កម្មកររោងចក្រ ប៊ីយូធីហ៊្វូល វីនដូ (Beautiful Window Cambodia Co., Ltd.) នៅតំបន់សេដ្ឋកិច្ចពិសេស សានតុង សាន់សែល (SHANDONG SUNSHEL) ស្ថិតក្នុងក្រុងបាវិត ធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ចំនួន ១១ចំណុច ជាងមួយសប្តាហ៍មកហើយ រហូតឈានដល់ផ្ទុះហិង្សាទៀតផង។ ឆ្លើយតបចំពោះបញ្ហានេះ តំណាងភាគីរោងចក្របញ្ជាក់ថា ក្រុមហ៊ុនបានធ្វើតាមការទាមទាររួចរាល់ហើយ តែកូដកម្មមិនចប់មិនហើយ ដោយសារសហជីពបន្តញុះញង់។
តំណាងឲ្យកម្មករោងចក្រ លោក ជិន ស៊ីនឿន បានអោយដឹងថា មូលហេតុដែលពួកគេធ្វើកូដកម្មដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២០ ខែសីហា នោះ ដោយសារតែភាគីក្រុមហ៊ុនមិនព្រមជជែកដោះស្រាយតាមសំណើរបស់កម្មករទាំង ១១ចំណុចនោះទេ បើទោះបីជាពួកគេដាក់លិខិតសុំអន្តរាគមន៍សុំដោះស្រាយដោយសន្តិវិធីជាច្រើនលើកយ៉ាងណាក្តី។
ជាមួយគ្នានេះ លោកបញ្ជាក់ដែរថា មុននឹងផ្ទុះកូដកម្មជាង ១សប្តាហ៍នោះ គឺក្រុមកម្មករក៏បានជូនដំណឹងតាមនីតិវិធីទៅកាន់ភាគីរោងចក្រ និងស្ថាប័នពាក់ព័ន្ធដែរ៖ «សំណើរយើងដាក់ជូនក្រុមហ៊ុនរហូត តែក្រុមហ៊ុនមានចេតនាគេចវេះពីការចរចា។ យើងជូនដំណឹងមួយអាទិត្យហើយ យើងកូដកម្មមួយអាទិត្យទៀត អ៊ីចឹងវាសរុបចំនួន ១៤ថ្ងៃដែលក្រុមហ៊ុនមិនព្រមចរចា»។
អត្ថប្រយោជន៍ទាំង ១១ចំណុចនោះ រួមមានទាមទារផ្ដល់ប្រាក់រង្វាន់ដល់កម្មករដែលធ្វើការលើសចំនួន ហើយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀតនៅដដែល ក្រុមហ៊ុនត្រូវជួយសម្រួលអោយមានខ្យល់អាកាសក្នុងរោងចក្រ បង្កើតកន្លែងប្ដូរលុយ បន្ទប់ទឹកត្រូវធានាឲ្យមានអនាម័យ ត្រូវមានពេទ្យប្រចាំការនៅម៉ោងធ្វើការ និងបណ្តេញជនជាតិចិន ពីរនាក់ពីររោងចក្រជាដើម។
ឆ្លើយតបចំពោះការទាមទារលក្ខខណ្ឌការងារល្អនេះ មេរដ្ឋបាលរោងចក្រ ប៊ីយូធីហ៊្វូល វីនដូ លោក ឆៃ វិរៈឧត្តម មានប្រសាសន៍ថា ក្រុមហ៊ុនបានជួយសម្របសម្រួលតាមការទាមទារហើយ ប៉ុន្តែការដែលកម្មករចេញតវ៉ារហូតដល់ផ្ទុះហិង្សាកាលពីថ្ងៃទី១៩ ខែសីហា ដោយមានក្រុមកម្មករទាញដំថ្មគប់បំបែកកញ្ចក់ បង្អូច និងបណ្តាលឲ្យរោងចក្រខូចខាតនោះ គឺផ្ដើមចេញពីការញុះញង់របស់សហជីពចលនាកម្មករ។
លោកសង្កត់ធ្ងន់ថា ការទាមទារនៅចំណុចខ្លះ គឺខុសពីច្បាប់ការងារទៀតផង ដែលរោងចក្រមិនអាចដោះស្រាយតាមការចង់បាននោះទេ៖ «កម្មករជាង ២០០នាក់ហើយ ចូលមកធ្វើការ ហើយនៅសល់កម្មករប៉ុន្មានរយនាក់ទៀត គាត់អត់ហ៊ានមក ខ្លាចគេគប់ដំថ្មត្រូវ អ៊ីចឹងកម្មករគាត់ដឹងថា ក្រុមហ៊ុនកន្លងមកប្រកាន់តាមច្បាប់ការងារ អត់មានរំលោភបំពាន ឬក៏ជិះជាន់ទៅលើកម្លាំងពលកម្មទៅតាមសហជីពនិយាយនោះទេ ដកតែកម្មករប៉ុន្មាននាក់ ដែលគាត់ទទួលផលប្រយោជន៍សហជីព ហើយតវ៉ារហូតមក»។
ទាក់ទិនបញ្ហានេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថ្លែងការពារខ្លួនថា សហជីពរបស់លោកពុំបានធ្វើការញុះញង់ដូចកាចោទនោះឡើយ ហើយអ្វីដែលកម្មករទាមទារនោះ គឺស្របនឹងច្បាប់។ លោកបញ្ជាក់ថា សហជីពរបស់លោកបានណែនាំអោយកម្មករទាមទារដោយសន្តិវិធី និងអំពាវនាវកុំឲ្យកម្មករផ្ទះហិង្សាប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រោងចក្រផងដែរ។
ទន្ទឹមគ្នានេះ សហជីពរបស់លោកក៏នៅតែបន្តជំរុញអោយថ្នាក់ដឹកនាំខេត្តស្វាយរៀង ដាក់សម្ពាធទៅលើនិយោជក ព្រោះកន្លងមកលោកសង្កេតឃើញថា ថៅកែរោងចក្រនៅក្រុងបាវិត ភាគច្រើនពុំសូវគោរពច្បាប់ការងាររបស់កម្ពុជានោះទេ៖ «ភាគច្រើនគឺនិយោជក មានចរិតឫកពាឈ្លើយ ប្រមាថទៅលើកម្មករ ក៏ដូចជាមិនបានអនុវត្តច្បាប់ទេ ហើយអាជ្ញាធរខេត្តហាក់ដូច ជាមិនបានដាក់សម្ពាធទៅលើនិយោជកទាំងអស់នោះទេ ផ្ទុយទៅវិញ គឺអាជ្ញាធរនៅក្រុងបាវិត គឺកាងអោយក្រុមហ៊ុនទៅទៀត អាទាំងអស់ហ្នឹងហើយ ដែលធ្វើអោយថៅកែរោងចក្របានចិត្ត»។
ក្រុមកម្មកររោងចក្រប្រមាណជាង ៤០០នាក់នោះ ក៏ព្រមានថា ពួកគេនឹងនៅតែបន្តធ្វើកូដកម្មនៅមុខរោងចក្រដដែល ដោយមិនព្រមចូលធ្វើការឡើយ ប្រសិនបើភាគីថៅកែរោងចក្រមិនឆ្លើយតបចំពោះការទាមទាររបស់ពួកគេទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
