កម្មករមកពីរោងចក្រចំនួនពីរផ្សេងគ្នា ស្រែកដង្ហោយរកដំណោះស្រាយនៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពីថៅកែរោងចក្រមិនព្រមផ្តល់ដំណោះស្រាយលក្ខខណ្ឌការងារ ដែលពួកគេទាមទារជិតមួយសប្ដាហ៍ទៅហើយនោះ។ ទាក់ទិនបញ្ហានេះ ក្រសួងការងារ សន្យាថានឹងពិនិត្យដោះស្រាយ។
សំឡេងតវ៉ា៖ «ពួកយើងសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ នឹងរកយុទ្ធវិធីដើម្បីដោះស្រាយបញ្ហាជូនកម្មករខ្មែរឲ្យបានលក្ខខណ្ឌការងារសមរម្យ និងមានសិទ្ធិសេរីភាពនៅក្នុងកន្លែងធ្វើការ»។
នេះ គឺជាសំឡេងស្រែកដង្ហោយរកដំណោះស្រាយរបស់ក្រុមសហជីព និងកម្មកររោងចក្រកាត់ដេរប្រមាណ ៥០០នាក់ នៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា។
ក្រុមកម្មករទាំងនេះ បានដើរដង្ហែក្បួនដោយថ្មើរជើងផង និងតាមរ៉ឺម៉កម៉ូតូកង់បីផង ចេញពីរោងចក្រចំនួនពីរផ្សេងគ្នា គឺមកពីរោងចក្រ អេឃិនថិច (Akeentech) ចំនួនពីរ ស្ថិតនៅសួនកាណាឌីយ៉ា និងនៅសួនវឌ្ឍនៈក្នុងរាជធានីភ្នំពេញ និងកម្មករមកពីរោងចក្រ ស៊ិចផ្លាស (Sixplus) ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដើម្បីដាក់ញត្តិជូនក្រសួងការងារ សុំជួយអន្តរាគមន៍ដោះស្រាយលក្ខខណ្ឌការងារពីថៅកែរោងចក្រជាច្រើនចំណុច ដែលក្រុមកម្មករទាមទារជិតមួយសប្ដាហ៍ទៅហើយ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា តំណាងឲ្យកម្មកររោងចក្រ អេឃិនថិច មានប្រសាសន៍ថា កូដកម្មតវ៉ានេះ គឺទាមទារឲ្យក្រសួងការងារ អន្តរាគមន៍ទៅភាគីថៅកែរោងចក្រ ពន្លឿនដំណោះស្រាយលក្ខខណ្ឌការងារ ៩ចំណុច រួមមានការទូទាត់ប្រាក់ដំណាច់កិច្ចសន្យារយៈពេល ៥ឆ្នាំ ប្រាក់សោហ៊ុយធ្វើដំណើរ ប្រាក់ថ្លៃបាយ និងសម្រួលច្បាប់ការងារ ជាដើម៖ «ជាទូទៅ ក្រុមហ៊ុនរោងចក្ររបស់គាត់ គឺប្រាំឆ្នាំទូទាត់លុយម្តង មានន័យថា ប្រាំឆ្នាំមុនគាត់ទទួលបានសំណងម្តងរួចហើយ»។
លោក ប៉ាវ ស៊ីណា ឲ្យដឹងដែរថា ការតវ៉ានេះក៏មានការរំខានពីខាងសហជីពផ្សេងទៀត ដែលកាងដោយភាគីក្រុមហ៊ុនដែរ ប៉ុន្តែពុំមានអំពើហិង្សាធ្ងន់ធ្ងរនោះទេ។
ជាមួយគ្នានេះ ប្រធានសហព័ន្ធសហជីពសុវត្ថិភាពកម្មករ លោក ស៊ុំ រ៉ង ដែលតំណាងឲ្យកម្មកររោងចក្រ ស៊ិចផ្លាស នោះ ទាមទារក្រុមហ៊ុនទទួលយកកម្មករម្នាក់ដែលក្រុមហ៊ុនបញ្ឈប់ពីការងារកាលពីថ្ងៃទី១ កក្កដា ឲ្យបានចូលធ្វើការវិញ និងទាមទារលក្ខខណ្ឌការងារមួយចំនួនផ្សេងទៀត៖ «សុំឲ្យក្រុមហ៊ុនបន្ថែមលុយធ្វើដំណើរ និងការស្នាក់នៅប្រាំដុល្លារបន្ថែមទៀត សុំថែមលុយបាយមួយពាន់រៀល»។
លោក ស៊ុំ រ៉ង ឲ្យដឹងដែរថា ការតវ៉ារបស់កម្មករនៅមុខរោងចក្រ ស៊ិចផ្លាស ក៏មានការរារាំងពីកងកម្លាំងសមត្ថកិច្ចស្រុកមុខកំពូល ដែរ។
នៅមុខក្រសួងការងារ នោះ សហជីព និងកម្មករពាក់អាវផ្សើមដោយញើស ដៃកាន់ទង់ជាតិ និងបានស្រែកដាក់មេក្រូរិះគន់ថៅកែរោងចក្រថា មានចេតនាគេចវេសពីការចរចា និងប្រើប្រាស់ល្បិចកលគំរាមកំហែងគ្រប់រូបភាព ឲ្យកម្មករលះបង់ចោលនូវគំនិតទាមទារអត្ថប្រយោជន៍សម្រាប់ការរស់នៅរបស់ពួកគេ។ បញ្ហានេះ ក្រុមសហជីព និងកម្មករ មើលឃើញថា មានតែក្រសួងការងារ ដែលជាឪពុកម្ដាយទេដែលអាចដោះស្រាយបាន។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងរោងចក្រទាំងពីរបាននៅឡើយ នៅថ្ងៃទី១៤ ខែកក្កដា។
ប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយនៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាបាតុកម្មកូដកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក ឡាយ សុធារិទ្ធ ដែលចេញមកទទួលញត្តិពីក្រុមកម្មករនោះ សន្យាថានឹងពិនិត្យដោះស្រាយ ប៉ុន្តែពុំអត្ថាធិប្បាយច្រើននោះទេ ដោយអះអាងថាជាប់រវល់៖ «ខ្ញុំទទួលបញ្ជាពីមេទៅទទួលញត្តិនេះ ហើយការដោះស្រាយសម្រេចលើមេ គាត់ធ្វើការចាត់ចែងតាមវិធានការទៀត ដូច្នេះរឿងហ្នឹងខ្ញុំមិនដឹងទេ»។
ក្រោយពីដាក់ញត្តិជូនក្រសួងការងារ ហើយ កម្មកររោងចក្រ ស៊ិចផ្លាស ក៏បន្តដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃដដែលនេះដែរ។ យ៉ាងណាក៏ដោយ ក្រុមកម្មកររោងចក្រទាំងពីរព្រមានថា ប្រសិនបើថៅកែរោងចក្រនៅតែបន្តអូសបន្លាយ និងមិនអើពើចំពោះការទាមទារនេះ ពួកគេនឹងបន្តកូដកម្មជាទ្រង់ទ្រាយធំតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
