កម្មករ​រោងចក្រ​វីនម៉េកស៊ូ​បន្ត​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៣

កម្មករ​កម្មការិនី​រោងចក្រ​ស្បែក​ជើង​ឈ្មោះ វីនម៉េកស៊ូ (Win Mag Shoes) បាន​បន្ត​បិទ​ផ្លូវ​ជាតិ​លេខ​៣ ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២១ ខែ​ឧសភា ដើម្បី​ទាមទារ​មន្ត្រី​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ឲ្យ​អនុវត្ត​លក្ខខណ្ឌ​ប្រមាណ ១០​ចំណុច ដែល​កម្មករ​ទាមទារ។

0:00 / 0:00

ក្រុម​កម្មករ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គេ​បន្ត​បិទ​ផ្លូវ ដោយសារ​ទំនាស់​ការងារ​អូស​បន្លាយ​ពេល​ជាង ២​សប្ដាហ៍​មក​នេះ​គ្មាន​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ ឬ​ថៅកែ​រោងចក្រ​ចេញ​មុខ​ជួប​ចរចា​ជាមួយ​កម្មករ​ទេ។

ក្រុម​កម្មករ វីនម៉េកស៊ូ មាន​ទីតាំង​នៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​អះអាង​ថា កម្មករ​ជាង ៦០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២១ ខែ​ឧសភា បាន​បន្ត​បិទ​ផ្លូវ​ជាតិ​លេខ​៣ នៅ​វេលា​ម៉ោង​ជិត ៧​ព្រឹក​បន្ត​ទៀត បន្ទាប់​ពី​បាន​បិទ​ផ្លូវ​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ ព្រោះ​ថៅកែ​រោងចក្រ​គេច​មិន​ចេញ​មុខ​ដោះស្រាយ​ទំនាស់​ការងារ​ដែល​កម្មករ​ទាមទារ។

កម្មករ បាន​ឲ្យ​ដឹង​ថា វិវាទ​ការងារ​នេះ ពួក​គេ​បាន​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​អនុវត្ត​លក្ខខណ្ឌ​ចំនួន ១២​ចំណុច មាន​ដូចជា មិន​ត្រូវ​បញ្ឈប់​កម្មការិនី​ពី​ការងារ​ពេល​មាន​ផ្ទៃ​ពោះ មិន​ត្រូវ​បង្ខំ​កម្មករ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង រោងចក្រ​គ្មាន​អនាម័យ គ្មាន​សេវា​សុខភាព និង​មិន​ត្រូវ​រើសអើង​កម្មករ​មាន​អាយុ​ចាស់ និង​មិន​ត្រូវ​បណ្ដេញ​កម្មករ​ដោយ​គ្មាន​ហេតុផល​ពី​ការងារ​ជាដើម។ ប៉ុន្តែ ទំនាស់​ដែល​អូស​បន្លាយ ២​សប្ដាហ៍​មក​ហើយ​នេះ ថៅកែ​រោងចក្រ​គេច​មិន​ជួប​ចរចា​ជាមួយ​កម្មករ ដើម្បី​រក​ដំណោះស្រាយ​ទេ៖ «ថែម​ម៉ោង​ក្នុង​ច្បាប់​គេ​ចែង​មក​ឲ្យ​ថែម​តែ​ពីរ​ម៉ោង​ទេ តែ​រោងចក្រ​នេះ​បង្ខំ​ឲ្យ​ថែម​ម៉ោង​ដល់ ៤​ម៉ោង គឺ​ពី​ម៉ោង ៤​ល្ងាច ដល់​ម៉ោង ៨​យប់។ កុំ​រើសអើង​ស្ត្រី កុំ​រើសអើង​មនុស្ស​ចាស់។ កុំ​រើសអើង​អ្នក​ពោះ​ធំ។ ហើយ​កម្មករ​បុរស​អត់​ឲ្យ​ធ្វើ​ការ​ពេញ​សិទ្ធិ​ទេ នៅ​បណ្ដែត​រហូត ហើយ​អត់​រើស​ចូល​ទៀត រើសអើង​បុរស។ ហើយ​ការងារ​ដូច​ជា​អូស​ពុម្ព ការងារ​ដែល​ធ្ងន់ៗ​ឲ្យ​ស្ត្រី​ធ្វើ​ទាំងអស់ ដូច​ជា​វ៉ៃ​ពុម្ព ទាញ​ម៉ាស៊ីន ឬ​ដោះ​ម៉ាស៊ីន​ជាដើម ឲ្យ​ស្ត្រី​ធ្វើ​ទាំងអស់ ហើយ​ការងារ​នេះ គឺ​ជា​ការងារ​បុរស»

បុគ្គលិក​សម្ព័ន្ធ​សហជីព​កម្ពុជា លោក នី ចន្ទតារាវុធ ដែល​បាន​ចុះ​ឃ្លាំ​មើល​សកម្មភាព​បិទ​ផ្លូវ​របស់​កម្មករ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឃើញ​មាន​មន្ត្រី​ពី​ខេត្ត​តាកែវ បាន​មក​ជួប​កម្មករ និង​ស្នើ​ឲ្យ​បើក​ផ្លូវ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ជូន​កម្មករ​ទេ។ លោក​ព្រួយ​បារម្ភ​ខ្លាច​ទំនាស់​នៅ​រោងចក្រ វីនម៉េកស៊ូ អាច​នឹង​បន្ត​រីក​រាល​ដាល​ធ្ងន់ធ្ងរ បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​បាន​ឆាប់​ទេ​នោះ៖ «នៅ​តែ​បន្ត​ធ្វើ ហេតុ​អី​តាំង​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឥឡូវ​មក​ដល់​ថ្ងៃ​ទី២១ ហើយ ចុះ​ហេតុ​អី​ខាង​និយោជក​ហ្នឹង​អត់​មក​ទល់​មុខ​ជាមួយ​តំណាង​សហជីព និង​ពួក​ខ្ញុំ»

លោក​មើល​ឃើញ​ថា ទំនាស់​នៅ​រោងចក្រ វីនម៉េកស៊ូ ដែល​អូស​បន្លាយ​ពេល​ច្រើន​ថ្ងៃ និង​ឈាន​ដល់​បិទ​ផ្លូវ​ជាតិ​លេខ៣ រយៈពេល ២​ថ្ងៃ​មក​នេះ ដោយសារ​តែ​មន្ត្រី​ក្រសួង ឬ​មន្ទីរ​ពាក់ព័ន្ធ និង​ថៅកែ​រោងចក្រ​មិន​ចេញ​មុខ​ជួប​ចរចា​ជាមួយ​កម្មករ។

កម្មករ បាន​ឲ្យ​ដឹង​ថា ជម្លោះ​ការងារ​នៅ​រោងចក្រ វីនម៉េកស៊ូ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា មក​ម្ល៉េះ។ បន្ថែម​លើ​នេះ ក្រុម​កម្មករ​បាន​អះអាង​ថា បើ​គ្មាន​ដំណោះស្រាយ​ទេ ពួក​គេ​នឹង​នៅ​តែ​បន្ត​បិទ​ផ្លូវ​ជាតិ​លេខ​៣ នា​ថ្ងៃ​ស្អែក និង​ថ្ងៃ​បន្តបន្ទាប់​ទៀត រហូត​មាន​អាជ្ញាធរ​ពាក់ព័ន្ធ និង​ថៅកែ​ក្រុមហ៊ុន​ចេញ​មុខ​ដោះស្រាយ​ជូន​ពួក​គេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​រោងចក្រ វីនម៉េកស៊ូ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​តាកែវ ដើម្បី​បំភ្លឺ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី២១ ខែ​ឧសភា។

ប៉ុន្តែ កម្មករ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ម៉ោង ៤​ល្ងាច ថ្ងៃ​អង្គារ ពួក​គេ​បាន​បើក​ផ្លូវ​ជាតិ​លេខ​៣ ឲ្យ​មាន​ចរាចរ​ឡើង​វិញ បន្ទាប់​ពី​មាន​មន្ត្រី​ខេត្ត​តាកែវ បាន​មក​ជួប​កម្មករ និង​ធានា​រក​ដំណោះស្រាយ​វិវាទ​ជូន​កម្មករ នៅ​ថ្ងៃ​ពុធ ទី២២ ខែ​ឧសភា។

យ៉ាង​ណា​ក៏ដោយ ក្រុម​កម្មករ​រោងចក្រ វីនម៉េកស៊ូ បាន​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ និង​ជា​ពិសេស លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ត្រូវ​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួក​គេ​ឲ្យ​បាន​ឆាប់ ព្រោះ​ទំនាស់​នេះ​បាន​អូស​បន្លាយ​ជាង ២​សប្ដាហ៍​មក​ហើយៗ​ថៅកែ​រោងចក្រ​បាន​គេច​មិន​ជួប​ជាមួយ​កម្មករ ដើម្បី​បញ្ចប់​ជម្លោះ​ការងារ​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។