បុរសម្នាក់ គឺជាកម្មករអណ្ដូងរ៉ែមាសដែលសុំមិនបញ្ចេញឈ្មោះ។ គាត់បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ថា ហេតុការណ៍បាក់ដីអណ្ដូងរ៉ែមាសនោះ បានកើតឡើងកាលពីវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី២៨ ខែតុលា។
បុរសដដែលបានអះអាងថា កម្មករម្នាក់ឈ្មោះ ចាន់ វណ្ណី អាយុ ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិវាល ឃុំទួលសាលា ស្រុកបរសែត ខេត្តកំពង់ស្ពឺ បានស្លាប់ភ្លាមៗ ក្នុងអណ្ដូងរ៉ែមាសនោះ៖ «អណ្ដូងជម្រៅ ១៥ម៉ែត្រ បាក់ម្សិលមិញ ម៉ោង ៨ ពេលដែលកម្មករចូលធ្វើការ។ ចូលគ្នាច្រើនដែរ តែដីបាក់សង្កត់តែម្នាក់។ បាក់ដំបូងវាសង្កត់ពាក់កណ្ដាលភ្លៅដល់ពេលចាប់ផ្ដើមទាញយកមនុស្សហ្នឹងមក ដីបាក់សង្កត់ពីលើប្រហែលជា ២ម៉ែត្រគូបទៀត បណ្ដាលឱ្យគាត់ដាចខ្យល់ស្លាប់ដោយសាររណ្ដៅហ្នឹង វាជ្រៅហើយវាអត់ខ្យល់អុកស៊ីហ្សែន»។
ប្រភពពីកម្មករឱ្យដឹងថា អណ្ដូងរ៉ែមាសដែលបាក់សង្កត់កម្មករស្លាប់នោះ គឺជារបស់ឧកញ៉ាម្នាក់ឈ្មោះ ប៊ុន វាន់ថន ដោយមានមេការឈ្មោះ អ៊ុន សុផាត ជាអ្នកមើលការខុសត្រូវប្រចាំថ្ងៃ។
អាជ្ញាធរមូលដ្ឋានព្យាយាមលាក់បាំងព័ត៌មាននេះ ដោយសារតែការជីកយករ៉ែមាសជាច្រើនកន្លែងនៅស្រុករវៀង ធ្វើឡើងដោយលួចលាក់និងខុសច្បាប់។
កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ អណ្ដូងរ៉ែមាសមួយកន្លែង នៅឃុំរមទម្យ ស្រុករវៀង ជិតគ្នានេះ ធ្លាប់បាក់ដីសង្កត់អ្នកភូមិម្នាក់ស្លាប់ម្ដងមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
