុត្រអាពាហ៍ពិពាហ៍។ សមាគមអាដហុក កត់សម្គាល់ថា ការរំលោភសិទ្ធិស្ត្រីខ្មែរនៅក្រៅប្រទេស នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ បើប្រៀបធៀបនឹង ៦ខែ ដើមឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
