ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឲ្យសហព័ន្ធសហជីពវិស័យកាត់ដេរចំនួន ៨ បញ្ជូនបញ្ជីឈ្មោះក្រុមហ៊ុន និងភស្តុតាងមួយចំនួនដែលចោទថា ថៅកែក្រុមហ៊ុនកាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ពីកម្មករ ក្នុងអំឡុងពេលដែលសមាគមរោងចក្រកាត់ដេរ ព្យួរការងារកម្មករកាលពីចុងឆ្នាំ២០១៣ ជាពេលដែលមានបាតុកម្មតវ៉ាទាមទារប្រាក់ឈ្នួល ១៦០ដុល្លារនោះ។
សហព័ន្ធសហជីពវិស័យកាត់ដេរមួយចំនួនបានត្រៀមដាក់ឯកសារបញ្ជីឈ្មោះក្រុមហ៊ុន និងភស្តុតាងពីថៅកែក្រុមហ៊ុនដែលបានកាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ពីកម្មករ ទៅរដ្ឋមន្ត្រីក្រសួងការងារនៅក្នុងសប្ដាហ៍នេះ ដើម្បីទទួលបានការអន្តរាគមន៍បើកប្រាក់សងកម្មករវិញ នៅមុនរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន់ មានប្រសាសន៍នៅថ្ងៃទី១៨ មីនា ថា លោកបានត្រៀមជាស្រេចចំពោះឯកសារភស្តុតាងដើម្បីដាក់ជូនក្រសួងឲ្យមានមូលដ្ឋានក្នុងការដោះស្រាយបាន ៧០% ហើយ។ លោកថា រហូតមកដល់ពេលនេះ មានរោងចក្រជាង ៥០ ដែលសមាជិកសហជីពកំពុងបំពេញការងារបានរកឃើញថា បានកាត់ប្រាក់ឈ្នួលនិងប្រាក់រង្វាន់ពីកម្មករ។
លោក អាត់ ធន់៖ «ក្រសួងបានចេញលិខិតផ្លូវការហ្នឹងឲ្យយើងទាំងអស់គ្នាបញ្ជូនឈ្មោះក្រុមហ៊ុនណាដែលកាត់លុយកម្មករក្នុងពេលហ្នឹងដើម្បីដាក់ទៅ ហើយក្រសួងគេនឹងធ្វើការជាមួយជីម៉ាក (GMAC) ក្នុងករណីធ្វើមិនបានយើងនឹងប្ដឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយក៏ដូចជាទៅទីផ្សារ ឬក៏ទៅតុលាការតទៀត។ សហជីពទាំង៨ និងសហជីពផ្សេងៗទៀត ហើយកម្មករនៅរោងចក្រណាក៏ដោយ ដែលគេកាត់លុយក្នុងកំឡុងពេលហ្នឹង ព្រោះក្រុមហ៊ុនហ្នឹងគេអ្នកចេញលិខិតព្យួរអ៊ីចឹងត្រូវតែគិតលុយឲ្យកម្មករវិញតាមមាត្រា ៧១ នៃច្បាប់ការងារ»។
ការថ្លែងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានផ្ញើលិខិតមួយនៅថ្ងៃទី៧ មីនា ត្រឡប់ទៅសហព័ន្ធសហជីពចំនួន ៨ វិញ ដែលកាលពីថ្ងៃទី៦ កុម្ភៈ ពួកគេបានស្នើឲ្យក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរ អន្តរាគមន៍ទៅថៅកែក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ជូនកម្មករវិញ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ជាពេលដែលសមាគមរោងចក្រកាត់ដេរ ឬហៅថា ជីម៉ាក ព្យួរការងារនោះ។
នៅក្នុងលិខិតពីក្រសួងការងារដដែល បានតម្រូវឲ្យសហព័ន្ធសហជីពចំនួន ៨ គឺសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សហព័ន្ធសហជីពយុវជនឯករាជ្យ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា សម្ព័ន្ធសហជីពចលនាកម្មករ សហព័ន្ធសហជីពមិត្តភាពកម្មករ សម្ព័ន្ធសហជីពជាតិ និងសម្ព័ន្ធសហជីពកម្ពុជា ផ្ដល់បញ្ជីឈ្មោះក្រុមហ៊ុន និងភស្តុតាងជាក់ស្ដែងមកក្រសួង ដើម្បីឲ្យក្រសួងមានមូលដ្ឋានក្នុងការដោះស្រាយតាមនីតិវិធី។
ទាក់ទងបញ្ហានេះ មន្ត្រីពីសមាគមរោងចក្រកាត់ដេរ ពុំអត្ថាធិប្បាយឡើយដោយថា ពុំទាន់បានឃើញលិខិតពីក្រសួងការងារនៅឡើយ។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ សមាគមរោងចក្រកាត់ដេរបានចេញលិខិតព្យួរការងារកម្មករបណ្ដោះអាសន្ន ដែលកាលណោះ ក្រុមកម្មករបានប្រតិកម្មចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលដែលថា នឹងដំឡើងប្រាក់ខែគោលឲ្យកម្មករពី ៧៥ដុល្លារ ទៅ ១០០ដុល្លារក្នុងមួយខែ។ បន្ទាប់ពីមានការសម្រេចរបស់រដ្ឋាភិបាលនេះហើយ ទើបផ្ទុះការតវ៉ានៅតាមរោងចក្រស្ទើរពាសពេញខេត្តក្រុង ទាមទារប្រាក់ខែគោលចំនួន ១៦០ដុល្លារក្នុងមួយខែ រហូតដល់មានការបង្ក្រាបរបស់កងកម្លាំងរដ្ឋាភិបាលដែលធ្វើឲ្យកម្មករស្លាប់ចំនួន ៥នាក់ របួសជិត ៤០នាក់ និងចាប់ដាក់ពន្ធនាគារចំនួន ២៣នាក់ ហើយដោះលែងវិញចំនួន ២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
