កម្មករជាង ៧០០នាក់ នៅរោងចក្រកាត់ដេរ ហុង សេន ថេកថាយ៍ ក្នុងខេត្តតាកែវ ធ្វើបាតុកម្មទាមទារប្រាក់ថែមម៉ោង និងសុំឲ្យថៅកែកុំបញ្ឈប់ការងារស្ត្រីជាមេសហជីពរបស់កម្មករចំនួន ២នាក់។
កម្មការិនីឈ្មោះ លីន ថ្លែងនៅថ្ងៃទី១៧ ខែឧសភា ថា ប្រាក់ឈ្នួលអប្បបរមារបស់រាជរដ្ឋាភិបាល តម្រូវឲ្យគ្រប់រោងចក្រនៅកម្ពុជា ត្រូវបើកឲ្យកម្មករក្នុងម្នាក់ គឺ ៨០ដុល្លារ ចាប់ពីខែឧសភា ឆ្នាំ២០១៣ តទៅ។ ប៉ុន្តែ នៅរោងចក្រ ហុង សេន ថេកថាយ៍ ផ្តល់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករម្នាក់តែ ៦៣ដុល្លារ ទេ ហើយកាត់យកវិញ ១០ដុល្លារ គឺបើកឲ្យតែ ៥៣ដុល្លារ។ ក្រៅពីកាត់ប្រាក់ខែ គណនេយ្យរបស់រោងចក្របានបំបាត់ម៉ោងធ្វើការបន្ថែមរបស់កម្មករ ដោយមានអ្នកខ្លះបាត់ ១៥ម៉ោង ខ្លះ ៥០ម៉ោង ខ្លះ ៧០ម៉ោង។ ចំពោះគាត់ បាត់លុយថែមម៉ោង ១៥ម៉ោងក្នុង ១ខែ៖ «បាត់លុយម៉ោង ពេលបើកប្រាក់ខែមក បាត់លុយថែមម៉ោង ខ្លះតវ៉ាបាន ខ្លះតវ៉ាអត់បាន ហើយតែតវ៉ាមិនស្រួល គេដេញចោលទៀត»។
កម្មការិនីឈ្មោះ ស៊ីម ថ្លែងថា ក្រៅពីបំបាត់លុយថែមម៉ោង ថៅកែបានបញ្ឈប់មេសហជីព ២នាក់ នៅថ្ងៃនេះ ទើបកម្មករអត់ចូលធ្វើការ ហើយអង្គុយនៅមុខរោងចក្រទាមទារឲ្យថៅកែទទួលយកស្ត្រីមេសហជីពទាំង ២នាក់ ឲ្យចូលធ្វើការវិញ៖ «ប្រើហើយបំបាត់ បើធ្វើបាន ៣០ម៉ោង អីហ្នឹង គេគិតឲ្យយើងបានតែ ១៥ម៉ោងទេ គឺបាត់»។
ប្រធានរដ្ឋបាលរោងចក្រកាត់ដេរ ហុង សេន ថេកថាយ៍ លោក តាំង តិចហេង ថ្លែងថា គាត់ទទួលស្គាល់ចំពោះការគិតប្រាក់ធ្វើការថែមម៉ោងខ្វះ។ គាត់កំពុងតែបញ្ជាទៅគណនេយ្យឲ្យគិតប្រាក់នោះបន្ថែមទៅកម្មករណាដែលតវ៉ាលុយថែមម៉ោង ដោយមានក្រដាសបញ្ជាក់ម៉ោងថែមនោះបានត្រឹមត្រូវ។ លោកបន្តថា ចំពោះការបញ្ឈប់មេសហជីពនោះ គឺមកពីមានការវាយគ្នារវាងមេដឹកនាំសហជីពស្ត្រី និងបុរសអ្នកមើលការងារក្នុងរោងចក្រនេះ កាលពីថ្ងៃទី១៦ ខែឧសភា។ ថៅកែរោងចក្របានបញ្ឈប់ជាស្ថាពរបុរសដែលបានវាយដំទៅលើតំណាងសហជីពជាស្ត្រី រួចសុំព្យួរការងារស្ត្រី ហ្វា ស៊ីម៉ាស តំណាងសហព័ន្ធសហជីពការងារដើម្បីកម្ពុជា។ ស្រាប់តែអនុប្រធានសហជីពនោះ គឺស្ត្រី កែវ ដាវី នាំកម្មករបះបោរមិនឲ្យធ្វើការនៅរសៀលថ្ងៃទី១៦ ខែឧសភា។ ដោយសារហេតុនេះហើយ បានជាថៅកែ បានសុំការអនុញ្ញាតពីមន្ទីរការងារខេត្តតាកែវ ព្យួរការងារប្រធាន និងអនុប្រធានសហជីពជាស្ត្រីទាំង ២នាក់ នោះតែម្តងទៅ។
លោក តាំង តិចហេង៖ «ជំហរខាងរោងចក្រ គឺគាត់មិនទាន់បញ្ឈប់ទេ គ្រាន់តែគាត់ព្យួរការងារជាបណ្ដោះអាសន្ន ដើម្បីសុំការអនុញ្ញាតទៅមន្ទីរការងារសិន។ អ៊ីចឹង ការសម្រេចយ៉ាងណា គឺស្ថិតនៅលើមន្ទីរការងារទេ មិនមែនស្ថិតនៅលើខាងរោងចក្រទេ»។
តំណាងសហព័ន្ធសហជីពការងារដើម្បីកម្ពុជា ប្រចាំរោងចក្រ ហុង សេន ថេកថាយ៍ អ្នកស្រី ហ្វា ស៊ីម៉ាស ថ្លែងថា បុរសអ្នកមើលការខុសត្រូវនៅរោងចក្រនេះ ដែលទើបចូលថ្មីបាន ១អាទិត្យ មកបង្កបញ្ហាជាមួយកម្មករ និងកម្មការិនី នៅពេលគាត់ទៅចរចាបានវាយមកលើគាត់។ ប៉ូលិសក្រុងដូនកែវ បានហៅទាំង ២នាក់ ទៅសម្រុះសម្រួលកាលពីរសៀលថ្ងៃទី១៦ ខែឧសភា។ នៅព្រឹកថ្ងៃទី១៧ ខែឧសភា គាត់ត្រូវថៅកែមិនឲ្យចូលធ្វើការ ទើបកម្មករនាំគ្នាកូដកម្មមិនចូលធ្វើការ។
រោងចក្រកាត់ដេរ ហុង សេន ថេកថាយ៍ មានទីតាំងនៅក្នុងភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ រោងចក្រនេះបានដំណើរការកាត់ដេរសម្លៀកបំពាក់សាច់យឺត មានកម្មករ និងបុគ្គលិកធ្វើការជាង ៧០០នាក់។
នៅក្នុងខេត្តតាកែវ នោះដែរ កម្មករប្រមាណ ៧០០នាក់ផ្សេងទៀតនៅរោងចក្រស្បែកជើង វីនមេក បន្តការតវ៉ាមិនចូលធ្វើដែរ ដោយទាមទារឲ្យថៅកែគោរពច្បាប់ការងារ និងទាមទារផលប្រយោជន៍កម្មករជាង ១០ចំណុច។
រហូតមកដល់ពេលនេះ កម្មករទាំង២រោងចក្រនោះបន្តការតវ៉ា ដោយមិនទាន់មានការដោះស្រាយនៅឡើយពីគ្រប់ស្ថាប័នពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
