មន្ត្រីសមាគមរោងចក្រកាត់ដេរកម្ពុជា បារម្ភអំពីការធ្លាក់ចុះអ្នកបញ្ជាទិញផលិតផលកាត់ដេរពីក្រៅប្រទេសនៅក្នុងរយៈពេលចន្លោះពី ៣ ទៅ ៦ខែខាងមុខ។ សមាគមកាត់ដេរបារម្ភខ្លាចអាចការខ្វះអ្នកបញ្ជាទិញនេះ នាំឲ្យរោងចក្រមួយចំនួនបិទទ្វារ និងកម្មករអត់ការងារធ្វើនៅថ្ងៃអនាគត។
លោក កេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ថា ការធ្វើបាតុកម្មខុសច្បាប់របស់កម្មកររោងចក្រ ជាដើមហេតុនាំឲ្យអ្នកបញ្ជាទិញទំនិញពីក្រៅប្រទេសធ្លាក់ចុះ។ លោកបន្តថា ចាប់ពីខែមករា ដើមឆ្នាំ២០១៤ មក ការបញ្ជាទិញទំនិញពីក្រៅប្រទេសធ្លាក់ចុះ ប៉ុន្តែតំណាងសមាគមរោងចក្រកាត់ដេររូបនេះមិនបញ្ជាក់ថា ការធ្លាក់ចុះការបញ្ជាទិញនោះមានត្រឹមកម្រិតណាទេ។
លោក កេន លូ ព្រួយបារម្ភថា បើក្នុងរយៈពេលចន្លោះពី ៣ ទៅ ៦ខែទៀត អ្នកបញ្ជាទិញពីក្រៅប្រទេសបានកាត់បន្ថយទិញទំនិញពីកម្ពុជា ទំនងរោងចក្រមួយចំនួនត្រូវបិទទ្វារ ហើយកម្មករក៏អត់ការងារធ្វើទៅតាមនោះដែរ៖ «បើថាសកម្មភាពវាអត់ល្អ វាតទៅទៀត អាចថារោងចក្រ ត្រូវតែបិទទ្វារឥឡូវក៏មានដែរ។ សំខាន់ត្រង់ថា ក្នុងរយៈពេល ៣ខែ ទៅ ៦ខែខាងមុខ យើងត្រូវធ្វើម៉េចកុំឲ្យអ្នកកុម្ម៉ង់ទិញ ឬបាយ័រគេបារម្ភទៀត។ ឲ្យគេទុកចិត្តថា ស្រុកខ្មែរគេអាចទិញអីវ៉ាន់បានច្រើន។ រាល់ថ្ងៃនេះយើងឃើញថា មានសហជីពមួយចំនួនបានគំរាមកំហែងធ្វើកូដកម្ម បាតុកម្ម នៅទាំងប្រទេសៗ។ តើយើងមានលទ្ធភាពទេ ហើយឥឡូវកម្មករគេដឹង និងលែងធ្វើហើយ។ ប៉ុន្តែអ្នកបញ្ជាទិញគេអត់ដឹងទេ គឺគេនៅស្រុកក្រៅ»។
តំណាងភាគីរោងចក្ររូបនេះថ្លែងថា ការទាមទារដំឡើងប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗខ្ពស់ហួសហេតុ និងមិនស្របច្បាប់ គឺនាំឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មក្នុងវិស័យកាត់ដេរនៅកម្ពុជា។
ឆ្លើយតបបញ្ហានេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ឬហៅកាត់ ស៊ីខាវឌូ (C-CAWDU) ឲ្យដឹងថា ការធ្លាក់ចុះការបញ្ជាទិញទំនិញ ឬរោងចក្រត្រូវបិទទ្វារ គឺដោយសារភាគីថៅកែរោងចក្ររំលោភសិទ្ធិកម្មករ។ ជាងនេះ ថៅកែរោងចក្រ និងរដ្ឋាភិបាលមិនបានដោះស្រាយការទាមទារដំឡើងប្រាក់ខែជូនកម្មករឲ្យបានសមរម្យនៅឡើយទេរហូតមកដល់ពេលនេះ។
លោក អាត់ ធន់ បញ្ជាក់ថា បើបញ្ហាប្រាក់ខែកម្មករមិនបានដោះស្រាយទេ គឺអ្នកបញ្ជាទិញនៅក្រៅប្រទេសនឹងឈប់កុម្ម៉ង់ទិញទំនិញពីកម្ពុជា ទ្រង់ទ្រាយធំនៅថ្ងៃអនាគត៖ «បើមិនព្រមដោះស្រាយប្រាក់ឈ្នួល បើមិនបានសងជំងឺចិត្តទៅដល់កម្មករស្លាប់ និងរងរបួសទេ គឺអ្នកបញ្ជាទិញទាំងអស់ហ្នឹងគេពិបាកក្នុងការកុម្ម៉ង់ទិញទំនិញពីស្រុកខ្មែរណាស់។ ដោយសារតែគេឈ្មោះទាំងនេះល្បីសុះសាយនៅលើអន្តរជាតិ ហើយគេពិបាកនឹងលក់អីវ៉ាន់គេដាច់ណាស់។ អ៊ីចឹងបានជាកាលពីថ្ងៃទី២៦ ខែឧសភា ហ្នឹងអ្នកបញ្ជាទិញគេបានមកស្រុកខ្មែរចុងក្រោយ ហើយគេបានដាក់ឱសានវាទដល់ក្រុមហ៊ុនអ្នកផលិត និងខាងរដ្ឋាភិបាលដែរថា ត្រូវតែដោះស្រាយ ទើបមានការដោះលែងមនុស្សចំនួន ២១នាក់ និងអ្នកផ្សេងទៀត។ ការដោះលែងនេះ គឺមិនទាន់មានការដកការចោទប្រកាន់ ឬក៏មិនទាន់ដោះស្រាយបញ្ហាផ្សេងៗទៀតទេ។ អ៊ីចឹងបានន័យថាស្ថានភាពវាគ្រាន់តែបានធូរស្រាលបន្តិចមែន ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយទេ។ អ៊ីចឹងកម្មវត្ថុហ្នឹងជាកម្មវត្ថុរបស់អ្នកបញ្ជាទិញទាំងអស់ហ្នឹង»។
រោងចក្រកាត់ដេរសម្លៀកបំពាក់និងដេរស្បែកជើងដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សរុបមានចំនួន ៥៣៧រោងចក្រ។ ក្នុងនោះរោងចក្រកាត់ដេរមានចំនួន ៤៨៥ និងរោងចក្រដេរស្បែកជើងមានចំនួន ៥២រោងចក្រ។
សេចក្ដីថ្លែងការណ៍របស់សហព័ន្ធសហជីព និងសមាគមចុះថ្ងៃទី២៣ ខែមិថុនា បង្ហាញថា នឹងមានមហាបាតុកម្មទ្រង់ទ្រាយធំជាថ្មីទៀតនាថ្ងៃអនាគត បើរដ្ឋាភិបាលនិងថៅកែរោងចក្រកាត់ដេរ មិនលុបចោលនូវបម្រាមនៃការជួបជុំជាសាធារណៈ និងត្រូវស្វែងរកចាប់ខ្លួនជនល្មើសបាញ់ និងប្រើអំពើហិង្សាមកលើកម្មករ កាលពីថ្ងៃទី២-៣ ខែមករា យកមកផ្ដន្ទាទោស និងមិនពិចារណាដំឡើងប្រាក់ខែកម្មករឲ្យបានសមរម្យទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
